ខេត្តតាកែវ ៖ ជនសង្ស័យ៣នាក់ត្រូវបានប៉ូលិសស្រុកបាទីធ្វើការចាប់ខ្លួនរួចកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តដើម្បីចាត់ការបន្ត ។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោង០៩និង០០នាទីព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចភូមិតាស៊ូ ឃុំត្រពាំងសាប ស្រុកបាទី ។

លោកវរសេនីយ៍ឯក ងាន់ សារី អធិការនគរបាលស្រុកបាទីបានឱ្យដឹងថា ជនសង្ស័យមានគ្នាចំនួន០៣នាក់ទី១-ឈ្មោះ នឹម សុចាន់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិផ្សារគុម្ពឬស្សី ឃុំតាំងដូង ស្រុកបាទី, ទី២-ឈ្មោះ ស្រ៊ី ណែម ហៅខេវ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិរាំង ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងទី៣-ឈ្មោះ ឈួន ភ័ក្រ ហៅឆាង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រាំគល់ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ បានធ្វើសកម្មភាពលួចកាច់សោរ.កម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ ១CU-៣៤៤១ ជារបស់ឈ្មោះ សុក សឿន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិកណ្តឹងធំ ឃុំកណ្តឹង ស្រុកបាទី ខណៈពេលជនរងគ្រោះជិះមកពីព្យាបាលជម្ងឺនៅផ្ទះគ្រូទាយ ស្ថិតក្នុងភូមិ-ឃុំកើតហេតុ ។

នៅចំពោះមុខប៉ូលិសជនសង្ស័យបាននិយាយសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពកាច់សោរ.កយកម៉ូតូពិតប្រាកដមែនហើយធ្លាប់បានធ្វើសកម្មភាពជាច្រើនលើកមកហើយ នៅពេលនេះសមត្ថកិច្ចបានកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្តកាត់ទោសទៅតាមច្បាប់ ៕
ចែករំលែកព័តមាននេះ