ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែងលះ​គ្នា​ហើយ មក​គាស់​ទ្វារផ្ទះ​លួច​ទ្រព្យសម្បត្តិ​អតីត​ភរិយា​ទៀត

5 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ វា​រឿង​មួយ​ដែល​ហួសចិត្ត​ដោយសារ​បុរស​ម្នាក់​បាន​លែងលះ​ជាមួយ​អតីត​ប្រពន្ធ ជាង​២​ឆ្នាំទៅ​ហើយ បាន​មក​បង្កហេតុ​រហូត​រង​ការ​ចោទប្រកាន់​ពី​បទ​ចោរកម្ម​ប្រព្រឹត្ត​នៅ​ភូមិ អូរ​ឫស្សី​កណ្តាល ឃុំ​អូរ​ឫស្សី​កណ្តាល ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។ ជនសង្ស័យ​រូប​នោះ​ត្រូវ…

ខេត្តស្ទឹងត្រែង ៖ វា​រឿង​មួយ​ដែល​ហួសចិត្ត​ដោយសារ​បុរស​ម្នាក់​បាន​លែងលះ​ជាមួយ​អតីត​ប្រពន្ធ ជាង​២​ឆ្នាំទៅ​ហើយ បាន​មក​បង្កហេតុ​រហូត​រង​ការ​ចោទប្រកាន់​ពី​បទ​ចោរកម្ម​ប្រព្រឹត្ត​នៅ​ភូមិ អូរ​ឫស្សី​កណ្តាល ឃុំ​អូរ​ឫស្សី​កណ្តាល ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។ ជនសង្ស័យ​រូប​នោះ​ត្រូវ បាន​កម្លាំង​នគរបាល​ចាប់ខ្លួន​នៅ​ស្រុក​សៀម​បូក​កាលពី​រសៀល​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ ក្រោយ​អតីត​ស្ត្រី​ជា​ប្រពន្ធ​ដាក់​ពាក្យ​ប្តឹង​ទៅ​នគរបាល​បន្ទាប់​ពី​ជនសង្ស័យ​រូប​នោះ​លួច​គាស់​ទ្វារផ្ទះ​អតីត​ស្ត្រី​ជា​ប្រពន្ធ​យក​ម៉ូតូ​មួយ​គ្រឿង និង​បាត់​លុយ​អស់​៥០០​ដុល្លារ​ទៀត កាលពី​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៨​។ យោង​តាម​ប្រ​ភ​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ស្នងការដ្ឋាន​នគរបាល ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹង​ថា មុន​ឈាន​ដល់​ការ​ឃាត់ខ្លួន​បុរស​សង្ស័យ ត្រូវ​នារី​អតីត​ជា​ប្រពន្ធ​បាន​ដាក់ ពាក្យបណ្តឹង​ប្តឹង​ទៅ​លើ​អតីត​បុគ្គល​ជា​ប្តី​ថា​ក្រោយ​លែងលះ​គ្នា​ជាង​២​ឆ្នាំ​តុលាការ​ចេញ​សាលក្រម​ដោយ​បាន​បែងចែក​ទ្រព្យសម្បត្តិ​រួម រួច​ទៅ​ហើយ បែ​ជា​២​ឆ្នាំ​ក្រោយមក​ទាមទារ​ម៉ូតូ​មួយ​គ្រឿង​ទៀត​។ ប្រភព​ដដែល​បន្ត​ថា នៅ​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៨ អតីត​បុគ្គល​ជា​ប្តី​បាន​ទៅ​ជួប​អតីត​ស្ត្រី​ជា​ប្រពន្ធ នៅ​មន្ទីរពេទ្យ​យោធភូមិ​ភាគ​២១ ក្រុង​ស្ទឹង​ត្រែង ដោយ​បាន​ទាមទារ​សោ​ផ្ទះ​អតីត​ស្រី្ត​ជា​ប្រពន្ធ ដើម្បី​ទៅ​ចាក់​យក​ម៉ូតូ តែ​អតីត​ស្ត្រី​ជា​ប្រពន្ធ​មិន​ព្រម​ឲ្យ​ដោយសារ​ម៉ូតូ​នោះ​ត្រូវ​បាន​តុល​ការ សម្រេច​សាលក្រម​បែង​ចែង​ក្នុង​ទ្រព្យសម្បត្តិ​រួម​ទៅ​ហើយ ចុះ​ហេតុ​អី​ត្រូវ​មក​ទាមទារ​ទៀត​។

