ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២​ខែ​ដើមឆ្នាំភ្ញៀវ​ទេសចរអន្តរជាតិ​ចូល​មក​ទស្សនាកម្ពុជាកើន​ជាង១១%

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​២​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូល​មក​ទស្សនា​កម្ពុជា មាន​ចំនួន​១.១៣៩.១៧៨​នាក់ កើនឡើង​ប្រមាណ​១១,១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៧ ។ ក្នុង​នោះ ភ្ញៀវ​ទេសចរ​ចិន​នៅ​តែ​ឈរ​លំដាប់​ទី​១…

រាជធានី​ភ្នំពេញ ៖ រយៈពេល​២​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូល​មក​ទស្សនា​កម្ពុជា មាន​ចំនួន​១.១៣៩.១៧៨​នាក់ កើនឡើង​ប្រមាណ​១១,១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៧ ។ ក្នុង​នោះ ភ្ញៀវ​ទេសចរ​ចិន​នៅ​តែ​ឈរ​លំដាប់​ទី​១ ក្នុង​ចំណោម​ទីផ្សារ ទេសចរណ៍​សំខាន់​ៗ​ទាំង​១០​របស់​កម្ពុជា ។ នេះ​បើ​យោង​តាម​របាយការណ៍​ក្រសួងទេសចរណ៍ ។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា ភ្ញៀវ​ទេសចរ​ចិន​ដែល​ចូល​មក​ទស្សនា​កម្ពុជា​រយៈពេល​២​ខែ​ដើមឆ្នាំ​នេះ មាន​ចំនួន​៣១៧.៨៨៦​នាក់ ស្មើនឹង​២៧,៩%​នៃ​ចំនួន​សរុប កើនឡើង​៨៤,៣% បើ​ធៀប​នឹង​គ្រា​ដូច​គ្នា​នៃ​ឆ្នាំ​មុន ។ ចំណែក​ភ្ញៀវ​ទេសចរ​វៀតណាម ស្ថិត​ក្នុង​លំដាប់ ថ្នាក់​លេខ​២ មាន​ចំនួន​១២២.១៤៣​នាក់ ស្មើនឹង​១០,៧%​នៃ​ចំនួន​សរុប ថយ​ចុះ​១០,៧% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា ប្រភព​ទីផ្សារ​ទេសចរណ៍​សំខាន់​ៗ​មក​កម្ពុជា​ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​នេះ រួម​មាន ភ្ញៀវ​មក​ពី​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ចំនួន​៨៤៨.៣៣៣​នាក់ ស្មើនឹង ៧៤,៤%​នៃ​ចំនួន​សរុប កើនឡើង​១៧,៤% ។ ភ្ញៀវ​មក​ពី​តំបន់​អឺរ៉ុប មាន​ចំនួន​២០៤.៣២០​នាក់ ស្មើនឹង​១៧,៩%​នៃ​ចំនួន​សរុប ថយ​ចុះ ៣% ខណៈ​ភ្ញៀវ​មក​ពី​តំបន់​អា​មេ​រិ​ក មាន​ចំនួន​៨៣.២៨៨​នាក់ ស្មើនឹង​៧,៣%​នៃ​ចំនួន​សរុប ថយ​ចុះ​៦,៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ។

ចំពោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ទៅ​ទស្សនា​តំបន់​អាទិភាព​សំខាន់​ៗ​រួម​មាន ៖ រាជធានី​ភ្នំពេញ មាន​ចំនួន​៥៤៨.៩៧៦​នាក់ ស្មើនឹង​៤១,៥%​នៃ​ចំនួន​សរុប កើនឡើង​១២,៨% ។ សៀមរាប​អង្គរ ចំនួន​៥៩០.២០២​នាក់ ស្មើនឹង​៤៤,៦%​នៃ​ចំនួន​សរុប កើនឡើង​៩,៥% ។ តំបន់ឆ្នេរ​សមុទ្រ ចំនួន​១៦៩.៣៦១​នាក់ ស្មើនឹង​១២,៨%​នៃ​ចំនួន​សរុប កើនឡើង​១៤,៤%​។ តំបន់​អេកូ​ទេសចរណ៍​ភូមិភាគ​ឦសាន មាន​ចំនួន​១៥.៣៨៤​នាក់ ស្មើនឹង​១,២%​នៃ​ចំនួន​សរុប កើនឡើង​៤,២% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៧​កន្លង​ទៅ​។ ចំណែក​តំបន់​ប្រាសាទព្រះវិហារ មាន​ចំនួន​១៤.៩០៦​នាក់ ថយ​ចុះ​១១,៣% ។

