ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បឺត សង្ឃឹម ហាលអាវ​ពី​ពាន​ជើងឯក ឡើង​តែម​ប៉ះ​ថៃ​ថ្ងៃស្អែក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៥ ឧសភា ស្អែក​នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ នឹង​បើក​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ដូច​សព្វដង​ទៀត​ហើយ​នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែក​កំ​ពិស ម្ដុំ​ព្រែក​ហូរ ជាយ​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នៅ​ល្ងាច​ថ្ងៃ​សៅរ៍ ទី​៥ ឧសភា ស្អែក​នេះ ស្ថានីយទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥ នឹង​បើក​ការ​ប្រដាល់​ជា​លក្ខណៈ​អន្តរជាតិ​ដូច​សព្វដង​ទៀត​ហើយ​នៅ​ក្នុង​ទីតាំង​របស់​ខ្លួន​ដែល​ស្ថិត​នៅ​ព្រែក​កំ​ពិស ម្ដុំ​ព្រែក​ហូរ ជាយ​រាជធានី​ភ្នំពេញ បើ​ទោះជា​ការ​ប្រកួត​នៅ​ស​ប្ដា​ហ៍នេះ មិន​មានការ​ប្រកួត​ជម្រុះ​ជើងឯក​ដើម្បី​ឱ្យ​៤​នាក់​ដែល​ទើប​រក​ឃើញ​បាន​សម្រាក​មួយស​ប្ដា​ហ៍ ។ ជើង​ខ្លាំង បឺត សង្ឃឹម ដែល​ទើប​ធ្លាក់​ចេញពី​ការ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​មុន​នេះ ទទួល​ការ​ចាប់អារម្មណ៍​ហួសប្រមាណ​ក្រោយ​ពី​មានការ​ប្រកាស​ថា តម្រូវ​ឱ្យ​ស្វាគមន៍​ម្ចាស់​ខ្សែក្រវាត់​ល្បីឈ្មោះ​នៅ​ក្នុង​ប្រទេស​ថៃ​ឈ្មោះ ពេជ្រ ងិ​ន​ថង ដែល​កីឡាករ​រូប​នេះ ក្រៅពី​ជា​ម្ចាស់​ខ្សែក្រវាត់​ល្បីឈ្មោះ​នៅ​ក្នុង​ប្រទេស​ថៃ ក៏​មាន​ថ្វីដៃ​បំបាក់​កីឡាករ​បរទេស និង​កីឡាករ​ថៃ​ដូច​គ្នា​រាប់​មិន​អស់​ផង​ដែរ ។

លោក សេង ក​ដិ​កា អ្នក​រៀបចំ​កម្មវិធី​ប្រកួត​ប្រដាល់​ប្រចាំ​សង្វៀន​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​បញ្ជាក់​ថា សមាសភាព​ខាង​កម្ពុជា សម្រាប់​ការ​ប្រកួត​ជាមួយ​ថៃ លោក​ជឿជាក់​ខ្លាំង​លើ​កីឡាករ បឺត សង្ឃឹម ដោយសារ​តែ​កីឡាករ​រូប​នេះ ធ្លាប់​មាន​ស្នាដៃ​រាប់​មិន​អស់ ទើប​លោក​​សម្រេច​ដាក់​ឱ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​ជាមួយ​កីឡាករ​ថៃ បើ​ទោះជា​គេ​របូត​ឱកាស​ឡើង​ទៅ​វគ្គ​១​ភាគ​៤​ក្ដី ។ លោក​ប្រកាស​ថា វត្តមាន​ចុះ​មក​របស់​កីឡាករ​ថៃ ពេជ្រ ងិ​ន​ថង មាន​តែ បឺត សង្ឃឹម ម្នាក់​ប៉ុណ្ណោះ ដែល​លោក​សម្លឹង​ឃើញ​ថា​មានបទពិសោធន៍ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​អាច​ឱ្យ​ប្រកួត​ជាមួយ​បាន ជា​ពិសេស​គឺ​អ្នក​ទាំង​ពីរ​មាន​គីឡូ​ត្រូវ​គ្នា ។

លោក​ក៏​បាន​កំណត់​ឱ្យ​កីឡាករ​កម្ពុជា​រូប​នេះ​ហ្វឹកហាត់​ជាប់លាប់​មិន​តិច​ជាង​១​ស​ប្ដា​ហ៍​ផង​ដែរ មុន​ពេល​ផ្គូផ្គង ទើប​លោក​ហ៊ាន​អះអាង​ថា សមាសភាព​កីឡាករ​កម្ពុ​ជាមួយ​នេះ​គ្រប់គ្រាន់​សម្រាប់​ឱ្យ​ប៉ុស្តិ៍​លេខ​៥​ដាក់​ឱ្យ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​បាន ។ លោក​ថា កីឡាករ​កម្ពុជា និង​ថៃ​សុទ្ធតែ​ត្រូវ​បាន​អះអាង​ថា​មានការ​ត្រៀម
ខ្លួន​ច្បាស់លាស់ ដោយសារ​តែ​ភាគី​ម្ខាង​ៗ​ចង់​ឈ្នះ​ការ​ប្រកួត​រៀងខ្លួន និង​មិន​ចង់​បាត់​បង់​ក្រេ​ឌី​ត​ក្រោយ​ពេល​ប៉ះ​គ្នា ។ មួយគូ​នេះ មានការ​ចាប់អារម្មណ៍​ភាគច្រើន​ថា​នឹង​មាន​អ្នក​ស្នេហា​វិស័យ​ប្រដាល់​ជក់ចិត្ត ដោយសារ​ជា​បទ​ពិសោធន៍ កីឡាករ បឺត សង្ឃឹម មិនសូវ​មាន​ទម្លាប់​ឡើង​វ៉ៃ​លាក់​ដៃ​ស្រាប់​ទៅ​ហើយ ស្របគ្នា​ដែល​គេ​ក៏​ជា​កីឡាករ​ក្លាហាន ហើយ​វាយ​ស៊ូ​ទៀត​ផង ។