ដោយ​ការ​ប្រកែក​របស់​អតីត​ស្រី្ត​ជា​ប្រពន្ធ​ជនសង្ស័យ​ក៏​បាន​និយាយ​ថា បើ​មិន​ឲ្យ​សោ​អញ​ទេ អញ​ទៅ​គាស់​ទ្វារ​យក​ដោយ​ខ្លួនឯង​។ លុះ​ក្រោយមក​ជនសង្ស័យ​ចិត្តសឿង​ទៅ​គាស់​ទ្វារ​យក​ម៉ូតូ ម៉ាក​វ៉េវ​អាល​ហ្វា អត់​ពន្ធ​នោះ​យក​ទៅ​បាត់​មែន និង​គាស់​ទូរ​បាត់​លុយ​អស់រលីង​ទៀត​។ ទើប​មានការ​ប្តឹងផ្តល់​តាម​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ​មក​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង និង​តាម​រក​ម៉ូតូ​នោះ​ត្រឡប់​មក​វិញ​។ មន្ត្រី​ដដែល​បន្ត​ថា ក្រោយ​ការ​ចាប់ខ្លួន​ជនសង្ស័យ​មក ស្នងការដ្ឋាន​នគរបាល​ខេត្ត​ជនសង្ស័យ​ប្រើ​ល្បិច​និយាយ​ភូតភរ​កុហក​ដោយ​ម្តង​ថា ម៉ូតូ​នោះ​លាក់​ទុក​នៅ​ខេត្តក្រចេះ ម្តង​លាក់​ទុក​នៅ​ស្រុក​សៀម​បូក ដោយ​ពង្វាង​ដាន​ទីតាំង​លាក់​ម៉ូតូ រហូត​អស់ជម្រើស​ទើប​ជន​នោះ​ប្រាប់​តាម​ត្រង់ គឺ​បាន​យក​ទៅ​ផ្ញើ​នៅផ្ទះ​អ្នក​ស្គាល់គ្នា​ស្ថិត​នៅ​ភូមិ​អូរ​ឫស្សី​កណ្តាល ឃុំ​អូរ​ឫស្សី​កណ្តាល ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។ លោក ដួង ស៊ី​វុ​ត្ថា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ទី​ន អា​ម៉ី​ន ហៅ​ឈុ​ន ឆា​នុ​ន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម ជា​អតីត​ប្តី​ស្ត្រី​រង​គ្រោះ​ឈ្មោះ នូ ទី​ន​ម៉ៃ​សុះ អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរឥស្លាម រស់នៅ​ភូមិ​អូរ​ឫស្សី​កណ្តាល ឃុំ​អូរ​ឫស្សី​កណ្តាល ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។

នៅ​ថ្ងៃ​ទី​៧ ខែឧសភា ឆ្នាំ​២០១៨ ស្ត្រី​រង​គ្រោះ​បាន​ដាក់​ពាក្យ​ប្តឹង ជនសង្ស័យ​អតីត​ជា​ប្តី​ថា បាន​គំរាមកំហែង និង​គាស់​ទ្វារផ្ទះ​លួច​ម៉ូតូ​មួយ​គ្រឿង និង​បាត់​លុយ ចំនួន​៥០០​ដុល្លារ​បន្ថែម​ទៀត និង​ទាមទារ​សុំ​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន និង​រក​វត្ថុ​តាង​មក​វិញ​។ ជនសង្ស័យ​មិន​ព្រម​ទទួលស្គាល់​នូវ​កំហុស​របស់​ខ្លួន​ក្រោយ​ធ្វើ​សកម្មភាព​គាស់​ទ្វារផ្ទះ​អតីត​ស្ត្រី​ជា​ប្រពន្ធ​នោះ​ឡើយ ហើយ​ចោទ​ថា អតីត​ស្ត្រី​ជា​ប្រពន្ធ​ជា​អ្នក​លួច​ម៉ូតូ​របស់​ខ្លួន​ទៅ​វិញ​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ និង​នាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​ឫស្សី​កណ្តាល និង​មន្ត្រី​នគរបាល​ជា​ច្រើន​រូប​ទៀត​ជនសង្ស័យ​និយាយ​រៀបរាប់​ថា នៅ​ពេល​ដែល​ខ្លួន​មិន​ទាន់ រៀប​ការ​យក​គ្នា​ជា​ប្តី​ប្រពន្ធ រូបគេ​មាន​ម៉ូតូ​មួយ​គ្រឿង​តម្លៃ​៦០​ម៉ឺន​រៀល លុះ​ក្រោយ​រៀប​ការ​ក៏​បាន​លក់ ម៉ូតូ​ចាស់ ទិញ​ម៉ូតូ​ថ្មី​តម្លៃ​ជាង​៣០០​ដុល្លារ​អា​មេ​រិ​ក បន្ទាប់​រួមរស់​ច្រើន​ឆ្នាំ​បានកូន​មួយ បែរជា​មិន​ចុះសម្រុង​នឹង​គ្នា​ក៏​ទៅ​លែងលះ​គ្នា​នៅ​តុលាការ តែ​ខ្លួន​មិន​បាន​ដាក់​ម៉ូតូ​នោះ​ទៅ​ក្នុង​បញ្ជី ទ្រព្យសម្បតិ្ត​ទេ​។ ដូច្នេះ​ម៉ូតូ​ម៉ាក​វ៉េវ​នេះ បើ​គិត​ទល់​បច្ចុប្បន្ន​លក់​ប្រហែល​បាន​៦០​ម៉ឺន​រៀល ស្មើ​ចំនួន​លុយ​ដែល​ខ្លួន​មុន​យក​គ្នា​ជា​ប្តី​ប្រពន្ធ ដូច្នេះ​ខ្លួន​ត្រូវ​តែ​យក​ទៅ​វិញ​។ ជនសង្ស័យ​រូប​នោះ​បន្ត​ថា មុន​ពេល​ដែល​ខ្លួន​បាន​ខ្លួន​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អូរ​ឫស្សី​កណ្តាល​ដោយ​ចោទ​ថា ស្ត្រី​អតីត​ប្រពន្ធ​លួច​ម៉ូតូ​របស់​ខ្លួន តែ​ខណៈ​ប្រទះ​ឃើញ​ម៉ូតូ​នោះ ខ្លួន​ទៅ​ទាមទារ តែ​នាង​មិន​ឲ្យ​ទើប​គាស់​ទ្វារ​យក​តែ​ម្តង​។

