ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកភូមិ​​នាំគ្នាធ្វើពិធីបន់ស្រន់​ដាក់​បណ្តា​សា​…

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ប្រជា​សហគមន៍​រស់នៅ​ភូមិ​ឈូ​ល ​(​ថង​ប៉ា​ង​) ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក បាន​នាំ​គ្នា​ធ្វើ​ពិធី​បន់ស្រន់​ដល់​អ្នកតា​ព្រៃ​ភ្នំ និង​ដាក់​បណ្តាសា​ដល់​ក្រុម​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ដី​ត្រណម​កប់​សព​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច កាលពី​ថ្ងៃ​ទី​៦ ឧសភា…

ខេត្តមណ្ឌលគិរី ៖ ប្រជា​សហគមន៍​រស់នៅ​ភូមិ​ឈូ​ល ​(​ថង​ប៉ា​ង​) ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក បាន​នាំ​គ្នា​ធ្វើ​ពិធី​បន់ស្រន់​ដល់​អ្នកតា​ព្រៃ​ភ្នំ និង​ដាក់​បណ្តាសា​ដល់​ក្រុម​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ដី​ត្រណម​កប់​សព​របស់​បងប្អូន​ជនជាតិ​ដើម​ភាគតិច កាលពី​ថ្ងៃ​ទី​៦ ឧសភា ព្រោះ​ថ្មី​ៗ​នេះ​មាន​សកម្មភាព​ចូល​កាប់​ឈើ​ជា​បន្តបន្ទាប់​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក បន្លំ​ជាមួយ​ឈើ​ដែល​គេ​ដេញថ្លៃ​បាន​ពី​ក្រសួងកសិកម្ម ។

លោក ឡា គី​ន រស់នៅ​ឃុំ​ស្រែ​ហ៊ុយ បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣ ឧសភា លោក ភឿ​ក មុន្នី បាន​សុំ​ខ្ទី​ដី​ពី​សហគមន៍​ទំហំ​២​ហិ​កតា ក្នុងភូមិ​ឈូ​ល ជាប់​ព្រៃ​កប់​សព ដើម្បី​ធ្វើ​ទីតាំង​ស្តុ​ប​ឈើ​បណ្តោះអាសន្ន ដោយ​ធ្វើ​កិច្ចសន្យា រយៈពេល​២​ឆ្នាំ ចាប់ពី​ថ្ងៃ​ទី​៣ ឧសភា ២០១៨ រហូត​ដល់​ថ្ងៃ​ទី​៣ ឧសភា ២០២០ នឹង​ប្រគល់​ឲ្យ​អ្នក​ភូមិ​វិញ ។

ប្រភព​ដដែល​បន្ត​ថា ចាប់ពី​ថ្ងៃ​ទី​៣ ឧសភា ក្រោយ​ធ្វើ​កិច្ចសន្យា​សុំ​ខ្ទី​ដី​រួច ស្រាប់តែ​មាន​មនុស្ស​រាប់​សិប​នាក់ រួម​នឹង​រថយន្ត​កែ​ច្នៃ គោ​យន្ត​កន្ត្រៃ និង​រណារ​យន្ត​រាប់​សិប​គ្រឿង បាន​ចូល​ទៅ​កាប់​ផ្តួល​ឈើ​ក្នុង​តំបន់​ព្រៃ​សហ​គមន៍​រើស​យក​ដើមឈើ​ធំ​ៗ​ដូច​ជា សុ​ក្រំ ផ្ទឹ​ក​…​ប្រមូល​ទៅ​ទុក​នៅ​ចំណុច​ជិត​ដី​កប់​សព ។ សកម្មភាព​ក្រុម​ឈ្មួញ​ឈើ​ខាងលើ​ត្រូវ​បាន​អ្នក​ភូមិ​អះអាង​ថា បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជំនឿ​របស់​អ្នក​ភូមិ ជា​ពិសេស​គឺ​ដី​ព្រៃ​ត្រណម​កប់​សព​ដែល​តម្រូវ​ឲ្យ​ពួក​គាត់​ត្រូវធ្វើ​ពិធីសែនព្រេន​ដល់​អា​រុក្ខ​អារក្សអ្នកតា កុំ​ឲ្យ​ខឹង​ដល់​អ្នក​ភូមិ​ដែល​អនុញ្ញាត​ឲ្យ​មាន​មនុស្ស​ចូល​ទៅ​តំបន់​នោះ ។

