ខេត្តកំពង់ស្ពឺ ៖ មុខសញ្ញាជួញដូរ និងផ្តល់កន្លែងឱ្យក្រុមអ្នកញៀនថ្នាំជក់នៅផ្ទះខ្លួនផងនោះពេលនេះត្រូវសមត្ថកិច្ចធ្វើការបង្ក្រាបដោយដកហូតបានវត្ថុតាងថ្នាំញៀន និងសម្ភារជក់មួយចំនួនផងដែរ ។ ករណីបង្ក្រាបការប្រើប្រាស់ និងជួញដូរគ្រឿងញៀនខុសច្បាប់នេះធ្វើឡើងកាលពីវេលាម៉ោង០៦និង១០នាទីយប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨ ។
ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងក្រោយពីមានការរាយការណ៍ពីប្រជាពលរដ្ឋថា នៅចំណុចផ្ទះឈ្មោះ សូត្រ សុខជា ភេទប្រុស អាយុ២៧ឆ្នាំ ស្ថិតនៅភូមិធម្មទ័យ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានការប្រើប្រាស់ និងជួញដូរគ្រឿងញៀនយ៉ាងសកម្ម ។ ក្រោយមានសេចក្តីរាយការណ៍លោកវរសនីយ៍ឯក ខឹម សាម៉ុន បានដឹកនាំកម្លាំងអធិការដ្ឋាននគរបាលស្រុកឧដុង្គបានចុះទៅដល់ទីតាំងខាងលើ ។
ប្រតិបត្តិការនេះដែរកម្លាំងជំនាញឃាត់មុខសញ្ញាសង្ស័យ៣នាក់រួមមាន ទី១-ឈ្មោះ សូត្រ សុខជា ភេទប្រុស អាយុ២៧ឆ្នាំ (ម្ចាស់ថ្នាំ) និងជាអ្នកផ្តល់កន្លែងឱ្យគេជក់ថ្នាំផង, ទី២-ឈ្មោះ ភឿក គង់ ភេទប្រុស អាយុ២៨ឆ្នាំ(អ្នកដឹកជញ្ជូន) អ្នកទាំងពីររស់នៅភូមិ-ឃុំខាងលើ និងទី៣-ឈ្មោះ រ៉ន ចិត្រ (ប្រើប្រាស់) ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិព្រែជុំ ឃុំយុទ្ធសាមគ្គី ស្រុកឧដុង្គ បានធ្វើឆែកឆេរ ។ រកឃើញវត្ថុតាងដូចជា ទី១-គ្រឿងញៀនចំនួន០៣កញ្ចប់(ធំ២ តូច១) ក្រៅពីនោះសមត្ថកិច្ចដកហូតបានកាំភ្លើងច្នៃប្រើខ្យល់១ដើម និងដាវសាម៉ូរ៉ៃ១ដើម ព្រមទាំងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត ៕
ចែករំលែកព័តមាននេះ