ទីក្រុងបាងកក ៖ ប្រទេសថៃអាចនឹងនាំចេញអង្ករច្រើនជាងការព្យាករក្នុងឆ្នាំនេះ ព្រោះតែកំណើនតម្រូវការ និងការផ្គត់ផ្គង់ក្នុងពិភពលោកអន់ថយ ។
ប្រធាននាយកដ្ឋានពាណិជ្ជកម្មបរទេស លោក Adul Chotinisakorn បានថ្លែងថា ៖«ក្រសួងពាណិជ្ជកម្មបានបង្កើនគោលដៅនាំចេញអង្កររបស់ខ្លួន ពីចំនួន៩,៥លានតោន មកស្មើ១០លានតោនវិញនៅចុងឆ្នាំ២០១៨នេះ » ។
ការព្យាករត្រូវបានដំឡើង បើទោះជាការនាំចេញអង្ករធ្លាក់ចុះ៣,៤% ពីអំឡុងខែមករា ដល់ខែមេសា មកស្មើ៣,៥៨លានតោនក្តី ។
ក្នុងអំឡុងពេលនោះ ការនាំចេញអង្កររបស់ថៃ គឺរកប្រាក់ចំណូលបានចំនួន១,៧៨ប៊ីលានដុល្លារ ដែលច្រើនជាងរយៈពេលដូចគ្នាក្នុងឆ្នាំមុនដល់ទៅ១៤,៥% ។
តម្លៃមធ្យមរបស់អង្ករក្នុងអំឡុងពេលនោះ គឺស្មើ៤៩៧,៣៩ដុល្លារក្នុង១តោន ខ្ពស់ជាងឆ្នាំមុន ដែលស្មើតែ៤១៩,១៩ដុល្លារក្នុង១តោនប៉ុណ្ណោះ ។
លោក Adul Chotinisakorn បានបន្តថា ៖« ប្រទេសជាច្រើនត្រូវការទិញអង្ករបន្ថែមទៀតសម្រាប់ដាក់ក្នុងស្តុកនៅគ្រាអាសន្ន និងមានគម្រោងបន្តកុម្មង់បន្ថែមពីប្រទេសថៃផងដែរ » ។
លោកបន្តទៀតថា តម្រូវការអង្ករក្នុងពិភពលោករឹងមាំណាស់ ជាពិសេស តម្រូវការពីប្រទេសចិន ជប៉ុន និងហ្វ៊ីលីពីន ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Sontirat Sontijirawong បានថ្លែងថា ៖« កាលពីថ្ងៃសុក្រកន្លងមកនេះ ប្រទេសថៃបានឈ្នះការលក់ដេញថ្លៃការផ្គត់ផ្គង់អង្ករចំនួន១២ម៉ឺនតោនទៅកាន់ប្រទេសហ្វ៊ីលីពីន ក្នុងតម្លៃ៥១៧,៥០ដុល្លារក្នុង១តោនទៀតផង » ។
កាលពីឆ្នាំ២០១៧ ប្រទេសថៃបាននាំចេញអង្ករចំនួន១១,៦លានតោន ច្រើនជាងឆ្នាំ២០១៦ ដល់ទៅ១៧,៤% ឯណោះ ៕
ចែករំលែកព័តមាននេះ