សហ​មគ​ន៍​ភូមិ​ឈូ​ល បាន​ស្នើ​ដល់​អាជ្ញាធរ​ខេត្ត​ជួយ​ពិនិត្យ​លើ​ករណី​នេះ​ផង ព្រោះ​នៅ​ពេល​ដែល​លោក​ភឿ​ក មុន្នី សុំ​ខ្ទី​ដី​ពី​សហគមន៍​បាន​ធ្វើ​កិច្ចសន្យា​ត្រឹម​ធ្វើ​ជាទី​តាំង​ស្តុ​ប​ឈើ​ចាស់​ដែល​ដឹក​មក​ពី​ព្រំដែន​ប៉ុណ្ណោះ តែ​បែរជា​នាំ​គ្នា​ចូល​កាប់​ឈើ​ថ្មី ក្នុង​ព្រៃ​សហគមន៍​យ៉ាង​គគ្រឹកគគ្រេង​ទៅ​វិញ​។ ហើយ​ថែម​ទាំង​បម្រុង​នឹង​ឈូស​​ឆាយដី​ព្រៃ​ដែល​មាន​កប់​សព​តាំងពី​ដូនតា​មក ដោយ​គេ​មិន​ទៅ​ធ្វើ​នៅ​កន្លែង​ដែល​មាន​ដី​ស្រឡះ និង​រាបស្មើ​ទេ ។

ទាក់ទិន​ករណី​នេះ​លោក ភឿ​ក មុន្នី បាន​ឲ្យ​ដឹង​ថា លោក​បាន​ទទួល​ការ​អនុញ្ញាត​ពី​ខេត្ត ដើម្បី​ប្រមូល​ឈើ​ដែល​ដេញថ្លៃ​បាន​ពី​តំបន់​ព្រំដែន ប៉ុស្តិ៍​អូរ​រ៉ូ ចំនួន​១.៨៧២​ម៉ែត្រគូប យក​ទៅ​ស្តុក​ទុក​នៅ​លើ​ទីតាំង​ដី​សម្បទាន​សង្គមកិច្ច​របស់​យោធា ។ លោក​មុន្នី បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​មិន​បាន​ឲ្យ​ប្រជាជន​ណា​ម្នាក់​ចូល​ទៅ​កាប់​ឈើ​ឲ្យ​លោក​ទេ ។

បើ​តាម​ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​សហគមន៍​ភូមិ​ឈូ​ល​បាន​និយាយ​ថា ពួក​គាត់​ត្រូវ​បាន​មេការ​ឈ្មោះ ថុ​ល និង​ឈ្មោះ ចែ គា ជា​អ្នក​ចេញ​មុខ​ជួយ​សម្រួល​លើ​ការ​កាប់​ឈើ​ក្នុង​តំបន់ ដើម្បី​លក់​ឲ្យ​ក្រុមហ៊ុន​របស់​ឈ្មោះ មុន្នី ក្នុង​មួយ​ម៉ែត្រគូប​តម្លៃ​៣៥០ ០០០​រៀល ។ យោង​តាម​លិខិត​របស់​ក្រសួងបរិស្ថាន លេខ​៣៩៣ ស​ជ​ណ ប​.​ស្ថ ចុះ​ថ្ងៃ​ទី​២៤ មេ​សា ២០១៨ បាន​ឲ្យ​ដឹង​ថា ការ​ដឹក​ជញ្ជូន​ឈើ​ដែល​លោក ភឿ​ក មុន្នី ដេញថ្លៃ​បាន​យក​ចេញពី​តំបន់​អូ​រ៉ូ ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ត្រូវ​គោរព​តាម​គោលការណ៍​៖

