បច្ចេកវិទ្យា៖ អ្នកដែលកំពុងរង់ចាំទិញ iPhone 18 Pro និង iPhone 18 Pro Max អាចនឹងត្រូវចំណាយថវិកាច្រើនជាងមុន។ អ្នកវិភាគ Jeff Pu មកពីស្ថាប័នវិនិយោគ GF Securities ព្យាករថា ទូរស័ព្ទជំនាន់ថ្មីទាំងពីរអាចឡើងថ្លៃចន្លោះ ២៥០ ដុល្លារ ដល់ ៣០០ ដុល្លារ បើធៀបនឹងម៉ូឌែលបច្ចុប្បន្ន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន MacRumors និង AP។
មូលហេតុសំខាន់ គឺតម្លៃផលិតឈីប 2 នាណូម៉ែត្រ (2nm) និងបន្ទះអង្គចងចាំ DRAM និង NAND បានកើនឡើងខ្លាំង ខណៈតម្រូវការឈីបសម្រាប់បច្ចេកវិទ្យា AI កំពុងកើនឡើងយ៉ាងឆាប់រហ័សនៅទូទាំងពិភពលោក។
បច្ចុប្បន្ន iPhone 17 Pro មានតម្លៃចាប់ពី ១,០៩៩ ដុល្លារ ខណៈ iPhone 17 Pro Max ចាប់ពី ១,១៩៩ ដុល្លារ។ ប្រសិនបើការព្យាករណ៍នេះក្លាយជាការពិត តម្លៃ iPhone 18 Pro អាចកើនឡើងយ៉ាងគំហុក។
អ្នកវិភាគបានបញ្ជាក់ថា ការវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធ AI បានប្រើប្រាស់សមត្ថភាពផលិតឈីបភាគច្រើនរបស់ពិភពលោក ដែលធ្វើឱ្យឈីប និងអង្គចងចាំសម្រាប់ឧបករណ៍អេឡិចត្រូនិកកាន់តែខ្វះខាត។
កាលពីខែមុន Apple ក៏បានដំឡើងតម្លៃ Mac និង iPad មួយចំនួនរួចហើយ ដោយលើកឡើងថា ការខ្វះខាតបន្ទះអង្គចងចាំដែលបណ្តាលមកពីការរីកចម្រើននៃ AI គឺជាបញ្ហាធំបំផុតមួយសម្រាប់ឧស្សាហកម្មអេឡិចត្រូនិក។
ទោះបី Apple មិនទាន់ប្រកាសដំឡើងតម្លៃ iPhone ជាផ្លូវការក៏ដោយ អ្នកវិភាគជាច្រើនជឿថា តម្លៃអាចនឹងកើនឡើងនៅឆ្នាំនេះ ប្រសិនបើថ្លៃដើមផលិតនៅតែបន្តកើនឡើង។
តាមការរំពឹងទុក Apple នឹងបង្ហាញ iPhone 18 Pro Series នៅខែកញ្ញាខាងមុខនេះ ជាមួយនឹង iPhone អេក្រង់បត់ដំបូង របស់ក្រុមហ៊ុន ដែលគេរំពឹងថានឹងមានតម្លៃលើស ២,០០០ ដុល្លារ។ ចំណែក iPhone 18, iPhone 18e និង iPhone Air 2 ត្រូវបានគេរំពឹងថានឹងចេញលក់នៅនិទាឃរដូវ ឆ្នាំ២០២៧៕
ចែករំលែកព័តមាននេះ