រមណីយដ្ឋាន​ភ្នំ​យ៉ា​តកំពុង​តែ​បញ្ចេញ​ពណ៌​ខៀវស្រងាត់


ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​នៅ​ឆ្នាំ​២០១៨​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ដំណាំ​គ្រប់​ប្រភេទ​នៅ​តាម​ចម្ការ​ដុះ​លូតលាស់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ធ្វើ​ឱ្យ​ដើម​រុក្ខជាតិ​ដែល​មាននៅ​តំបន់​រមណីយដ្ឋាន​ភ្នំ​យ៉ា​ត កំពុង​តែ​បញ្ចេញ​ពណ៌​ខៀវស្រងាត់​ងាយស្រួល​ក្នុង​ការ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ភ្ញៀវ​ទេសចរ​ឱ្យ​ចូល​ទៅ​លេង​កម្សាន្ត ។

ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​ឥឡូវនេះ​ព្រៃឈើ​នៅ​ជុំវិញ​ជើងភ្នំ​យ៉ា​ត និង​លើ​កំពូលភ្នំ​យ៉ា​ត សុទ្ធតែ​ខៀវខ្ចី​ស្រស់បំព្រង ហើយ​ពេល​មុន​ពិធីបុណ្យ​ទាន​ម្តង​ៗ ទាំង​អ្នក​រស់នៅ​ជិត​ឆ្ងាយ​ឧស្សាហ៍​ជិះ​ម៉ូតូ និង​បើកបរ​រថយន្ត​ឡើង​ទៅ​លេង​កម្សាន្ត​នៅ​ទីនោះ​ឥត​ដាច់ ។ លើស​ពី​នេះ​នៅ​ជុំវិញ​ភ្នំ​ក៏​មាន​ផ្លូវ​ចាក់​បេតុង​យ៉ាង​ល្អ នរណា​ៗ​ក៏​ចង់ទៅ​អង្គុយ​លេង​នៅ​លើ​ភ្នំ​កម្សាន្ត​សប្បាយ ជា​ពិសេស​នៅ​ពេល​ល្ងាច​ៗ​ចុង​ស​ប្តា​ហ៍ អ្នកខ្លះ​នាំ​ប្រពន្ធ​កូន​ទៅ​អង្គុយ​ហូប​នំចំណី​ដែល​អាជីវករ​យក​ទៅ​ដាក់​លក់​នៅ​កន្លែង​វាលទំនាប​ចង្កេះភ្នំ​រហូត​ដល់​ងងឹត​បន្តិច​ទើប​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ ។

ប្រជាពលរដ្ឋ​បន្ត​ទៀត​ថា ព្រៃឈើ​នៅ​តាម​ភ្នំ​ផ្សេង​ៗ​ក្នុង​ខេត្ត​ត្រូវ​បាន​គេ​កាប់​យក​ដី​ដាំ​ដំណាំ​អស់ហើយ តែ​ដោយឡែក​នៅ​លើ​ភ្នំ​យ៉ា​ត​ត្រូវ​បាន​ព្រះសង្ឃ​ក៏​ដូច​ជា អាជ្ញាធរ​បាន​ថែរក្សា​ដោយ​នាំ​គ្នា​ដាំ​បន្ថែម​ទៀត​បាន​ដុះ​លូតលាស់​យ៉ាង​ល្អ​បង្កើត​នូវ​ទេសភាព​ស្រស់​ស្អាត បើ​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​គេ​នាំ​គ្នា​ថត​បង្ហោះ​មើលទៅ​គួរ​ឱ្យ​ចាប់អារម្មណ៍​តែ​ម្តង ។

ប៉ុន្តែ​នៅ​លើ​ភ្នំ​យ៉ា​ត​នេះ​ក៏​មិនសូវ​ឃើញ​មាន​ដើមឈើ​ធំ​ៗ​ប៉ុន្មាន​ដែរ ប្រហែលជា​គេ​ទើបនឹង​ដាំ​ហើយ បើ​យើង​នាំ​គ្នា​ថែរក្សា​រហូត​ដល់​រុក្ខជាតិ​ទាំងនោះ​លូតលាស់​ធំ​ៗ​ល្អ ពិតជា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ឱ្យ​ចូល​ទៅ​លេង​កម្សាន្ត​យ៉ាងច្រើន​កុះករ ។ ក្នុង​នោះ​ក៏​មាន​ឈើប្រណិត​ខ្លះ​ៗ​នៅ​លើ​កំពូលភ្នំ រីឯ​នៅ​តាម​ចង្កេះភ្នំ​ឃើញ​មាន​តែព្រៃ​របោះ​ប៉ុណ្ណោះ ។

សូម​បញ្ជាក់​ថា កាលពី​ឆ្នាំ​មុន​នៅ​ភាគ​ខាងលិច​ភ្នំ​យ៉ា​ត​អាជ្ញាធរ​បាន​នាំ​គ្នា​យក​កូន​ឈើ​ជា​ច្រើន​ដូច​ជា បេង នាងនួន គ្រញូង និង​កូន​ឈើ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ទៅ​ដាំ ហើយ​រហូត​មក​ដល់​ពេល​នេះ​ប្រហែលជា​នៅ​សល់​ខ្លះ​ៗ ហើយ​បើ​គេ​នាំ​គ្នា​ថែរក្សា​បាន​ល្អ​នៅ​ថ្ងៃ​ខាង​មុខ​នឹង​មាន​ម្លប់ឈើ​សម្រាប់​ភ្ញៀវ​អង្គុយ​លេង​កម្សាន្ត​ក៏​ដូច​ជា​ទាក់ទាញ​អាកាសធាតុ​ឱ្យ​មាន​លំនឹង​ផង​ដែរ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ទេសចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