ខេត្តកណ្ដាល ៖ នគរបាលស្រុកកោះធំបានធ្វើការត្រួតពិនិត្យផ្ទះជួលមួយកន្លែងដោយបានឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រី៤នាក់ ខ្មែរម្នាក់ ដែលបានជួញដូរគ្រឿងញៀន និងរកឃើញគ្រឿងញៀនច្រើនប្រភេទ កាលពីម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលភូមិព្រែកស៊ឹង ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

នគរបាលបានឱ្យដឹងបន្ថែមថា ជនសង្ស័យចំនួន៥នាក់ដែលបានឃាត់ខ្លួនទី១-ឈ្មោះ ដាំង ថាន់ធី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម មុខរបរមិនពិតប្រាកដ, ទី២-ឈ្មោះ ជា វិបុល ហៅឡុង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ផ្ទះ3DE1 ផ្លូវ388 ភូមិ3 មុខរបរបុគ្គលិកកាស៊ីណូ, ទី៣-ឈ្មោះ ប៊ួយ ធីជិន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិ អានថេរ ឃុំអានថេរ ស្រុកកេសិត ខេត្តសុចាំង ប្រទេសវៀតណាម មុខរបរបុគ្គលិកកាស៊ីណូ, ទី៤-ឈ្មោះ ង្វៀង យ៉ាំងសាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅភូមិប៉ិនយី ឃុំឃិនប៉ិន ស្រុកអាងភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម មុខរបរទិញលក់ផ្លែស្វាយ និងទី៥-ឈ្មោះ ប៊ួយ ធីគីមទ្រី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម មុខរបរនារីខារ៉ាអូខេ ។
ពេលឃាត់ខ្លួនវត្ថុតាងចាប់យកមាន ១-ម្ស៉ៅក្រោមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន០២កញ្ចប់ធំ, ថ្នាំញៀនអ៊ិចស្តាស៊ី(ADMA) ១៣គ្រាប់, ថ្នាំម៉ាទឹកកកលាយ ADMA ចំនួន២កញ្ចប់តូច, ថ្នាំ ADMA បំបែកហើយចំនួន១កញ្ចប់តូច និងកញ្ឆាក្រៀមចំនួន១កញ្ចប់, ទូរស័ព្ទចល័តចំនួន៩គ្រឿង, ប្រាក់វៀតណាមចំនួន១.៥៦០.០០០(មួយលានហាសិបប្រាំម៉ឺនប្រាំមួយពាន់ដុង), ប្រាក់ដូល្លារចំនួន១៥១ដុល្លារ និងប្រាក់រៀលចំនួន៧៣០០រៀល រួមនឹងសម្ភារកែច្នៃប្រើប្រាស់គ្រឿងញៀនមួយចំនួន ។ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើរួមនឹងវត្ថុតាងដូចបានចាប់យកខាងលើត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកោះធំដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