ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈុត សេរី​វ៉ា​ន់​ថង ផ្ដល់​មេរៀន​ជូរ​ចត់​ដល់​ម្ចាស់ខ្សែក្រវាត់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​ពី​កីឡាករ​វ័យក្មេង​កំពុង​ឡើង​កូដ ឈុត សេរី​វ៉ា​ន់​ថង បាន​ផ្ដល់​មេរៀន​ជូរចត់​ដល់​ម្ចាស់​ខ្សែក្រវាត់​ថៃ​ឈ្មោះ​Ouy Sayam ជា​​លើក​ទី​២​ក្នុង​ជំនួប​សងសឹក​នៅ​លើ​សង្វៀន​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍​កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​៦ ឧសភា ដោយ​ត្រូវ​កីឡាករ​កម្ពុជា​វាយ​ឱ្យ​សន្លប់​ក្នុង​ទឹក​៤​។…

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​បន្ទាប់​ពី​កីឡាករ​វ័យក្មេង​កំពុង​ឡើង​កូដ ឈុត សេរី​វ៉ា​ន់​ថង បាន​ផ្ដល់​មេរៀន​ជូរចត់​ដល់​ម្ចាស់​ខ្សែក្រវាត់​ថៃ​ឈ្មោះ​Ouy Sayam
ជា​​លើក​ទី​២​ក្នុង​ជំនួប​សងសឹក​នៅ​លើ​សង្វៀន​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍​កាលពី​រសៀល​ថ្ងៃអាទិត្យ​ទី​៦ ឧសភា ដោយ​ត្រូវ​កីឡាករ​កម្ពុជា​វាយ​ឱ្យ​សន្លប់​ក្នុង​ទឹក​៤​។

ភាគី​ខាង​កីឡាករ​ថៃ​បាន​អះអាង​ថា លទ្ធផល​​បរាជ័យ​របស់​កីឡាករ Ouy Sayam កន្លង
មក​គឺជា​រឿង​ចៃដន្យ​ឬ​អាច​និយាយ​ថា​ជា​ការ​ភ្លាត់ស្នៀត​មួយ​ពេល​ប៉ុណ្ណោះ ទើប​ឈាន​ដល់​បណ្ដោយ​ឱ្យ​កីឡាករ​កម្ពុជា​វាយ​ត្រូវ​ចំណុច​សំខាន់​ហើយ​មិន​អាច​តតាំង​បន្ត​ទៀត​បាន ។ អ៊ីចឹង​ហើយ​ទើប​កីឡាករ​ថៃ​តែងតែ​ចិញ្ចឹមចិត្ត​សុំ​ប្រកួត​សងសឹក​ភ្លាម​ៗ​ដើម្បី​ជម្រះ​បញ្ជី​កីឡាករ​កម្ពុជា​ឱ្យ​ជ្រះស្រឡះ ។ ប៉ុន្តែ​ការ​ប្រកួត​សង​សឹក​មិន​អាច​ធ្វើ​ឡើង​ភ្លាម​ៗ​ទេ ដោយសារ​តែ​កីឡាករ​ថៃ​រូប​នេះ ជាប់​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​ក្នុង​ប្រទេស​ថៃ ហើយ​ទីបំផុត​គេ​ក៏​ទទួល​ជ័យជម្នះ​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ជើង​ឯក​មែន​កាលពី​អំឡុង​មួយ​ខែ​មុន​ទើប​ជំនួប​សងសឹក​កីឡាករ ឈុត សេរី​វ៉ា​ន់​ថង កើតឡើង​កាលពី​ល្ងាច​ថ្ងៃអាទិត្យ ។

ការ​ប្រកួត​នៅ​ល្ងាចនោះ​ទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​ទស្សនិកជន ដោយសារ​តែ​កីឡាករទាំង​ពីរ​វាយ​គ្នា​ដោយ​មិន​សំចៃ​កម្លាំង​ធ្វើ​ឱ្យ​អាជ្ញាកណ្ដាល​ស្ទើរ​មិន​មាន​ពេល​ដកដង្ហើម​រួច​ម្ដង​ៗ ។

