រាជធានីភ្នំពេញ ៖ រថយន្តបែនដឹកដីមួយគ្រឿងបើកលឿនទាំងមេឃកំពុងតែភ្លៀងធ្លាក់មិនប្រយ័ត្នបានរ៉េចង្កូតទៅបុកបង្កាន់ដៃស្ពានបណ្តាលឱ្យបាក់បង្កាន់ដៃទាំងសងខាងធ្វើឲ្យរថយន្តធ្លាក់មួយកំណាត់មុខរងបួសស្រាល៤នាក់ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦នឹង៣០នាទីយប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវបេតុង ភូមិដូនរ័ត្ន សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ ។ រថយន្តបង្កពណ៌ស ពាក់ផ្លាកលេខ ចង្កូតស្តាំ KPS -០១៦១ ជិះគ្នា៤នាក់ រងរបួសស្រាល ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុគេឃើញរថយន្តបង្កបើកក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនទាំងមេឃកំពុងតែភ្លៀងធ្លាក់មួយមេធំហើយផ្លូវខាងលើទើបនឹងចាក់បេតុងថ្មីបណ្ដាលឱ្យរអិល ខណៈដែលរថយន្តបង្កបើកលឿនពេកបណ្ដាលឱ្យរថយន្ដរ៉េចង្កូតទៅផ្នែកខាងឆ្វេងហើយបានបុកបង្កាន់ដៃស្ពានបាក់អស់មួយផ្ទាំងហើយអ្នកបើកបររថយន្តបានបួងចង្កូតគេចទៅផ្នែកខាងស្តាំបានបុកបាក់អស់មួយផ្ទាំងទៀតធ្វើឲ្យរថយន្តជ្រុលធ្លាក់កង់មុខពាក់កណ្តាលរថយន្ត និងបណ្តាលឱ្យបាក់កាឡេរថយន្តស្ទើរនឹងធ្លាក់ចូលទឹកអូរ បណ្តាលឱ្យរងបួសស្រាលមនុស្ស៤នាក់ ។

ក្រោយពេលកើតហេតុជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យបានប្រគល់ឱ្យជំនាញចរាចរណ៍នៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីស្ទូចទៅរក្សាទុកដើម្បីរងចាំការដោះស្រាយថ្ងៃក្រោយ ៕
ចែករំលែកព័តមាននេះ