ប្រទេសម៉ិកស៊ិក ៖ យោងតាមប្រភពពីសារព័ត៌មាន BBC កាលថ្មីៗនេះ បានរាយការណ៍ថា ប្រទេសម៉ិកស៊ិកបានអនុម័តពន្ធថ្មី ដែលនឹងប៉ះពាល់ដល់ផលិតផលរាប់រយមុខ ភាគច្រើនមកពីប្រទេសចិន។
វិធានការថ្មីនេះ ប្រធានាធិបតីម៉ិកស៊ីក លោកស្រី Claudia Sheinbaum អះអាងថា ត្រូវការដើម្បីជំរុញផលិតកម្មក្នុងស្រុក ដែលត្រូវបានអនុម័តដោយព្រឹទ្ធសភាម៉ិកស៊ិកនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥។
ការដំឡើងពន្ធ ត្រូវបានកំណត់ចូលជាធរមាននៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ហើយនឹងអនុវត្តចំពោះទំនិញដូចជា លោហធាតុ រថយន្ត សម្លៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។ តាមរយៈនេះ ប្រទេសជាច្រើនមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងម៉ិកស៊ិក នឹងរងផលប៉ះពាល់ រួមទាំងប្រទេសថៃ ឥណ្ឌា និងឥណ្ឌូណេស៊ីផងដែរ។
ការផ្លាស់ប្តូរនេះ កើតឡើងនៅពេលដែលម៉ិកស៊ិក កំពុងចរចាពាណិជ្ជកម្មជាមួយអាមេរិកលើពន្ធនាំចូលដ៏ខ្ពស់ ដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានគំរាមដាក់លើប្រទេសភាគខាងជើងបំផុតនៅអាមេរិកឡាទីនមួយនេះ។
វិធានការថ្មីរបស់ម៉ិកស៊ិក នឹងដំឡើងពន្ធដល់ ៥០% លើផលិតផលជាង ១ ៤០០ មុខ ដែលនឹងប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសដៃគូពាណិជ្ជកម្មរបស់ខ្លួន រួមទាំងប្រទេសចិនផងដែរ។ នេះបើតាមអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានលើកឡើង ដោយបានបន្ថែមថា ការស៊ើបអង្កេតលើគោលនយោបាយពាណិជ្ជកម្មរបស់ម៉ិកស៊ិកកំពុងដំណើរការ ដោយជំរុញឱ្យប្រទេសនេះ កែតម្រូវការសម្រេចចិត្តរបស់ខ្លួន។
បណ្តាក្រុមហ៊ុនចិនបានពង្រីកវត្តមាននៅក្នុងប្រទេសម៉ិកស៊ិកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយម៉ាករថយន្តល្បីៗបានបង្កើតប្រតិបត្តិការនៅទីនោះ។ ប៉ុន្តែអាមេរិកបានអះអាងថា ចិនអាចនឹងប្រើប្រាស់ប្រទេសម៉ិកស៊ិកជាមធ្យោបាយមួយ ដើម្បីគេចវេសពន្ធរបស់ខ្លួន។
រដ្ឋាភិបាលរបស់លោកស្រី Claudia Sheinbaum កំពុងចរចាជាមួយនឹងរដ្ឋបាលលោក ត្រាំ ដើម្បីព្យាយាមកាត់បន្ថយពន្ធគយ។ ដ្បិតអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ សហរដ្ឋអាមេរិកបានចោទប្រកាន់ប្រទេសម៉ិកស៊ិកថា មិនបានបំពេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ខណៈដែលសហរដ្ឋអាមេរិក គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ប្រទេសម៉ិកស៊ិក៕


ចែករំលែកព័តមាននេះ