ប្រទេសប្រេស៊ីល ៖ អ៊ិច (X) ដែលជាបណ្តាញសង្គមដ៏ពេញនិយមបំផុតមួយរបស់ពិភពលោក ត្រូវបានបិទនៅក្នុងប្រទេសប្រេស៊ីល បន្ទាប់ពីមានជម្លោះពាក់ព័ន្ធនឹងរឿងព័ត៌មានមិនពិតនៅក្នុងប្រទេសប្រេស៊ីល ដែលជាប្រទេសមានចំនួនប្រជាជនប្រើប្រាស់ឌីជីថលធំទី៥ នៅលើពិភពលោក។
ការបិទដ៏ភ្ញាក់ផ្អើលនេះ កើតឡើងក្រោយការបដិសេធរបស់លោក អេឡុន ម៉ាសក៍ (Elon Musk) នៅក្នុងការអនុលោមតាមច្បាប់កំណត់ដោយចៅក្រមតុលាការកំពូលប្រេស៊ីល។ នេះបើយោងតាមប្រភពពីសារព័ត៌មាន BBC, AP និង The Guardian ចេញផ្សាយកាលពីថ្ងៃទី៣១ សីហា កន្លងទៅ។
អ្នកប្រើប្រាស់បណ្តាញសង្គម X ដែលពីមុនជាធ្វីតទ័រ (Twitter) រាប់លាននាក់ នៅក្នុងប្រទេសប្រេស៊ីលភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពួកគេមិនអាចចូលប្រើបណ្តាញសង្គមមួយនេះបាននៅព្រឹកថ្ងៃទី៣១ សីហា កន្លងទៅ ខណៈអ្នកផ្តល់សេវាអ៊ីនធឺណិត និងក្រុមហ៊ុនទូរស័ព្ទក្នុងស្រុកបានចាប់ផ្តើមអនុវត្តការហាមឃាត់នេះ។
លោក អាឡិចសាន់ឌឺ ដឺ ម៉ូរ៉ាស (Alexandre de Moraes) រដ្ឋមន្ត្រីតុលាការសហព័ន្ធកំពូលប្រេស៊ីលបានបញ្ជាឱ្យបិទជាបន្ទាន់ និងពេញលេញ នៃបណ្តាញសង្គម X រហូតដល់ក្រុមហ៊ុនគោរពតាមបញ្ជារបស់តុលាការទាំងអស់ និងបង់ការផាកពិន័យដែលមានស្រាប់។
បញ្ហាបានចាប់ផ្តើមនៅក្នុងខែមេសាកន្លងទៅ ដោយចៅក្រមប្រេស៊ីលបានបញ្ជាឱ្យបិទគណនីបណ្តាញសង្គម X រាប់សិបគណនី សម្រាប់ការផ្សព្វផ្សាយព័ត៌មានមិនពិត។ ប្រតិកម្មនឹងការសម្រេចចិត្តនេះ លោក អេឡុន ម៉ាសក៍ ប្រធានក្រុមហ៊ុនខ្នាតយក្សអាមេរិកមួយនេះលើកឡើងថា ការបញ្ចេញមតិដោយសេរី គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យ ហើយចៅក្រមដែលមិនមែនជាប់ដោយការបោះឆ្នោតនៅក្នុងប្រទេសប្រេស៊ីល កំពុងបំផ្លាញវាសម្រាប់គោលបំណងនយោបាយ។ ការលើកឡើងនេះ បង្កើតរឿងរ៉ាវកាន់តែធំរវាងមហាសេដ្ឋីបច្ចេកវិទ្យាដ៏ល្បីឈ្មោះរូបនេះ ជាមួយនឹងរដ្ឋអាជ្ញាប្រទេសប្រេស៊ីល។
បណ្ដាញសង្គម X ត្រូវបានប្រើប្រាស់យ៉ាងហោចណាស់ មួយភាគដប់ នៃប្រជាជន ២០០ លាននាក់របស់ប្រទេសប្រេស៊ីល។ ហើយគិតត្រឹមព្រឹកថ្ងៃទី៣១ ខែសីហា កន្លងទៅ ម្ចាស់គណនីជាច្រើនបានរាយការណ៍ថា ពួកគេមិនអាចចូលប្រើបណ្តាញសង្គមនេះ។
បណ្តាញសង្គមនេះ បានបិទការិយាល័យរបស់ខ្លួនក្នុងប្រទេសប្រេស៊ីល កាលពីដើមខែនេះ ដោយបញ្ជាក់ថា អ្នកតំណាងរបស់ខ្លួនត្រូវបានគំរាមកំហែងជាមួយការចាប់ខ្លួន ប្រសិនបើនាងមិនគោរពតាមបញ្ជាតុលាកំពូលប្រេស៊ីល។ បណ្តាញសង្គម X ដែលអ្នកប្រើប្រាស់ជាច្រើន គឺជាអ្នកគាំទ្រអតីតប្រធានាធិបតីស្តាំនិយម Jair Bolsonaro ត្រូវបានបិទនៅក្នុងប្រទេសប្រេស៊ីល ខណៈពេលដែលកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។
លើសពីនេះទៀត លោក អាឡិចសាន់ឌឺ ដឺ ម៉ូរ៉ាស បានផ្តល់ពេលឱ្យក្រុមហ៊ុនដូចជា Apple និង Google រយៈពេល៥ថ្ងៃ ដើម្បីដកបណ្តាញសង្គម X ចេញពីប្រតិបត្តិការរបស់ពួកគេនិងរារាំងការប្រើប្រាស់នៅលើប្រព័ន្ធ iOS និង Android ។ លោកបានបន្ថែមថា បុគ្គល ឬអាជីវកម្មណាមួយ ដែលប្រើប្រាស់មធ្យោបាយដូចជា បណ្តាញឯកជននិម្មិត ឬ VPN ដើម្បីចូលប្រើប្រាស់បណ្តាញសង្គម X អាចនឹងត្រូវពិន័យជាទឹកប្រាក់ក្នុងមួយថ្ងៃចំនួន ៨,៩០០ដុល្លារជាប្រចាំថ្ងៃ។
គួរឱ្យដឹងផងដែរថា ក្រុមហ៊ុន Twitter ត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ ២០០៦ ដោយលោក Jack Dorsey, Noah Glass, Biz Stone និងលោក Evan Williams។ ប៉ុន្តែទោះយ៉ាងណា សេវាកម្មទាំងអស់នេះ ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនអាមេរិក X Corp. ដែលត្រូវបានបង្កើតឡើងដើម្បីបន្តគ្រប់គ្រងពីម្ចាស់មុន នៅក្នុងខែមីនា ឆ្នាំ ២០២៣ បន្ទាប់ពីការទិញយកក្រុមហ៊ុន Twitter កាលពីខែតុលា ឆ្នាំ ២០២២ ដោយលោក អេឡុន ម៉ាសក៍ ក្នុងតម្លៃ៤៤ពាន់លានដុល្លារអាមេរិក។ ហើយនៅខែកក្កដា ឆ្នាំ ២០២៣ មហាសេដ្ឋីវ័យ៥៣ឆ្នាំរូបនេះ បានប្រកាសថា Twitter នឹងត្រូវបានប្តូរឈ្មោះទៅជា X វិញ ហើយនិមិត្តសញ្ញាចាស់ក៏ត្រូវបានផ្លាស់ប្តូរផងដែរ៕
ចែករំលែកព័តមាននេះ