រាជធានីភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មានឲ្យដឹងថា “ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានប្រកាសអាសន្ន ចំពោះការប៉ះពាល់ដល់ជីវិតប្រជាជនស៊ីវិល ក្នុងជម្លោះកម្ពុជា-ថៃ ។

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) សូមជម្រាបជូនដល់បណ្តាសារព័ត៌មានជាតិ និងអន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់មេត្តាជ្រាបថា នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ឧត្តមស្នងការអង្គការ សហប្រជាជាតិសិទ្ធិមនុស្ស ឯកឧត្តម Volker Türk បានបង្ហាញការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពីបានទទួល របាយការណ៍ ស្តីពីការរីករាលដាល នៃជម្លោះរវាងកម្ពុជា-ថៃ និងការវាយប្រហារ ដោយប្រើប្រាស់យន្តហោះ ចម្បាំង F-16 ដូន និងអាវុធធុនធ្ងន់ នៅក្នុងនិងជុំវិញតំបន់មានប្រជាជនស៊ីវិលរស់នៅ រួមមានភូមិជាច្រើន និងតំបន់បេតិកភណ្ឌវប្បធម៌ ព្រមទាំងបានបណ្តាលឱ្យមានប្រជាជនស៊ីវិលស្លាប់បាត់បង់ជីវិត ។
ឯកឧត្តម បានរម្លឹកថា យោងតាមច្បាប់មនុស្សធម៌អន្តរជាតិ ការការពារប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល គឺជាការចាំបាច់បំផុត ព្រមទាំងបានអំពាវនាវឱ្យមានការជម្លៀសប្រជាជនស៊ីវិលចម្រុះជាតិសាសន៍ ជាប់នៅក្នុងអគារ និងតំបន់កាស៊ីណូ ដែលរងការវាយប្រហារ ។
ទន្ទឹមនេះ ឯកឧត្តមបានគូសបញ្ជាក់ថា រាល់ការវាយប្រហារ ត្រូវគោរពតាមគោលការណ៍ជាមូលដ្ឋាន ដូចមានចែងក្នុងច្បាប់មនុស្សធម៌អន្តរជាតិ ដូចជាត្រូវមានការ បែងចែកគោលដៅ ភាពចាំបាច់ និងសមាមាត្រ ព្រមទាំងមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារប្រជាជន ស៊ីវិល ។
ឯកឧត្តម Volker Türk បានអំពាវនាវឱ្យភាគីទាំងសងខាង បញ្ឈប់ការវាយប្រហារជាបន្ទាន់ និងវិលត្រឡប់មករកកិច្ចសន្ទនាវិញ ស្របតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូរឡាឡាំពួ ។
ឯកឧត្តមបានបញ្ជាក់ បន្ថែមថា ក្រុមការងាររបស់ឯកឧត្តម ត្រៀមខ្លួនរួចរាល់ក្នុងការជួយកសាងទំនុកចិត្ត និងធានាថា ការការពារ ជីវិត និងសុខុមាលភាពរបស់ប្រជាជនស៊ីវិល គឺជាអាទិភាព៕
Screenshot
ចែករំលែកព័តមាននេះ