លោក សេង ក​ដិ​កា បន្ត​ថា ជំនួប​អន្តរជាតិ​ដែល​បាន​ធ្វើ​ឡើង​នៅ​ប៉ុស្តិ៍​លេខ​៥ មិនមែន​សុទ្ធតែ​រន្ថើន​ព្រឹត្តិការណ៍​ជើងឯក​ឱ្យ​អ្នក​ទស្សនា​កាន់តែ​មាន​អារម្មណ៍​កញ្ជ្រោល​នោះ​ទេ ប៉ុន្តែ​សម្រាប់​ជំនួប​រវាង​កីឡាករ​ទាំង​២ លោក​ជឿជាក់​ថា​នឹង​កក្រើក ដោយសារ​កីឡាករ​ថៃ​លោក​ស្គាល់​ថ្វីដៃ​ច្បាស់​ហើយ​ថា មិនធម្មតា ហើយ​សម្រាប់​កីឡាករ​កម្ពុជា​វិញ​ក៏​ល្អ​ស្ថិត​ក្នុង​ទំនុកចិត្ត​លោក​តាំងពី​មុន​ផ្គូផ្គង ។ បើ​ទោះជា​កីឡាករ​កម្ពុជា​ត្រូវ​ប្រឈម​នឹង​កីឡាករ​ថៃ​មាន​ថ្វីដៃ​ល្អ ក៏​លោក​នៅ​តែ​ប្រកាស​លើកទឹកចិត្ត​ចំពោះ​បឺត សង្ឃឹមថា មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​ការ​តតាំង និង​មាន​សង្ឃឹម​ឈ្នះ​ច្រើន ពោល​គឺ​ល្អ​ជាង​ការ​ផ្គូផ្គង​ដាក់​កីឡាករ​កម្ពុជា​ផ្សេង​ឱ្យ​ជំនួស ។ ជំនួប​រវាង​ពួក​គេ​លោក​នៅ​តែ​ថា​មិនមែន​ជា​រឿង​ចៃដន្យ និង​មិនមែន​ជា​រឿង​ធម្មតា ដោយសារ​មានការ​ព្រាង​ទុក​ពី​សំណាក់​រូប​លោក​ដែល​ជា​អ្នក​ផ្គូផ្គង​នៅ​ប៉ុស្តិ៍​លេខ​៥ និង​ការ​រៀបចំ​ទុក​ពី​សំណាក់​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​តែ​​ម្ដង ។

លោក​ថា មួយគូ​នេះ​អ្នក​ណា​ឈ្នះ​ក្រៅពី​ទទួល​បាន​ទឹកប្រាក់​ច្រើន​ជាង​ក៏​ទទួល​បាន​ទំនុក​ចិត្ត​ពី​អ្នកគាំទ្រ​កាន់តែ​ខ្លាំង​ផង​ដែរ ។ ផ្ទុយ​ទៅ​វិញ បើ​ចាញ់​ការ​ប្រកួត​ហើយ​ជា​កីឡាករ​កម្ពុជា​ទៅ​ទៀត គឺ​មិន​ត្រឹមតែ​អាម៉ាស់​ប៉ុណ្ណោះ​ទេ ក៏​នឹង​មានការ​រិះគន់​ធ្ងន់ធ្ងរ​នៅ​ក្នុង​ស្រទាប់​អ្នក​ចូល​ចិត្ត​កីឡាប្រដាល់​ថា​ប្រកួត​លែង​កើត ឬ​ធ្លាក់ដៃ ក្រោយ​ពី​ឡើង​កូដ​មួយ​ប្រាវ ។ យ៉ាងណាមិញ លោក​ថា កីឡាករ​កម្ពុជា ដ្បិតថា​រូប​លោក និង​អ្នកគាំទ្រ​ទុក​ចិត្ត​ពី​សមត្ថភាព​យ៉ាងហ្នឹង តែបើ​គេ​ប្រកួត​មិនល្អ ឬ​មិន​អស់ពី​សមត្ថភាព ក៏​ពិតជា​រង​ការ​រិះគន់​មិន​តិច​ដែរ ។ លោក​ថា ជំនួប​របស់​ពួក​គេ​ត្រូវ​បាន​ដាក់​យ៉ាង​ពិសេស​សម្រាប់​ថ្ងៃ​សៅរ៍​ស​ប្ដា​ហ៍​នេះ តែ​ក៏​ទាមទារ​ឱ្យ​ប្រឹងប្រែង​ណាស់​ដែរ គឺ​មិន​អាច​សំអាង​ត្រឹម​ថា​ជា​កីឡាករ​ល្បី​ស្រាប់ មានការ​គាំទ្រ​ស្រាប់ ហើយ​ក៏​ខ្វះ​ការ​ប្រឹង​ប្រឹង​នោះ​ទេ ។ លោក​នៅ​តែ​ចាត់​ទុក​ថា បឺត សង្ឃឹម នៅ​តែ​ជា​កីឡាករ​ដែល​ខ្លាំង​បើ​ទោះជា​មិនសូវ​បង្ហាញ​វត្តមាន​ជាប់លាប់​នៅ​លើ​សង្វៀន​ប្រដាល់​ក្ដី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