រាជធានីភ្នំពេញ ៖ ការផលិត និងចាក់ផ្សាយបទចម្រៀងខារ៉ាអូខេ ភាពយន្ត វីដេអូ ដែលយកគ្រឿងស្រវឹងធ្វើជាគុណសម្បត្តិក្នុងការដោះស្រាយវិបត្តិ បំភ្លេចទុក្ខកង្វល់ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងអាកប្បកិរិយាយុវជន និងសង្គម ។ ដូច្នេះហើយកាលពីថ្ងៃទី៧ ឧសភា ឆ្នាំ២០១៨ លោកខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញសេចក្តីណែនាំមួយដល់អ្នកពាក់ព័ន្ធកុំឱ្យផលិតក្នុងរូបភាពបែបនោះ ។
សេចក្តីណែនាំរបស់ក្រសួងព័ត៌មានលើកឡើងសម្តៅម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងម្ចាស់ក្រុមហ៊ុនផលិតកម្មភាពយន្ត វីដេអូទាំងអស់ថា កន្លងមកក្រសួងព័ត៌មានបានសង្កេតឃើញម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍មួយចំនួនចាក់ផ្សាយបទចម្រៀងខារ៉ាអូខេ ភាពយន្ត វីដេអូ ដែលបង្ហាញពីតួអង្គមានវិបត្តិផ្លូវចិត្ត ជាពិសេសក្នុងស្រទាប់យុវវ័យដែលមានវិបត្តិស្នេហា បានជ្រើសរើសយកមធ្យោបាយប្រើប្រាស់គ្រឿងស្រវឹងធ្វើជាគុណសម្បត្តិ ដើម្បីដោះស្រាយបញ្ហាបំភ្លេចទុក្ខសោក ។
ការបង្ហាញរូបភាពបែបនេះ បានជះឥទ្ធិពលអាក្រក់ដល់សង្គមខ្មែរ ជាពិសេសក្នុងស្រទាប់យុវជនដែលពុំទាន់មានមូលដ្ឋានក្នុងការពិចារណា មានការភាន់ច្រឡំ នៅពេលដែលពួកគេជួបប្រទះវិបត្តិបានសម្រេចចិត្តប្រើប្រាស់គ្រឿងស្រវឹងធ្វើជាមធ្យោបាយដោះស្រាយបញ្ហាបំភ្លេចទុក្ខកង្វល់រហូតបាត់បង់សតិឈានទៅរកការប្រើប្រាស់គ្រឿងញៀន ការប្រព្រឹត្តអំពើហិង្សាធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងសណ្តាប់ធ្នាប់សង្គម ។
ដើម្បីចៀសវាងផលអវិជ្ជមានបែបនោះ ក្រសួងព័ត៌មានបានណែនាំដល់ម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ និងម្ចាស់ផលិតកម្មភាពយន្ត វីដេអូ ដែលតែងតែនិពន្ធបទចម្រៀង ឬភាពយន្ត វីដេអូ សាច់រឿងតួអង្គមានវិបត្តិផ្លូវចិត្ត ត្រូវបង្ហាញវិធីដោះស្រាយសមស្រប ឬការអប់រំផ្លូវចិត្ត ឬការតាំងសមាធិធ្វើជាមធ្យោបាយដោះស្រាយបញ្ហា ប្រសើរជាងការបង្ហាញរូបភាពប្រើប្រាស់គ្រឿងស្រវឹង ដើម្បីដោះស្រាយបញ្ហាបំបាត់ទុក្ខសោករបស់តួអង្គ ។
ក្នុងករណីម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ឬម្ចាស់ផលិតកម្មណាមិនអនុវត្តតាមសេចក្តីជូនដំណឹង ក្រសួងព័ត៌មាននឹងមិនអនុញ្ញាតឱ្យចាក់ផ្សាយបទចម្រៀង ឬសាច់រឿងបែបនេះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយឡើយ ៕
ចែករំលែកព័តមាននេះ