ទន្ទឹម​នឹង​កំណើន​នៃ​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នេះ របាយការណ៍​បាន​ឲ្យ​ដឹង​ដែរ​ថា ភ្ញៀវ​ទេសចរ​ជាតិ​ដែល​បាន​ចេញ​ទៅ​ក្រៅប្រទេស ក៏​មានការ​កើនឡើង​ផង​ដែរ ។
របាយការណ៍​បាន​ឲ្យ​ដឹង​ថា រយៈពេល​២​ខែ​ដើមឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​ជាតិ ចំនួន​២៨៩.២៧៩​នាក់ បាន​ចេញ​ទៅ​ទស្សនា​កម្សាន្ដ​នៅ​ក្រៅប្រទេស កើនឡើង​១៤,១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៧ ។
កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​បន្ដ​កើនឡើង​នេះ បើ​តាម​ប្រតិបត្តិ​ករ​ទេសចរណ៍​ក្នុង​វិស័យ​ឯកជន​បាន​លើក​ឡើង​ថា ដោយសារ​តែ​ការ​ភ្ជាប់​ជើងហោះហើរ​តាម​គោលដៅ​សហគមន៍​របស់​យើង​នៅ​អាស៊ី ជា​ពិសេស​ប្រទេស​ចិន ។

លោក ហូ វ​ណ្ឌី បាន​ថ្លែងប្រាប់​កោះសន្ដិភាព កាលពី​ថ្ងៃ​ទី​១ ឧសភា កន្លង​មក​ថា ៖«​អំឡុង​ពេល​នេះ ជា​ពេល​ដែល​មាន​ភ្ញៀវ​តិច ក៏​ប៉ុន្ដែ​យើង​ឃើញ​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​ទស្សនា​មាន​កំណើន​ខ្ពស់ ។ នេះ​ដោយសារ​តែ​កម្ពុជា​បាន​ភ្ជាប់​ជើងហោះហើរ​តាម​គោលដៅ​សហគមន៍​របស់​យើង​នៅ​អាស៊ី ជា​ពិសេស​ប្រទេស​ចិន » ។
ទោះ​យ៉ាងនេះ​ក្ដី លោក​ក៏​បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​អាជ្ញាធរ​ពាក់ព័ន្ធ មេត្តា​យកចិត្តទុកដាក់​លើ​ការ​ការពារ និង​ការ​ថែទាំ ពិសេស​គឺ​ថែរក្សា​នូវ​កេរដំណែល​បុព្វបុរស​ដូនតា​យើង​ឲ្យ​នៅ​គង់វង្ស ព្រមទាំង​ថែរក្សា​បរិស្ថាន និង​អនាម័យ​ឲ្យ​បាន​ស្អាត ព្រោះ​សំរាម​ជាស​ត្រូវ​របស់​ភ្ញៀវ​ទេសចរ ។

យោង​តាម​របាយការណ៍​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច វិស័យ​ទេសចរណ៍​ត្រូវ​បាន​រំពឹង​ថា នឹង​បន្ត​ងើបឡើង​ក្នុង​អត្រាកំណើន​៤,៥%​ក្នុង​ឆ្នាំ​២០១៨ និង​៤,៧%​ក្នុង​ឆ្នាំ​២០១៩ ដោយសារ​កំណើន​ខ្ពស់​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ជា​ពិសេស​ទេសចរ​ពី​តំបន់​អាស៊ី គួប​ផ្សំ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្សព្វផ្សាយ​, ការ​លើកទឹកចិត្ត​ឲ្យ​មានការ​បើក​ជើងហោះហើរ​ត្រង់ និង​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​នានា ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម ។ ជាមួយ​គ្នា​នេះ ការ​ធ្វើ​ពិពិធ​កម្ម​ផលិតផល និង​គោលដៅ​ទេសចរណ៍ ព្រមទាំង​ការ​ទាក់ទាញ​ភ្ញៀវ​ឲ្យ​ចំណាយ​ខ្ពស់ នៅ​តែ​ជា​ប្រការ​ចាំបាច់ និង​បន្ទាន់ សំដៅ​ធានា​ចីរភាព​កំណើន​នៃ​វិស័យ​នេះ ដើម្បី​បន្ត​តួនាទី​ជា​ជ​ន្ទ​ល់​ដ៏​សំខាន់​មួយ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