ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឮថា ​ប្រាក់​ចំណូល​ប្រចាំខែ​​អ្នក​ប្រដាល់​ល្បី​ៗ​​ឡើង​ដល់​ខ្ទង់ពាន់​ដុល្លារ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ធៀប​នឹង​អតីតកាល គេ​កត់​សម្គាល់ថា វិស័យ​កីឡាប្រដាល់​នា​ពេល បច្ចុប្បន្ន​កាន់តែ​មានការ​រីក​ចម្រើន ដោយសារ​បណ្ដា​សង្វៀន​ធំ​ៗ​រួម​មាន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ CNC បាយ័ន…

រាជធានី​ភ្នំពេញ ៖ ធៀប​នឹង​អតីតកាល គេ​កត់​សម្គាល់ថា វិស័យ​កីឡាប្រដាល់​នា​ពេល
បច្ចុប្បន្ន​កាន់តែ​មានការ​រីក​ចម្រើន ដោយសារ​បណ្ដា​សង្វៀន​ធំ​ៗ​រួម​មាន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ CNC បាយ័ន និង ​PNN​ ជាដើម​សុទ្ធតែ​មានការ​រៀបចំ​ប្រដាល់​អន្តរជាតិ​ដែល​នាំ​ឱ្យ​តម្លៃ​ខ្លួន​របស់​កីឡាករ​មាន​កម្រិត​ខ្ពស់​ខុស​ពី​គូ​ក្នុងស្រុក ។

កីឡាករ​ល្បី​ៗ​ដែល​គេ​ចាត់​ទុក​ស្ថិត​ក្នុង​កម្រិត ​A ​រួម​មាន​កីឡាករ ឡុ​ង សុ​ភី កីឡាករ ផា​ន់ គ្រាន់ កីឡាករ រឿង សោ​ភ័​ណ្ឌ និង​កីឡាករ​ល្បីឈ្មោះ​ចាស់​ក្មេង​ជា​ច្រើន​ទៀត សុទ្ធតែ​អាច​រក​ចំណូល​បាន​រហូត​ដល់​ខ្ទង់ពាន់​ដុល្លារ​ក្នុង​មួយ​ខែ ដោយ​មិន​ទាន់​រាប់​បញ្ចូល​ការ​ងារ​ខាងក្រៅ​ការ​ប្រដាល់​រួម​មានការ​បង្វឹក​សិស្ស និង​ការងារ​បន្ទាប់បន្សំ​នោះ​ផង​។

+ ឡុ​ង សុ​ភី ៖ កីឡាករ​រូប​នេះ​ល្បីឈ្មោះ​ជា​យូរ​មក​ហើយ​បាន​អះអាង​ថា តម្លៃ​ខ្លួន​ឡើង​ប្រដាល់​អន្តរជាតិ​របស់​លោក​មាន​ចំនួន​មិន​ដូច​គ្នា​ទេ គឺ​អាស្រ័យ​លើ​សង្វៀន​នីមួយ​ៗ​ដែល​បាន​អញ្ជើញលោក ប៉ុន្តែ​មិន​ក្រោម​៥០០​ដុល្លារ​នោះ​ទេ ដោយនៅ​សង្វៀន​ខ្វះ​ក៏​ឈាន​ដល់​ក្បែរ​១​ពាន់​ដុល្លារ​សម្រាប់​ការ​ប្រកួត​មាន​លក្ខណៈ​ពិសេស​ដែល​តម្រូវ​ឱ្យ​លោក​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​បរទេស​ជា​ម្ចាស់​ខ្សែក្រវាត់​ជាដើម​។

លោក​ថា ក្នុង​១​ខែ​ការ​ពិត​គេ​តម្រូវ​ឱ្យ​ឡើង​ប្រកួត​តែ​១​លើក ឬ​២​លើក​ប៉ុណ្ណោះ ប៉ុន្តែ​​ដោយ​​សារ​តែ​តម្រូវការ​លោក​អាច​ទ​ទទួល​ប្រកួត​រហូត​ដល់​៣​ទៅ​៤​លើក ខណៈ​ដែល​ការ​ប្រកួត​នីមួយ​ៗ​ក៏​មានការ​ផ្ដល់​ប្រាក់​ធីប​លើកទឹកចិត្ត​ពី​អ្នក​ទស្សនា​ច្រើន​គួរសម ។

