ទីក្រុងកៀវ៖ នៅក្នុងសប្ដាហ៍នេះ ប្រេសិតពិសេសរបស់លោកដូណាល់ត្រាំនឹងជួបលោកហ្សេឡិនស្គី និងថ្នាក់ដឹកនាំអឺរ៉ុបដទៃទៀត នេះបើយោងតាមការបញ្ជាក់របស់សេតវិមាន។ គម្រោងជួបគ្នានេះធ្វើឡើងនៅពេលទីក្រុងវ៉ាស៊ីនតោនបន្តជំរុញឱ្យភាគីជម្លោះ (រុស្ស៊ី និងអ៊ុយក្រែន) ទទួលយកផែនការសន្តិភាពដើម្បីបញ្ចប់សង្គ្រាម។ លោកត្រាំបន្តដាក់សម្ពាធកាន់តែខ្លាំងឡើងៗទៅលើទីក្រុងកៀវដើម្បីទទួលយកកិច្ចព្រមព្រៀងចាប់តាំងពីលោកបង្ហាញផែនការសន្តិភាព២៨ចំណុចជាលើកដំបូងកាលពីខែវិច្ឆិកា។

កិច្ចព្រមព្រៀងនេះត្រូវគេមើលឃើញថាលំអៀងទៅរកប្រទេសរុស្ស៊ីព្រោះស្របទៅតាមការចង់បានរបស់រុស្ស៊ីភាគច្រើន។ ជាពិសេស កិច្ចព្រមព្រៀងនេះតម្រូវឱ្យអ៊ុយក្រែនកាត់ទឹកដីរបស់ខ្លួនទៅឱ្យរុស្ស៊ី។ ផែនការសន្តិភាព២៨ចំណុចនោះបង្កជាបដិវាទកម្ម (ឬការខ្វែងគំនិតគ្នា) ផ្នែកការទូតរវាងអាមេរិក និងសម្ព័ន្ធមិត្តអ៊ុយក្រែននៅប៉ែកអឺរ៉ុប។ មន្ត្រីរដ្ឋាភិបាលអ៊ុយក្រែនអះអាងថាពួកគេបានយកផែនការរបស់លោកត្រាំទៅកែសម្រួលឡើងវិញនៅសល់ម្ភៃចំណុច និងបញ្ជូនទៅទីក្រុងវ៉ាស៊ីនតោនរួចហើយដើម្បីឱ្យលោកត្រាំពិនិត្យមើល។

មន្ត្រីសេតវិមានម្នាក់បញ្ជាក់ថាអ្វីដែលបានចុះផ្សាយនៅលើទំព័រសារព័ត៌មានវ៉លស្ទ្រីតជើណល (Wall Street Journal) នោះគឺជាការពិតមែន។ ប្រេសិតពិសេសរបស់លោកត្រាំគឺលោកស្ទីវវីតខូសនឹងជួបលោកហ្សេឡិនស្គី និងថ្នាក់ដឹកនាំអឺរ៉ុបដទៃទៀតនៅចុងសប្ដាហ៍នេះដើម្បីជជែកគ្នាអំពីលក្ខខណ្ឌនៃការចរចាសន្តិភាព។ រដ្ឋាភិបាលអាល្លឺម៉ង់ថ្លែងថាខ្លួននឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចជំនួបនេះ។

ថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងអគ្គលេខាធិការអង្គការណាតូក៏នឹងចូលរួមកិច្ចប្រជុំនេះដែរនៅថ្ងៃចន្ទ។ ពោលគឺបន្ទាប់ពីលោកហ្សេឡិនស្គីបិទបញ្ចប់កិច្ចប្រជុំវេទិកាធុរកិច្ចអាល្លឺម៉ង់-អ៊ុយក្រែនជាមួយអធិការបតីអាល្លឺម៉ង់ លោកហ្វ្រ៊ីតរីច ម៊ែក។ ប្រភពខ្លះបង្ហើបឱ្យដឹងថាគម្រោងស្នើសុំរបស់អ៊ុយក្រែនចូលជាសមាជិកសហភាពអឺរ៉ុបក៏មានដាក់បញ្ចូលនៅក្នុងផែនការសន្តិភាពដែលកែសម្រួលលើកចុងក្រោយផងដែរ។ គម្រោងនេះត្រូវរុស្ស៊ីជំទាស់។

អឺរ៉ុប និងអ៊ុយក្រែនក៏បានស្នើសុំឱ្យអាមេរិកផ្ដល់ការធានាសន្តិសុខសម្រាប់ពួកគេមុននឹងនិយាយដល់ការចរចាកាត់ទឹកដីជាថ្នូរនឹងសន្តិភាព។ នេះបើយោងតាមការបញ្ជាក់របស់ខុទ្ទកាល័យប្រធានាធិបតីបារាំង។ អ្នកការទូតអ៊ុយក្រែនម្នាក់ថ្លែងថាមុននឹងនិយាយទៅដល់ការចុះកិច្ចព្រមព្រៀងសន្តិភាព គេត្រូវតែផ្ដល់ការធានាសន្តិសុខដ៏ប្រាកដប្រជាសម្រាប់អ៊ុយក្រែនដើម្បីទុកជាបុរេលក្ខខណ្ឌដែលចែងយ៉ាងច្បាស់លាស់នៅក្នុងលិខិតបទដ្ឋានជាផ្លូវការ។ នេះបើយោងតាមការផ្សាយរបស់ឆេនណល ញូស៍ អេស៊ា (Channel News Asia) និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