ខេត្តកំពង់ស្ពឺ៖ កម្មករ កម្មការិនីរោងចក្របានរងរបួស ត្រូវបានដឹកយកទៅព្យាបាលនៅគ្លីនិកឯកជនក្បែរកន្លែងកើតហេតុ ខណៈដែលរថយន្តដឹកកម្មករទៅបើកលុយហើយក៏បានរេចង្កូតក្រឡាប់ធ្លាក់ពីលើផ្លូវជាតិលេខ៤១ចូលក្នុងស្រែបង្កឱ្យមានការភ្ញាក់ផ្អើលទាំងព្រឹក។
ហេតុការណ៍រថយន្តដឹកកម្មករក្រឡាប់ធ្លាក់ផ្លូវបានកើតឡើងកាលពីវេលាម៉ោង ១០ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវជាតិលេខ៤១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៤០ទៅលេខ៤១ ស្ថិតនៅក្នុងភូមិតាដែងចាស់ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត០១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ(HYUNDAI PORTER)ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AG-5350 បើកបរដោយឈ្មោះ តឿន សារឿន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបអ្នកបើកបរ (គ្មានប័ណ្ណបើកបរ)រស់នៅក្នុងភូមិត្រពាំងក្ដី ឃុំតាកែន ស្រុកឈូក ខេត្តកំពត បានដឹកកម្មករ~កម្មារិនីរោងចក្រចំនួន៦នាក់ ធ្វើការនៅក្នុងរោងចក្រ យីហោ ស៊ិន លូ(ខេម បូឌា) ហ្គាស មុិន ឯ.ក (ដើម្បីទៅបើកលុយ) បានបើកបររថយន្តតាមបណ្តោយផ្លូវជាតិលេខ៤១ ពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតក្រឡាប់ធ្លាក់ពីលើផ្លូវ ចូលក្នុងស្រែ បណ្ដាលឱ្យរងរបួសស្រាលមនុស្សចំនួន០២នាក់ ស្រីម្នាក់ និងប្រុសម្នាក់ ហើយ អត់មានរបួសចំនួន០៥នាក់។
នគរបាលស្រុកបសេដ្ឋបាននិយាយបន្តថា អ្នករងរបួស និងអត់របួស ទី១~ឈ្មោះ ង៉ែត ទឹម ភេទប្រុស អាយុ ៤០ឆ្នាំ (របួសស្រាល) ទី២~ឈ្មោះខឹម សម្បត្តិ ភេទស្រីអាយុ៣៥ឆ្នាំ(របួសស្រាល) អ្នកទាំងពីររស់នៅក្នុងភូមិជ័យតាស្វាយ ឃុំជ័យតាស្វាយ ស្រុកឈូកខេត្តកំពត ទី៣~ឈ្មោះ សែម ស្រីពៅ ភេទស្រី អាយុ៣១ឆ្នាំរស់នៅភូមិត្រពាំងបី ឃុំតាកែន ស្រុកឈូក ខេត្តកំពត(គ្មានរបួស) ទី៤~ឈ្មោះមួង ដានី ភេទស្រីអាយុ១៨ឆ្នាំរស់នៅភូមិចំការមន ឃុំតាកែន ស្រុកឈូក ខេត្តកំពត(គ្មានរបួស) ទី៥~ឈ្មោះប៉ែន ភាក់ ភេទស្រី អាយុ៣២ឆ្នាំរស់នៅភូមិជ័យតាស្វាយ ឃុំជ័យតាស្វាយ ស្រុកឈូក ខេត្តកំពត(គ្មានរបួស) និងទី៦~ឈ្មោះ អឿន ណុច ភេទប្រុស អាយុ២០ រស់នៅក្នុងភូមិមនោសុខ ឃុំតាកែន ស្រុកឈូក ខេត្តកំពត(គ្មានរបួសនោះទេ)។
នគរបាលស្រុកបសេដ្ឋបានបន្តឱ្យដឹងទៀតថា ក្រោយកើតហេតុនគរបាលជំនាញបានចុះធ្វើការវាស់វែងរថយន្តរងខូចខាតកំរិតស្រាល និងខូចខាតទ្រព្យសម្បត្តិ សាធារណៈបង្គោលចំណាំងផ្លាតអមមាត់លូចំនួន០៣ដើម។អ្នកបើកបររថយន្តនគរបាលបាននាំយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ។ ក្រោយកើតហេតុអ្នករងគ្រោះបាន ទៅពិនិត្យព្យាបាលនៅមន្ទីរពេទ្យគ្លីនិកឯកជនមួយកន្លែងជិតកើតហេតុ។
ចំណែកវត្ថុតាងរថយន្តខាងលើផ្នែកជំនាញចរាចរណ៍បានយកមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕








ចែករំលែកព័តមាននេះ