លោក​សារភាព​ថា អាច​រក​ចំណូល​បាន​ដល់​រង្វង់​១​ពាន់​ដុល្លារ​យ៉ាងតិច​ក្នុង​មួយ​ខែ​ពី​ការ​ឡើង​រេញ ប៉ុន្តែ​សម្រាប់​រូប​លោក​ផ្ទាល់​បើ​ការ​ប្រកួត​ទទួល​បាន​ប្រាក់​កម្រៃ​ច្រើន​ជាង​នេះ គឺ​លោក​ទទួល​ប្រកួត​តែ​១​លើក​ប៉ុណ្ណោះ​ក្នុង​១​ខែ ឬ​អាច​២​លើក​ក្នុង​១​ខែ​ដើម្បី​រក្សា​កម្លាំង​ទុក​ហ្វឹកហាត់​បាន​ជាប់លាប់​ផង​។

លោក​ថា ការ​ប្រដាល់​រាល់​ស​ប្ដា​ហ៍ ឬ​កន្លះ​ខែ​ឡើង​រេញ​ម្ដង មិនមែន​ជា​រឿង​ល្អ​នោះ​ទេ ដោយសារ​ទី​១​ត្រូវ​បង្ខំចិត្ត​ប្រដាល់​លាក់​ដៃ​ដើម្បី​ទុក​កម្លាំង​ឡើង​រេញ​នៅ​ស​ប្ដា​ហ៍​ក្រោយ និង​ទី​២​របួស​ចាស់​មិន​ទាន់​បាត់​ឈឺ​ផង ឡើង​រេញ​សា​ជា​ថ្មី ។ លោក​អះអាង​ថា ការ​ឡើង​សង្វៀន​ញឹកញាប់​ពេក​គឺជា​រឿង​អាក្រក់​មួយ​របស់​កីឡាករ​ប្រដាល់ ប៉ុន្តែ​បណ្ដាល​មក​ពី​ជម្រើស​ត្រូវការ​លុយ​ទើប​ធ្វើ​ឱ្យ​កីឡាករ​ច្រើន​នាក់​បូក​រួម​ទាំង​លោក​ផង​ទទួល​ប្រកួត​សឹង​រាល់​អាទិត្យ​ក៏​មាន ដើម្បី​ទទួល​បាន​ប្រាក់​ចំណូល​ច្រើន ។ លោក​ថា ការ​ប្រដាល់​រាល់ថ្ងៃ​បាន​ក្លាយជា​ទម្លាប់​ទៅ​ហើយ ដោយ​មិន​ខ្វល់​រឿង​ប្រកួត​មិនកើត ឬ​ប្រកួត​មិនល្អ​មើល​នោះ​ទេ​។

យ៉ាងណា​ក៏​ដោយ​លោក​ថា ការ​ប្រកួត​ញឹក​ពេក ដ្បិតថា​ទទួល​បាន​លុយ​ច្រើន​ប៉ុន្តែ​លុយ​ទាំងនោះ​ក៏​ចំណាយ​មើលខ្លួន​ច្រើន​ដែរ ជា​ពិសេស​នៅ​ពេល​របួស​ចាស់​មិន​ទាន់​បាត់​ឈឺ​ផង ក៏​ចេញ​របួស​ថ្មី​មក​ធ្វើទុក្ខ ។ លោក​ថា បើ​កីឡាករ​ម្នាក់​ឡើង​ប្រកួត​៤​ស​ប្ដា​ហ៍​ជាប់​គ្នា ក៏​ក្នុង​ខែ​ក្រោយ​មិន​អាច​ឡើង​ប្រកួត​ជាប់​ៗ​គ្នា​បែប​នេះ​បាន​ដែរ ទើប​លោក​បញ្ជាក់​ថា បើ​គិតតែ​២​ដង ឬ​១​ដង​ក្នុង​១​ខែ​ក៏​អាច​ទទួល​បាន​ក្នុង​រង្វង់​១​ពាន់ ឬ​ជាង​១​ពាន់​ដុល្លារ​ពី​ការ​ឡើង​រេញ​នេះ​ដែរ​។