១-​មិន​អនុញ្ញាត​ឲ្យ​ដឹកឈើ​កាត់​តាម​តំបន់​ស្នូល នៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​នោះ​ទេ ប៉ុន្តែ​ការ​ដឹក​ជញ្ជូន​ឈើ​ត្រូវ​កាត់​តាម​ផ្លូវ​ប៉ុស្តិ៍​អង្កេត​ការណ៍​អូរ​រ៉​យ មក​ដល់​ទន្លេស្រែពក ទល់មុខ​ប៉ុស្តិ៍​១៤ រួច​ដឹក​ជញ្ជូន​តាម​ផ្លូវ​ក្រោយ ឆ្លងកាត់​ភូមិ​កោះ​ម្យើ​ល​លើ ។
២-​មិន​អនុញ្ញាត​ឲ្យ​បង្កើត​ទីតាំង​កែ​ច្នៃ​ឈើ​នៅ​ក្នុង ឬ​ក្បែរ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​ទេ​។
៣-​មិន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​រណារ​យន្ត​គ្រប់​ប្រភេទ​។ តែ​ជាក់ស្តែង​គេ​សង្កេត​ឃើញ​ថា ក្រោយ​ទទួល​បានការ​យល់ព្រម​ពី​សហគមន៍​ឲ្យ​ខ្ចី​ដី​សម្រាប់​ធ្វើ​ឃ្លាំង​ស្តុ​ប​ឈើ បែរជា​ឃើញ​មាន​រណារ​យន្ត និង​រថយន្ត​កែ​ច្នៃ​ជា​ច្រើន​គ្រឿង​សម្រុកចូល​ទៅ​អារច្រៀក​ឈើ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​យក​ទៅ​ស្តុ​ប​នៅ​កន្លែង​ដែល​លោក​ភឿ​ក មុន្នី អះអាង​ថា ស្តុ​ប​ឈើ​ដែល​ដេញថ្លៃ​បាន ដែល​ករណី​នេះ​ផ្ទុយ​ពី​លិខិត​របស់​ក្រសួងបរិស្ថាន​ទៅ​វិញ ។

ក្រុម​អ្នក​តាមដាន​បរិស្ថាន​បាន​និយាយ​ថា ករណី​ខាងលើ​នេះ​មិន​ខុស​ពី​កន្ទេល​ធំ​បន្លំ​ដេក​នោះ​ទេ ខណៈ​ការ​ដេញថ្លៃ​ឈើ​ពី​រដ្ឋ​សុទ្ធ​សឹង​ជា​ឈើ​ចាស់​ៗ បែក ប្រះ ស្រាំ ហើយ​ឈ្មួញ​នៅ​តែ​ហ៊ាន​ដេញថ្លៃ​យក​ក្នុង​តម្លៃ​ខ្ពស់ ព្រោះតែ​គេ​មើលឃើញ​ពី​ផល​ចំណេញ​លើ​ច្បាប់​ដែល​ដេញថ្លៃ​បាន​នោះ ។ ប្រភព​ដដែល​បាន​បន្ត​ថា អាច​ជា​រឿង​សាមញ្ញ​ទៅ​ហើយ ដែល​មាន​អ្នក​ដេញថ្លៃ​ឈើ​ចាស់​ពី​រដ្ឋ រួច​លួច​ប្រមូល​ឈើ​ថ្មី​ពី​ក្រៅ​បន្លំ​ជាមួយ​ឈើ​មានច្បាប់ ដើម្បី​ដឹក​ទៅ​លក់​ក្រៅប្រទេស ហើយ​ករណី​បែប​នេះ​បាន​កើត​មាន​ជា​រឿយ​ៗ​នៅ​តំបន់​ដែល​សម្បូរ​ព្រៃឈើ ខណៈ​មន្ត្រី​ជំនាញ​ហាក់​នៅ​មាន​កម្រិត​លើ​ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ព្រៃឈើ ឬ​អាច​ហៅ​បាន​ថា ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។

ទោះជា​យ៉ាងណា​ ប្រជាពលរដ្ឋ​បាន​ទទូច​ដល់​អាជ្ញាធរ​ជា​ពិសេស​មន្ត្រី​ជំនាញ មេត្តា​ចុះ​បង្ក្រាប​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​ដែន​ជម្រក​ការពារ​សត្វព្រៃ​ស្រែ​ពក​ឱ្យទាន់​ពេលវេលា បើ​មិន​ដូច្នោះ​ទេ​ប្រភេទ​ឈើ​មាន​តម្លៃ​ក្នុង​តំបន់​នេះ ​ប្រឈម​ទៅ​នឹង​វិនាសកម្ម​ជាក់​ជា​មិន​ខាន ៕​​

អត្ថបទសរសេរ ដោយ