  យោង​តាម​បណ្តឹង​អតីត​ស្ត្រី​ជា​ប្រពន្ធ​ជនសង្ស័យ​បាន​ប្តឹង ទៅ​នគរបាល​ថា កាលពី​ថ្ងៃ​ទី​៦ ខែឧសភា ឆ្នាំ​២០១៨ ជនសង្ស័យ​អតីត​ជា​ប្តី​បាន​ទៅ​រករឿង​នាង នៅ​មន្ទីរពេទ្យ​យោធភូមិ​ភាគ​២១ ក្រុង​ស្ទឹង​ត្រែង ដោយ​បាន​គំរាម​ទារ​សោ​ផ្ទះ​របស់​នាង​ចាក់​ចូល​យក​ម៉ូតូ តែ​នាង​ប្រកែក​មិន​ព្រម​ឲ្យ​ដោយសារ​ម៉ូតូ​នោះ​ត្រូវ​តុលាការ​សម្រេច​សាលក្រម​បែង​ចែង​ទ្រព្យសម្បត្តិ គ្រា​លែងលះ​នោះ​រៀងខ្លួន​ទៅ​ហើយ​។ ហេតុ​ត្រូវ​មក​ទាមទារ​ទៀត តែ​ជនសង្ស័យ​គំរាម​ថា បើ​មិន​ឲ្យ​គេ​នឹង​ទៅ​គាស់​ផ្ទះ​យក​ដោយ​ខ្លួនឯង លុះ​ក្រោយមក​នាង​ទៅ​ដល់​ផ្ទះ​អ្នក​ជិតខាង​ថា អតីត​ប្តី​របស់​នាង​មក​គាស់​ទ្វារ​យក​ម៉ូតូ​ទៅ​បាត់​ហើយ​។ យោង​បណ្តឹង​ខាងលើ​នាង​បន្ត​ថា ក្រៅពី​បាត់​ម៉ូតូ​នោះ​ទូរ​ក៏​ត្រូវ​គេ​គាស់​របើក និង​បាត់​លុយ​អស់​៥០០​ដុល្លារ​អា​មេ​រិ​ក​ទៀត ដែល​ជា​ប្រាក់​សន្សំ​របស់​ខ្លួន​ជាមួយនឹង​ប្តី​ក្រោយ​។ លោក ស៊ុ​ក ប៊ុ​ន​ណា នាយ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​អូរ​ឫស្សី​កណ្តាល​លោក​ថា ជនសង្ស័យ​ពិតជា​បាន​ដាក់​ពាក្យ​ប្តឹង​មែន​។ លោក​បាន​បញ្ជាក់​សាវតា នោះ​ថា កាលពី​មិន​ទាន់​យក​គ្នា ជនសង្ស័យ​មាន​ម៉ូតូ​ចាស់​មួយ​គ្រឿង​តម្លៃ​៦០​ម៉ឺន​រៀល ចំណែក​នាង​ជា​ប្រពន្ធ មាន​ដី​មួយ​ប្លង់​ក្រោយ​យក​គ្នា​ជា​ប្តី​ប្រពន្ធ និង​មានកូន​មួយ​ក៏​បាន​លែងលះ គ្នា​នៅ​តុលាការ ហើយ​តុលាការ​ក៏​បាន​សម្រេច​ប្រគល់​ទៅ​ឲ្យ​នារី​អតីត​ជា​ប្រពន្ធ រីឯ​ជនសង្ស័យ​បាន ទាមទារ​លុយ​ពី​នាង​ចំនួន​៣០០០​ដុល្លារ​។

