ទីក្រុងហ្សាការតា ៖ ប្រទេសឥណ្ឌូណេស៊ីរំពឹងថា នឹងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ ដោយសារតែភាគីទាំងពីរត្រូវតែដោះស្រាយការខ្វែងគំនិតគ្នា ដែលគំរាមកំហែងដល់ទំនាក់ទំនងទ្វេភាគី។ នេះបើយោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters និង Bloomberg បានចេញផ្សាយ។
នៅក្នុងកិច្ចប្រជុំអាជីវកម្មមួយ នាទីក្រុងហ្សារកាតា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ លោក Airlangga Hartarto រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ចឥណ្ឌូណេស៊ី បានប្រកាសថា ប្រទេសឥណ្ឌូណេស៊ីនឹងបញ្ជូនគណៈប្រតិភូមួយក្រុមទៅទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅសប្តាហ៍ក្រោយ ដើម្បីបន្តចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ ការប្រកាសនេះ បានកើតឡើងក្រោយកិច្ចប្រជុំរវាងលោក និងតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer កាលពីថ្ងៃទី១១ ខែធ្នូ កន្លងទៅ។
កាលពីខែកក្កដា អាមេរិក និងឥណ្ឌូណេស៊ីបានឈានដល់កិច្ចព្រមព្រៀងក្របខ័ណ្ឌពាក់ព័ន្ធនឹងពាណិជ្ជកម្ម។ ទោះយ៉ាងណាក៏ដោយ អាមេរិកបានអះអាងថា ឥណ្ឌូណេស៊ីកំពុងដើរថយក្រោយក្នុងការលុបបំបាត់របាំងមិនមែនពន្ធលើទំនិញឧស្សាហកម្ម និងកសិកម្មរបស់អាមេរិក ក៏ដូចជាការប្តេជ្ញាចិត្តទាក់ទងនឹងពាណិជ្ជកម្មឌីជីថល។ មន្ត្រីឥណ្ឌូណេស៊ីបានប្រាប់តំណាងពាណិជ្ជកម្មអាមេរិកថា ឥណ្ឌូណេស៊ីមិនអាចទទួលយកការប្តេជ្ញាចិត្តមួយចំនួន ដែលមានកាតព្វកិច្ចក្នុងកិច្ចព្រមព្រៀងនោះទេ ហើយពួកគេចង់ចរចាឡើងវិញនូវលក្ខខណ្ឌទាំងនេះ ប៉ុន្តែរដ្ឋបាលលោក ត្រាំ បានអះអាងថា ពួកគេនឹងធ្វើឱ្យអាមេរិកខាតបង់។
នៅថ្ងៃទី១០ ខែធ្នូ ឥណ្ឌូណេស៊ីបានបញ្ជាក់ថា ការចរចានៅតែបន្ត ហើយសង្ឃឹមថានឹងបញ្ចប់កិច្ចព្រមព្រៀងមួយក្នុងពេលឆាប់ៗខាងមុខនេះ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំងពីរ។
សូមជម្រាបថា កិច្ចព្រមព្រៀងក្របខ័ណ្ឌរវាងអាមេរិក និងឥណ្ឌូណេស៊ីសម្រេច បន្ទាប់ពីរដ្ឋបាលលោក ត្រាំ បានផ្ញើលិខិតទៅប្រទេសដៃគូពាណិជ្ជកម្មជាង ២០ ដោយគំរាមដាក់ពន្ធខ្ពស់ ប្រសិនបើពួកគេមិនឈានដល់កិច្ចព្រមព្រៀងនៅថ្ងៃទី១ ខែសីហា។ ជាមួយគ្នានោះ ក្នុងលិខិតផ្ញើទៅឥណ្ឌូណេស៊ី ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានគំរាមដាក់ពន្ធ ៣២% ប៉ុន្តេក្រោយមកបានកាត់បន្ថយមកត្រឹម ១៩% វិញ។
ក្រឡេកមកភាគីឥណ្ឌូណេស៊ីវិញ ដើម្បីសម្រេចកិច្ចព្រមព្រៀងក្របខ័ណ្ឌជាមួយអាមេរិក ប្រទេសសេដ្ឋកិច្ចធំជាងគេនៅអាស៊ីអាគ្នេយ៍មួយនេះ បានយល់ព្រមលុបបំបាត់ពន្ធភាគច្រើនលើផលិតផលឧស្សាហកម្ម និងកសិកម្មអាមេរិក ហើយក៏ប្រកាសទិញយន្តហោះ ឧស្ម័នធម្មជាតិរាវ (LNG) និងសណ្តែកសៀង ដែលមានតម្លៃសរុបរាប់ពាន់លានដុល្លារ ដើម្បីកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយអាមេរិក។
លើសពីនេះ ប្រទេសឥណ្ឌូណេស៊ី ក៏បានលុបចោលរបាំងមិនមែនពន្ធសម្រាប់អាជីវកម្មអាមេរិកផងដែរ រួមទាំងតម្រូវការបទប្បញ្ញតិ្តក្នុងស្រុកដ៏តឹងរ៉ឹងមួយចំនួន ដែលបណ្តាក្រុមហ៊ុនអាមេរិកចាត់ទុកថា ឧបសគ្គចំពោះការវិនិយោគ។ តាមរយៈនេះ សមាគមអាជីវកម្មឥណ្ឌូណេស៊ីមួយចំនួនព្រមានថា ការលុបចោលតម្រូវការធ្វើមូលដ្ឋានីយកម្ម អាចប៉ះពាល់អវិជ្ជមានដល់ការប្រកួតប្រជែងរបស់អាជីវកម្មក្នុងស្រុក។
ទោះយ៉ាងណាក៏ដោយ នៅក្នុងខែវិច្ឆិកា កិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានប្រឈមមុខនឹងឧបសគ្គបន្ថែមទៀត នៅពេលឥណ្ឌូណេស៊ីជំទាស់ទៅនឹងលក្ខខណ្ឌដែលអាមេរិកចង់បញ្ចូល ដោយបានអះអាងថា អាមេរិកបានរំលោភលើអធិបតេយ្យភាពសេដ្ឋកិច្ចជាតិរបស់ឥណ្ឌូណេស៊ី៕ ប្រភព ៖ Reuters, Bloomberg, Financial Times និង Znews

ចែករំលែកព័តមាននេះ