ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនវ៉ាដាច់អាម៉េរិក! ក្រុមហ៊ុនរ៉ូបូតមនុស្ស ៦ ក្នុង Top 10 ពិភពលោកជារបស់ចិន

1 អាទិត្យ មុន

ទីក្រុងប៉េកាំង៖ របាយការណ៍ថ្មីពីវេទិកាស្រាវជ្រាវផ្នែកច្បាប់​ LexisNexis​ បានបង្ហាញថា ក្រុមហ៊ុន​ Start-up​ ផលិតរ៉ូបូតមនុស្ស​របស់ចិន ចំនួន ៦ បានជាប់ក្នុងចំណោមក្រុមហ៊ុនច្នៃប្រឌិតឈានមុខទាំង ១០ របស់ពិភពលោក ដែលលើសសហរដ្ឋអាម៉េរិកដល់ពីរដង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNexpress កាលពីពេលថ្មីៗនេះ។

ក្រុមហ៊ុនចិនបានដណ្តើមចំណាត់ថ្នាក់កំពូលទាំង៥ រួមមាន ​Fourier, AgiBot, LimX Dynamics, Pudu Robotics​ និង ​Unitree Robotics​ ខណៈ ​Leju Robot​ ជាប់ចំណាត់ថ្នាក់ទី៩។ ចំណែកសហរដ្ឋអាម៉េរិកមានក្រុមហ៊ុន Figure AI, Apptronik​ និង​Agility Robotics​ ជាប់ក្នុងចំណាត់ថ្នាក់ទី៦ ទី៨ និងទី១០។

របាយការណ៍បានបង្ហាញថា ចិនកំពុងនាំមុខក្នុងការច្នៃប្រឌិតបច្ចេកវិទ្យារ៉ូបូតមនុស្ស ដោយការចុះបញ្ជីប៉ាតង់បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ១០ឆ្នាំចុងក្រោយ។ នៅឆ្នាំ២០២៥ ចិនកាន់កាប់ ៦៣% នៃតម្លៃប៉ាតង់សកលក្នុងផ្នែករចនាសម្ព័ន្ធរ៉ូបូត ខណៈសហរដ្ឋអាម៉េរិកមានត្រឹម ១១% ប៉ុណ្ណោះ។

ការរីកចម្រើននេះក៏បានជំរុញការប្រកួតប្រជែងផ្នែកបច្ចេកវិទ្យារវាងចិន និងសហរដ្ឋអាម៉េរិក។ ថ្មីៗនេះ រដ្ឋបាលអាម៉េរិកបានហាមឃាត់ការនាំចូលរ៉ូបូតមនុស្ស និងរ៉ូបូតជើងបួនដែលផលិតនៅបរទេស ដោយលើកឡើងពីក្តីបារម្ភសន្តិសុខជាតិ។ ជាការឆ្លើយតប ចិនបានរិះគន់វិធានការនេះថា ជាការប្រើប្រាស់បញ្ហាសន្តិសុខជាតិ ដើម្បីដាក់សម្ពាធលើក្រុមហ៊ុនចិន និងបានព្រមានថានឹងចាត់វិធានការការពារផលប្រយោជន៍របស់ខ្លួន៕