ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រុស្ស៊ីបោះជំហានថ្មី! យន្តហោះ​ផលិតដោយបច្ចេកវិទ្យាក្នុងស្រុក ១០០% ហោះហើរជោគជ័យ​

6 ថ្ងៃ មុន

ទីក្រុងមូស្គូ៖ ប្រទេសរុស្ស៊ីបានសម្រេចសមិទ្ធផលថ្មីមួយក្នុងវិស័យអាកាសចរណ៍ស៊ីវិល បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរ MS-21-310 ដែលផលិតដោយបច្ចេកវិទ្យា និងគ្រឿងបន្លាស់ក្នុងស្រុក ១០០% បានបញ្ចប់ការហោះហើរសាកល្បងលើកដំបូងដោយជោគជ័យ។ នេះបើយោងតាមការចុះផ្សាយរបស់ MarketTimes និងប្រភពផ្សេងៗទៀត។

យន្តហោះនេះត្រូវបានបំពាក់ដោយគ្រឿងបន្លាស់ និងប្រព័ន្ធសំខាន់ៗដែលផលិតដោយក្រុមហ៊ុនរុស្ស៊ីទាំងស្រុង រួមមានម៉ាស៊ីន PD-14 ប្រព័ន្ធអេឡិចត្រូនិកអាកាសចរណ៍ ស្លាបយន្តហោះធ្វើពីសម្ភារៈកំប៉ូស៊ីត ប្រព័ន្ធបញ្ជាការហោះហើរ និងឧបករណ៍សំខាន់ៗផ្សេងទៀត។

ក្នុងអំឡុងការហោះហើរសាកល្បង អ្នកបើកយន្តហោះបានវាយតម្លៃលើស្ថិរភាព សមត្ថភាពគ្រប់គ្រង និងដំណើរការរបស់ប្រព័ន្ធផ្សេងៗ។ ក្រុមហ៊ុនឧស្សាហកម្មការពារជាតិ Rostec បានបញ្ជាក់ថា ការសាកល្បងសម្រេចបានគោលដៅទាំងអស់ដែលបានកំណត់។

គម្រោង MS-21-310 ត្រូវបានចាត់ទុកថាជាយុទ្ធសាស្ត្រសំខាន់មួយរបស់រុស្ស៊ីក្នុងការកសាងឧស្សាហកម្មអាកាសចរណ៍ឡើងវិញ និងកាត់បន្ថយការពឹងផ្អែកលើក្រុមហ៊ុនផលិតយន្តហោះលោកខាងលិច ដូចជា Boeing និង Airbus ព្រមទាំងអ្នកផ្គត់ផ្គង់គ្រឿងបន្លាស់សំខាន់ៗ។

បន្ទាប់ពីប្រឈមនឹងទណ្ឌកម្ម និងការរឹតបន្តឹងលើការផ្គត់ផ្គង់យន្តហោះ គ្រឿងបន្លាស់ និងបច្ចេកវិទ្យាពីបរទេស រុស្ស៊ីបានជំរុញការអភិវឌ្ឍបច្ចេកវិទ្យាក្នុងស្រុក ដើម្បីធានាការបន្តប្រតិបត្តិការរបស់វិស័យអាកាសចរណ៍ពាណិជ្ជកម្ម។

អ្នកជំនាញមើលឃើញថា ប្រសិនបើ MS-21-310 អាចចូលផលិតទ្រង់ទ្រាយធំបានដោយជោគជ័យ វានឹងក្លាយជាជម្រើសសម្រាប់ជំនួសយន្តហោះ Boeing និង Airbus នៅក្នុងប្រទេសរុស្ស៊ី និងជួយពង្រឹងសមត្ថភាពឯករាជ្យផ្នែកឧស្សាហកម្ម និងបច្ចេកវិទ្យារបស់ប្រទេសក្នុងរយៈពេលវែង៕