+ ផា​ន់ គ្រាន់ ៖ កីឡាករ​រូប​នេះ​ក៏​អះអាង​ថា អាច​រក​ចំណូល​បាន​ក្នុង​១​ខែ​ក្បែរ​ៗ១​ពាន់​ដុល្លារ​​សម្រាប់​ការ​ឡើង​ប្រដាល់​១​លើក និង​បាន​ច្រើន​ជាង​នេះ​បើ​ទទួល​ឡើង​រេញ​ច្រើន​ជាង​១​លើក​ផង​ដែរ ប៉ុន្តែ​លោក​ថា លុយ​ដែល​ទទួល​បាន​មិន​សុទ្ធតែ​ធ្លាក់​ដល់​ដៃ​នោះ​ទេ ដោយ​ត្រូវ​ចែកចាយ​អ្នក​ផ្គូផ្គង អ្នក​ឱ្យ​ទឹក គ្រូបង្វឹក និង​ផ្នែក​ជា​ច្រើន​ទៀត​ដើម្បី​ឱ្យ​ខ្លួន​ទទួល​​បានការ​ផ្គូផ្គង​ជា​ប្រចាំ​រៀង​រាល់​ខែ ។

លោក​ថា នៅ​ក្នុង​ពិភព​ប្រដាល់ ទាំង​គ្រូបង្វឹក ទាំង​អ្នក​ឱ្យ​ទឹក មិន​ទទួល​បាន​ប្រាក់​កម្រៃ ឬ​ប្រាក់ខែ​ពី​ភាគី​ខាង​ណា​នោះ​ទេ ដូច្នោះ​បើ​មិន​គិតគូរ​អ្នក​ទាំងនោះ អាជីព​ប្រដាល់​របស់​កីឡាករ​ល្បី​ម្នាក់​ក៏​ឈរជើង​មិន​បាន​នោះ​ដែរ ជា​ពិសេស​សម្រាប់​អ្នក​ចង់​ឡើង​រេញ​ឱ្យ​បាន​ញឹក ហើយ​ទទួល​បាន​កម្រៃ​ខ្លួន​ខ្ពស់ ។ លោក​ថា ក្នុង​១​ខែ​លោក​ទទួល​ឡើង​រេញ​រង្វង់​២​ដង ហើយ​បើ​ទោះជា​ក្នុង​ខែ​ខ្លះ​ទទួល​ឡើង​រេញ​លើស​នេះ ក៏​មិន​ញឹកញាប់​ដែរ ដោយសារ​តែ​ឡើង​រេញ​រៀង​រាល់​ស​ប្ដា​ហ៍​ពេក​ក៏​មិន​អាច​ឱ្យ​លោក​ទ្រទ្រង់​កម្លាំង​បាន​ដែរ។

+ ឡៅ ច​ន្ទ្រា ៖ លោក​អះអាង​ថា ប្រាក់​ចំណូល​របស់​លោក​ក៏​ច្រើន​ជាង​១​ពាន់​ដុល្លារ​ក្នុង​១​ខែ​ដែរ ដោយសារ​តែ​លោក​បាន​កុងត្រា​ផ្ដាច់មុខ​ជាមួយ​ទូរទស្សន៍​បាយ័ន ដោយ​ក្រៅពី​មាន​លក្ខខណ្ឌ​១​ខែ​យ៉ាង​ហោច​ប្រកួត​ម្ដង ក៏​ទទួល​បាន​ប្រាក់​កម្រៃ​ជា​ប្រចាំ ។

