រាជធានីភ្នំពេញ ៖ អ្នកប្រើប្រាស់ទូរស័ព្ទបាននិងកំពុងរអ៊ូរទាំពីការបាត់សាច់ប្រាក់នៅក្នុងគណនី ដោយពុំដឹងមូលហេតុច្បាស់លាស់ ឬពុំបានភ្ជាប់កម្មវិធីណាមួយសោះ បែរជាមានភ្ជាប់ដោយស្វ័យប្រវត្តិ និងកាត់ប្រាក់ប្រចាំខែជាដើម ។
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និងអភិវឌ្ឍន៍នៃក្រុមហ៊ុន Emerging Markets Consulting លោក ង៉ែត ជូ ក៏ធ្លាប់បានឮបញ្ហានេះដែរ ហើយលោកចង់ឲ្យក្រសួងពាក់ព័ន្ធធ្វើការស៊ើបអង្កេត ។ លោកថា ៖« ប្រជាពលរដ្ឋរអ៊ូរឿងបាត់សាច់ប្រាក់នៅក្នុងគណនីទូរស័ព្ទនេះ សម្រាប់ខ្ញុំធ្លាប់បានឮ និងឃើញតាមហ្វេសប៊ុក គ្រាន់តែថាពិត ឬមិនពិតនោះ យើងអត់មានអ្វីអះអាងទេ តែសម្រាប់ខ្ញុំ ពុំធ្លាប់បានជួបរឿងនេះទេ » ។
លោកបន្តថា វិស័យទូរស័ព្ទ គឺជាទីផ្សារមួយធំ ដែលការគ្រប់គ្រងអាចមានការប្រឈមច្រើនជាមួយការយល់ច្រឡំព័ត៌មាន ឬការពិត វាអាចកើតមានក្នុងករណីមួយចំនួន ។ ដូចនេះ ត្រូវមានភាគីទី៣ ដូចជា ក្រសួងពាក់ព័ន្ធ ពេលឮការរអ៊ូរទាំ គាត់គួរតែចាត់វិធានការស៊ើបអង្កេតមើល ឬបញ្ជាក់ថា វាមានបញ្ហាដូចការលើកឡើងឬយ៉ាងណា ។
លោកថ្លែងថា ៖« យើងអាចពិនិត្យមើលគណនីទូរស័ព្ទរបស់អ្នករិះគន់ថា មានប្រតិបត្តិការបែបម៉េច និងអាចមានការបាត់សាច់ប្រាក់មែនឬអត់ ? យើងមើលទៅលើប្រតិបត្តិការជាក់ស្តែង ។ អាជ្ញាធររដ្ឋាភិបាលចុះធ្វើការដោយឯករាជ្យ និងបញ្ជាក់ពីលទ្ធផលជាក់ស្តែង ចៀសវាងកុំឱ្យមានមន្ទិលធ្វើឱ្យមានការប៉ះពាល់ច្រើនទៅដល់វិស័យហ្នឹង » ។
លោក ប៊ីត អាដាំ បុគ្គលិកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុនមិត្តហ្វូន បានឱ្យដឹងថា ៖« ទាក់ទងនឹងព័ត៌មានពាក្យចចាមអារ៉ាមខាងលើនេះ យើង[មិត្តហ្វូន] មិនដែលគិតកម្រៃសេវាផ្តេសផ្តាសទៅលើអតិថិជនទេ ។ រាល់សេវាកម្មទាំងអស់របស់មិត្តហ្វូន មានរបៀបភ្ជាប់ការប្រើប្រាស់ លុះត្រាតែមានការចុចភ្ជាប់ពីអតិថិជន ទើបប្រព័ន្ធភ្ជាប់ជូនអតិថិជន » ។
ការបាត់សាច់ប្រាក់នៅក្នុងគណនីទូរស័ព្ទដែលធ្វើឱ្យពលរដ្ឋរអ៊ូរទាំនេះ គឺមួយផ្នែកអាចមកពីអតិថិជនបានភ្ជាប់ពីមុនមកហើយ មិនទាន់ផ្តាច់ ប៉ុន្តែដល់បញ្ចូលលុយទូរស័ព្ទ ធ្វើឱ្យប្រព័ន្ធនោះភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ និងកាត់លុយដូចមុនតែម្តង ។
លោក ប៊ីត អាដាំ លើកឡើងថា ៖«ពេលខ្លះ អាចមានសេវាកម្មមួយចំនួនដែលអតិថិជនធ្លាប់ភ្ជាប់ពីមុន អីចឹង វានឹងភ្ជាប់ឡើងវិញដោយស្វ័យប្រវត្តិ នៅពេលដល់ខែ ។ អ្នកប្រើប្រាស់អត់បានចំណាំត្រង់ចំណុចនេះ ធ្វើឱ្យពួកគាត់គិតថា បាត់ចំណែកសាច់ប្រាក់ក្នុងគណនី » ។
លោកបន្តថា ៖« ថ្មីៗនេះ ក្រុមហ៊ុនក៏បានដាក់ឱ្យដំណើរការ App ដើម្បីឲ្យអតិថិជនអាចដោនឡូតបានសម្រាប់មើលលេខទូរស័ព្ទគាត់ប្រើប្រាស់លើេសេវាកម្មអ្វីខ្លះ ដើម្បីផ្ទៀងផ្ទាត់ពីប្រតិបត្តិការទូរស័ព្ទចេញ-ចូល ឬកាត់ប្រាក់លើសេវាកម្ម គឺអាចមើលនៅលើកម្មវិធី នេះបានផងដែរ » ។
លោកបណ្ឌិត កាន ច័ន្ទមេត្តា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ មានប្រសាសន៍ថា ៖« យើងមិនទាន់ទទួលបានព័ត៌មាននេះទេ អីចឹងហើយបានជាយើងអញ្ជើញគាត់ [ក្រុមហ៊ុន] មកអង្គុយធ្វើការជាមួយគ្នាលើការងារនេះសិន ។ ពេលឃើញចំណុចខ្លាំង និងចំណុចខ្សោយកន្លែងណា គឺយើងចូលរួមដោះស្រាយទាំងអស់គ្នា ដើម្បីប្រយោជន៍ដល់អ្នកប្រើប្រាស់ » ។
លោកបណ្ឌិតបន្តថា ៖« យើងមានអគារធិការដ្ឋាន បើមានការរិះគន់ណាមួយកើតឡើង គឺយើងនឹងស្នើសុំឯកឧត្តមរដ្ឋមន្ត្រី ធ្វើការចាត់តាំងអគារធិការដ្ឋាន សហការជាមួយខាងនាយកដ្ឋានចុះពិនិត្យមើលអង្គហេតុ ក៏ដូចជាអំពើណាមួយដែលអាចកើតឡើង » ៕
ចែករំលែកព័តមាននេះ