លោក​បន្ត​ថា ពេល​នោះ​មិន​ទាន់​មានការ​ឯកភាព​គ្នា​ផង ពេល​មក​ដល់​ផ្ទះ​ជនសង្ស័យ​រករឿង​ដោយ​ទាមទារ​ឡើងថ្លៃ​ទារ​៤៥០០​ដុល្លារ លុះ​ក្រោយមក​លុះ​មក ត្រឹម​៤.០០០​ដុល្លារ​វិញ នាង​អតីត​ជា​ប្រពន្ធ មិន​ចង់​ឲ្យ​មាន​បញ្ហា​វែង​ឆ្ងាយ​ក៏​ទៅ​លក់​ដី​នៅ​ស្រុក​កំណើត យក​លុយ​មក​ឲ្យ តែ​ក្រោយ​ពី​បាន​លុយ​អស់ហើយ ជនសង្ស័យ​នៅ​តែ​បន្ត​រុក​គួ​ន​ទៅ​តាម​យក​ម៉ូតូ​នោះ ទៀត រហូត​នាង​សម្រេច​យក​ម៉ូតូ​ដែល​តុលាការ​បែងចែក​ឲ្យ​នោះ​ទៅ​លាក់​ទុក ស្រាប់តែ​ជនសង្ស័យ​មក ដាក់​ពាក្យ​ប្តឹង​ថា ប្រពន្ធ​លួច​ម៉ូតូ​។ លោក​បញ្ជាក់​បន្ត​ថា ក្រោយ​បាត់​ជាង​២​ឆ្នាំ​មក ទើប​លេចមុខ​មក បែរ​ទៅ​គាស់​ទ្វារ​លួច​ម៉ូតូ​នោះ​មក​ទៀត​។ លោក​បាន​ន្ថែ​ម​ថា ជនសង្ស័យ​ខាងលើ​ជា​មនុស្ស​មាន សណ្ដាន​អាក្រក់ មុន​ពេល​មក​យក​គេ​រួមរស់​ជា​ប្រពន្ធ​ប្តី មាន​ម៉ូតូ​កញ្ចាស់​មួយ​គ្រឿង​តម្លៃ​ត្រឹម​៦០​ម៉ឺន​រៀល ប៉ុណ្ណោះ​។ តែ​ខាង​ស្រី​គេ​មាន​ដល់​ទៅ​ដីចម្ការ ក្រោយ​លែងលះ​គ្នា​ទាមទារ​លុយរាប់​ពាន់​ដុល្លារ ហើយ​កាល​លែងលះ​គ្នា​នាង​ជា​អតីត​ប្រពន្ធ​ងើប​ពី​ព្រឹក​ម៉ោង​៥​ទៀប​ភ្លឺ ទៅ​ចៀរ​ជ័រ ជនសង្ស័យ​នេះ​ទៅ​ស្ទាក់​ស្កាត់ផ្លូវ​ចាប់​នាង​រំលោភ​នៅ​ព្រៃ​ចម្ការ​កៅស៊ូ​ទៀត រហូត​ជាប់គុក​នៅ​ឯ​ស្រុក​កំណើត​ខាង​ស្រី ក្រោយ​ចេញពី​គុក​វិញ​បាត់​ខ្លួន​មួយ​រយៈ ទើប​មក​ដល់​ទៅ​រករឿង​គេ ហើយ​គាស់​ទ្វារផ្ទះ​គេ​យក​ម៉ូតូ និង​បាត់​លុយ​គេ​៥០០​ដុល្លារ​ទៀត​។ ប​ច្ចុ​ប្ប​ជនសង្ស័យ​កំពុង​ស្ថិត​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ក្រោម​ការ​សាកសួរ​ពី​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត នឹង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ក្រោយ​បញ្ចប់​នីតិវិធី​៕
https://youtu.be/Y2Ld73sZGGs

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