ខេត្តបាត់ដំបង ៖ ប្រភពព័ត៌មានពីមន្ត្រីព្រំដែនបានឱ្យដឹងថា ចោរខ្មែរម្នាក់បានឆ្លងដែនទៅឆក់ខ្សែកខ្មែរគ្នាឯងនៅលើទឹកដីថៃ ហើយត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនកាលពីវេលាម៉ោង០៩ ៣០នាទីព្រឹកថ្ងៃទី៦ ឧសភា នៅក្នុងផ្សារខាវឌីន ភូមិខាវឌីន ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ប្រទេសថៃ ឈមនឹងស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ជនសង្ស័យខាងលើ ឈ្មោះសំរិទ្ធ សុជា អាយុ៣៨ឆ្នាំ រស់នៅខេត្តបាត់ដំបង ។ មន្ត្រីព្រំដែនបានឱ្យដឹងទៀតថា ជននេះ បានធ្វើសកម្មភាពឆក់ខ្សែ.កពីស្ត្រីខ្មែរម្នាក់ឈ្មោះចាន់ រើន ដែលកំពុងដើរក្នុងផ្សារក្នុងទឹកថៃ បង្កឱ្យមានការផ្អើលឆោឡោពេញផ្សារតែម្តង ។

ជនដៃដល់រូបនេះ ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនបានភ្លាមៗដែរ ។ បើតាមមន្ត្រីព្រំដែនខ្មែរបានបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យឈ្មោះសំរិទ្ធ សុជា ត្រូវបានសមត្ថកិច្ចថៃ បញ្ជូនទៅកាន់ស្រុកខ្លងហាតហើយ ដើម្បីសាកសួរ។ ប៉ុន្តែគេមិនទាន់ដឹងថា តើអាជ្ញាធរថៃនឹងបញ្ជូនជនសង្ស័យរូបនេះ មកឱ្យសមត្ថកិច្ចចាត់ការវិញឬយ៉ាងណានោះទេ ។

ចែករំលែកព័តមាននេះ