លោក​ថា​តម្លៃ​ឡើង​ប្រកួត​របស់​លោក​ប្រមាណ​ជា​៦០០​ដុល្លារ​ក្នុង​១​លើក និង​អាច​លើស​នេះ​អាស្រ័យ​​លើ​ទម្រង់​នៃ​ការ​ប្រកួត​អន្តរជាតិ ហើយ​ប្រាក់ខែ​ប្រចាំ​ប៉ុស្ដិ៍​របស់​លោក​ក៏​មាន​តម្លៃ​ស្មើនឹង​គូ​ឯក​ក្នុងស្រុក​ឡើង​រេញ​ម្ដង​ដែរ ។ លោក​ថា ការ​ប្រដាល់​នៅ​ក្នុង​ពេល​នេះ កាន់តែ​ប្រសើរ​ជាង​មុន ប៉ុន្តែ​លោក​ក៏​បារម្ភ​ផង​ដែរ​ជុំវិញ​កម្លាំង​ខ្លួនឯង​ធ្លាក់​ចុះ​ហើយ​បន្ត​ការ​ប្រកួត​លែង​កើត​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​អន្តរជាតិ និង​ការ​ប្រកួត​ធំ​ៗ​ប្រចាំ​ទូរទស្សន៍​អាស៊ី​​អាគ្នេយ៍ បាន​អះអាង​ថា សម្រាប់​កីឡាករ​ល្បី​ៗ​កម្រិត​ A ដែល​អ្នក​ស្នេហា​ប្រដាល់​ស្គាល់ឈ្មោះ​ភាគច្រើន តម្លៃ​ឡើង​រេញ​របស់​កីឡាករ​ទាំង​នោះ​មិន​ក្រោម​១​លើក​៦០០​ដុល្លារ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​កីឡាករ​ម្នាក់​ៗសួរនាំ​តម្លៃ​ខ្លួន​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ទាមទារ​មិន​ខុស​គ្នា ។

អ៊ីចឹង​ហើយ​ទើប​ក្នុង​ការ​ប្រកួត​របស់​កីឡាករ​ល្បី​ៗ​ទាំងនោះ គឺ​អាច​និយាយ​បាន​ប្រកួត​តែ​២​ដង​ក៏​បាន​មិន​ក្រោម​១​ពាន់​ដុល្លារ​នោះ​ដែរ បើ​ទោះជា​ត្រូវ​ទូទាត់​លាត់សើយ​ឱ្យ​គ្រូ​បង្វឹក និង​អ្នក​ឱ្យ​ទឹក​ក្ដី ។ លោក​ថា កីឡាករ​ខ្លះ​ត្រូវ​ចុះ​ពី​រេញ​របស់​លោក​ថ្ងៃ​សៅរ៍​ឡើង​ទៅ​ប្រកួត​លើ​រេញ​ដទៃ​ទៀត​នៅ​ថ្ងៃអាទិត្យ​ក៏​មាន​ដែរ ដោយសារ​តែ​កីឡាករ​ទាំងនោះ​ចង់បាន​លុយ ហើយ​លាក់​អ្នក​ផ្គូផ្គង​ប្រចាំ​ប៉ុស្ដិ៍​នីមួយ​ៗ​ថា​មិន​ជាប់ ឬ​ដោយសារ​តែ​ខាង​ស្ពុ​ន​ស័​រ​ចង់បាន​កីឡាករ​ហ្នឹង​តែ​ម្ដង បើ​ទោះជា​ដឹង​ថា​ជាប់​វ៉ៃ​ប៉ុស្ដិ៍​ផ្សេង​ក្នុង​ស​ប្ដា​ហ៍​មុន ឬ​ក្នុង​ស​ប្ដា​ហ៍​តែ​មួយ​។ ម្យ៉ាង​មក​ពី​កីឡាករ​មួយ​ចំនួន​មាន​ប្រជាប្រិយ​មិន​អាច​ខ្វះ​បាន​​សម្រាប់​​សង្វៀន​នីមួយ​ៗ​ផង ទើប​ក្នុង​ការ​ប្រដាល់​រាល់ថ្ងៃ ឃើញ​តែ​កីឡាករ​ល្បី​ប៉ុន្មាន​រូប​វិល​ចុះ​វិល​ឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