ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំពូលភ្លើងអាយុកាលវែងបំផុតលើពិភពលោក នៅតែភ្លឺក្រោយប្រើប្រាស់ជិត ១៣០ឆ្នាំ

3 អាទិត្យ មុន

បច្ចេកវិទ្យា៖ អំពូលភ្លើងមួយដែលត្រូវបានដំឡើងនៅស្ថានីយពន្លត់អគ្គិភ័យលេខ ៦ ក្នុងទីក្រុង ​Livermore​ រដ្ឋ ​California​ សហរដ្ឋអាម៉េរិក តាំងពីឆ្នាំ ​១៩០១​ នៅតែបន្តបញ្ចេញពន្លឺរហូតមកដល់សព្វថ្ងៃ ដោយកាន់កំណត់ត្រា ​Guinness World Records​ ជាអំពូលភ្លើងដែលបំភ្លឺយូរបំផុតលើពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ San Francisco Chronicle និងទស្សនាវដ្តីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Popular Science។

អំពូលនេះមានឈ្មោះថា ​Centennial Light​ ដើមឡើយជាអំពូលកម្លាំង ​៦០វ៉ាត់​ ផលិតដោយក្រុមហ៊ុន ​Shelby Electric Company​ នៅសហរដ្ឋអាម៉េរិក និងរចនាដោយវិស្វករបារាំង ​Adolphe Chaillet​។ បច្ចុប្បន្ន វាប្រើថាមពលត្រឹមប្រហែល ​៤វ៉ាត់​ ប៉ុណ្ណោះ ដែលជួយកាត់បន្ថយកម្ដៅ និងធ្វើឱ្យសរសៃអំពូលមិនឆាប់ខូច។

អ្នកវិទ្យាសាស្ត្រនៅមិនទាន់អាចបញ្ជាក់ច្បាស់ពីមូលហេតុដែលអំពូលនេះអាចប្រើប្រាស់បានយូរខ្លាំងបែបនេះទេ។ ទោះជាយ៉ាងណា គេជឿថា សរសៃកាបូនរបស់វាមានគុណភាពខ្ពស់ ជាងអំពូលសម័យថ្មី ហើយការមិនសូវបិទ-បើកញឹកញាប់ ក៏ជាកត្តាសំខាន់ដែលជួយពន្យារអាយុកាលរបស់វាផងដែរ។

សព្វថ្ងៃ ​Centennial Light​ បានក្លាយជាទីទាក់ទាញភ្ញៀវទេសចរ ដោយមានមនុស្សជាច្រើនធ្វើដំណើរទៅទស្សនាផ្ទាល់នៅស្ថានីយពន្លត់អគ្គិភ័យ។ សម្រាប់អ្នកពន្លត់អគ្គិភ័យក្នុងតំបន់ វាគ្រាន់តែជាអំពូលមួយដែលបំភ្លឺជាប្រចាំក្នុងជីវិតប្រចាំថ្ងៃប៉ុណ្ណោះ៕