ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រៀម​រៀបចំ​វេទិកា​ពាណិជ្ជកម្ម​ធំ​នៅ​ក្នុង​តំបន់ និង​ឥណ្ឌា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ជំនួប​ពាណិជ្ជកម្ម​រវាង​ប្រទេស​ឥណ្ឌា និង​បណ្តា​ប្រទេស CLMV នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។ រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក…

រាជធានី​ភ្នំពេញ ៖ ប្រទេស​កម្ពុជា​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ជំនួប​ពាណិជ្ជកម្ម​រវាង​ប្រទេស​ឥណ្ឌា និង​បណ្តា​ប្រទេស CLMV នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម លោក ឈួ​ន ដា​រ៉ា បាន​សរសេរ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​របស់​លោក កាលពី​ថ្ងៃ​ទី​៦ ឧសភា ថា ក្នុង​នាម​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក​បាន​ដឹកនាំ​អង្គប្រជុំ​របស់​គណៈកម្មការ​សម្រាប់​ត្រៀម​រៀបចំ​វេទិកា​ជំនួប​ពាណិជ្ជកម្ម​រវាង​ប្រទេស​ឥណ្ឌា​-​កម្ពុជា ឡាវ មី​យ៉ា​ន់​ម៉ា វៀតណាម លើក​ទី​៥ (The 5th India-CLMV Business Conclave) នៅ​ក្រសួងពាណិជ្ជកម្ម ។ លោក​បន្ត​ថា ជំនួប​ពាណិជ្ជកម្ម​នេះ នឹង​ប្រព្រឹត្ត​ទៅ​នៅ​រាជធានី​ភ្នំពេញ ដោយ​មាន​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​៥ ដឹកនាំ​ពាណិជ្ជករ និង​វិនិយោគិន​មក​ចូលរួម​ផង​ដែរ ។

អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម លោក ស៊ា​ង ថៃ បាន​ថ្លែង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៧ ឧសភា​ថា កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​វេទិកា​ពាណិជ្ជកម្ម​លើក​ទី​៥ នៅ​ថ្ងៃ​ទី​២១ ដល់​២២ ឧសភា ខាង​មុខ ។ វេទិកា​នេះ​ធ្លាប់​បាន​រៀបចំ​៣​លើក​រួច​មក​ហើយ​នៅ​ប្រទេស​ឥណ្ឌា ប៉ុន្តែ​ក្នុង​អំឡុង​កិច្ចប្រជុំ​លើក​ទី​៣ បណ្តា​ប្រទេស​ទាំងនេះ​បាន​អនុម័ត​ដើម្បី​រៀបចំ​កិច្ចប្រជុំ​បែប​នេះ មាន​លក្ខណៈ​វិល​ជុំ​នៅ​តាម​បណ្តា​ប្រទេស​ទាំង​៥​នេះ ។

លោក​បន្ត​ថា ៖« នេះ​ជា​កិច្ចប្រជុំ​កម្រិត​រដ្ឋមន្ត្រី​ដ៏​សំខាន់​មួយ​ស្ថិត​ក្នុង​ក្របខ័ណ្ឌ​តំបន់​មេគង្គ​និង​ឥណ្ឌា ដែល​យើង​រំពឹង​ថា នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី​វេទិកា​នេះ ដោយសារ​វេទិកា​នេះ​នឹង​មានការ​ចូលរួម​ពី​អ្នក​វិនិយោគ​សំខាន់​ៗ​មក​ពី​បណ្តា​ប្រទេស​ទាំង​៥ និង​បង្ហាញ​ពី​ឱកាស និង​ស្ថានភាព​នៃ​ការ​វិនិយោគ​នៅ​តាម​បណ្តា​ប្រទេស​ពួក​គេ​នីមួយ​ៗ » ។

លោក​ឧកញ៉ា លឹ​ម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ថ្លែង​ថា កន្លង​មក​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ចុះ​កិច្ចព្រមព្រៀង​សហការ​គ្នា​ជាមួយ​សភាពាណិជ្ជកម្ម​ឥណ្ឌា​រួច​ហើយ ដើម្បី​ពង្រីក​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ ព្រោះ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ឥណ្ឌា​នៅ​មាន​កម្រិត​តិចតួច​នៅឡើយ ប៉ុន្តែ​តាម​រយៈ​ការ​ចុះ​កិច្ចព្រមព្រៀង​នេះ និង​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ទៅ​កាន់​ប្រទេស​ឥណ្ឌា​នា​ពេល​ថ្មី​ៗ​នេះ ក្នុង​នោះ​មានការ​ចូលរួម​ពី​សភាពាណិជ្ជកម្ម​កម្ពុជា យើង​រំពឹង​ថា ទំហំ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ពី​ឥណ្ឌា នឹង​កើនឡើង​ថែម​ទៀត ។

លោក​បន្ត​ថា ៖« ឥណ្ឌា​ជា​មហាអំណាច​សេដ្ឋកិច្ច​មួយ និង​ជា​ដៃគូ​អាស៊ាន​បូក​១ ហេតុនេះ តាម​រយៈ​វេទិកា​ពាណិជ្ជកម្ម​តំបន់ ជាមួយ​ឥណ្ឌា យើង​រំពឹង​នឹង​ទទួល​បាន​ផលប្រយោជន៍​កាន់តែ​ច្រើន​ពី​វេទិកា​នេះ » ។ លោក​បន្ត​ថា ៖« ខ្ញុំ​តែង​លើក​ឡើង​ថា ការ​មក​ប្រសើរ​ជាង​មិន​មក ហេតុនេះ ការ​រៀបចំ​វេទិកា​ដែល​មានការ​ចូលរួម​ពី​អ្នក​វិនិយោគ​នានា យើង​រំពឹង​នឹង​អាច​ចាប់​ដៃគូ ឬ​ស្វែងរក​ការ​សហការ​គ្នា​បាន​ច្រើន​ថែម​ទៀត ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