ការ​ប្រកួត​ទាំងមូល​កីឡាករ​កម្ពុជា និង​ថៃ​សុទ្ធតែ​ប្រឹង​រៀងខ្លួន ដោយ​កីឡាករ​ថៃ​ក៏​បើក​ការ​វាយលុក​ដោយ​ប្រើ​កណ្ដាប់ដៃ​ម៉ាត់ និង​វាយ​កែង​ផ្ទួន​ៗ ឯ​កីឡាករ​កម្ពុជា​ប្រឹង​ទាត់​បំបែក​កង់​ក្រោម ប៉ុន្តែ​លទ្ធផល​ចុង​ក្រោយ កីឡាករ​ទាំង​ពីរ​នៅ​តែ​មិន​អាច​ធ្វើ​អ្វី​គ្នា​បែក ក្រោយ​បញ្ចប់​៣​ទឹក ។ ការ​ប្រកួត​ទាំងមូល កីឡាករ​ថៃ​ហាក់​មាន​សន្ទុះ​ច្រើន​ជាង សម​នឹង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​ដែល​ទើប​ទទួល​បាន​នៅ​ក្នុង​ប្រទេស​ថៃ ។ កីឡាករ​កម្ពុជា​ត្រូវ​អ្នក​ទស្សនា​ទះដៃ​ហ៊ោ​អបអរ​ចង់​បែក​សង្វៀន​នៅ​ពេល​វាយ​ត្រូវ​កីឡាករ​ថៃ​ម្ដង​ៗ
ប៉ុន្តែ​មិន​មាន​អ្នក​ចេញ​មុខ​ជឿជាក់​ច្រើន​ទេ​ថា​កីឡាករ​រូប​នេះ​អាច​ផ្ដួល​កីឡាករ​ថៃ​ជា​ថ្មី​ម្ដងទៀត​បាន ដោយសារ​តែ​ការ​ប្រកួត​មួយ​នេះ បើ​មិន​មាន​ភាគី​ណាមួយ​សន្លប់​ក្នុង​ទឹក​ណាមួយ គឺ​កីឡាករ​ថៃ​នឹង​ឈ្នះ​ពិន្ទុ​ក្នុង​ភាគរយ​ច្រើន​មិន​ខាន​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា ដោយសារ​តែ​កីឡាករ​ថៃ​ជាប់​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​នៅ​ក្នុង​ប្រទេស​ថៃ​ទើប​លោក​មិន​អាច​ផ្គូផ្គង​ឱ្យ​ប្រកួត​សងសឹក​បាន​ភ្លាម​ៗ ក្រោយ​ពី​ការ​ប្រកួត​លើក​ទី​១​កីឡាករ​ថៃ​រង​ការ​បរាជ័យ​ក្នុង​ទឹក​ទី​៤ ។ ការ​ប្រកួត​លើក​នេះ កីឡាករ​ថៃ​ហាក់​មាន​ជំនឿ​ចិត្តខ្លាំង​ណាស់ ដោយ​សារ​តែ​គេ​ត្រៀមខ្លួន​រួចរាល់​ជា​មុន ហើយ​ម្យ៉ាង​គេ​ក៏​ទើបតែ​បាន​ប្រកួត​នៅ​ក្នុង​ប្រទេស​ថៃ ដណ្ដើម​បាន​ខ្សែក្រវាត់​ជើងឯក​ក្ដៅ​ៗ​ទៀត​ផង ។

លោក​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​ការ​ប្រកួត​ឈាន​ដល់​ទឹក​ទី​៤ ស្រាប់តែ​កីឡាករ​ថៃ​ក្លាយជា​អ្នក​ភ្លាត់ស្នៀត​ដដែល ដោយ​ត្រូវ​កីឡាករ​ឈុត សេរី​វ៉ា​ន់​ថង វាយ​ឱ្យ​សន្លប់​ក្នុង​ទឹក​ដដែល​បើ​ធៀប​នឹង​ការ​ប្រកួត​កាលពី​លើក​ទី​១ ។ លោក​ថា ជា​រឿង​មិន​គួរ​ជឿ​ដែល​កីឡាករ​កម្ពុជា​អាច​បំបាក់​ជើង​ខ្លាំង​ថៃ​ជា​លើក​ទី​២ ក្នុង​ពេល​ដែល​ការ​បំបាក់​លើក​នេះ ក៏​ចំ​ពេល​កីឡាករ​ថៃ​ទើប​ទទួល​បាន​ខ្សែក្រវាត់​ជើងឯក​ទៅ​ទៀត ។

លោក​មិន​ទាន់​ដឹង​ថា កីឡាករ​ថៃ​នឹង​ប្រកាស​សុំ​ជួប​ជា​លើក​ទី​៣ ឬ​យ៉ាងណា​នោះ​ទេ ក្នុង​ពេល​ដែល​ការ​សុំ​ជួប​សងសឹក​ស្រាប់តែ​បរាជ័យ​ក្នុង​លទ្ធផល​ដដែល​បែប​នេះ​។ ប៉ុន្តែ​លោក​ថា ក្រោយ​ឈ្នះ​ម្ដងនេះ កីឡាករ ឈុត សេរី​វ៉ា​ន់​ថង នឹង​ត្រូវ​បាន​គេ​លែង​គិត​ថា​ឈ្នះ​ដោយ​ចៃដន្យ​ដូច​មុន​ទៀត​ហើយ ជា​ពិសេស​ក្នុង​ពេល​ដែល​គេ​ស្រាប់តែ​ឈ្នះ​ក្នុង​លទ្ធផល​វាយ​ថៃ​ជា​ម្ចាស់​ខ្សែក្រវាត់​ឱ្យ​សន្លប់​ក្នុង​ទឹក​ទី​៤​ដូច​មុន​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