ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមតែ​១​ថ្ងៃ​! ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប Nvidia ខាតបង់​ប្រាក់​ជិត​៣០០​ពាន់​លាន​ដុល្លារ

3 ខែ មុន

សហរដ្ឋអាមេរិក ៖ ភាគហ៊ុន​របស់​ក្រុមហ៊ុន Nvidia កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៤ កន្លង​ទៅ បាន​ធ្លាក់​ចុះ​រហូត​ដល់ ៩.៥%…

សហរដ្ឋអាមេរិក ៖ ភាគហ៊ុន​របស់​ក្រុមហ៊ុន Nvidia កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៤ កន្លង​ទៅ បាន​ធ្លាក់​ចុះ​រហូត​ដល់ ៩.៥% ដោយ​ខាតបង់​ប្រាក់​ដ៏​មហាសាល​ចំនួន ២៧៩​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​ត្រូវ​បាន​ចារ​ជា​ការ​ខាតបង់​ដ៏​ធំ​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក សម្រាប់​ភាគហ៊ុន​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈី​ប​ដ៏​ធំ​បំផុត​របស់​អា​មេ​រិ​កមួយ​នេះ​។

ប្រភព​សារព័ត៌មាន Bloomberg បាន​រាយការណ៍​ថា ភាគហ៊ុន​របស់​ក្រុមហ៊ុន Nvidia បាន​ធ្លាក់​ចុះ ២% នៅ​ក្នុង​ការ​ជួញដូរ​ជា​បន្តបន្ទាប់ ក្រោយ​ក្រុមហ៊ុន​ខ្នាត​យក្ស​អា​មេ​រិ​កមួយ​នេះ ទទួល​បាន​ដីកា​ពី​នាយកដ្ឋាន​យុត្តិធម៌​សហរដ្ឋអាមេរិក ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ស៊ើបអង្កេត​ពាក់ព័ន្ធ​លើ​ការ​បាត់បង់​សេចក្តី​ទុកចិត្ត​។

ការ​កើនឡើង​ប្រាក់​ចំណូល​ដ៏​ធំ​របស់​ក្រុមហ៊ុន Nvidia ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ត្រូវ​បាន​ផ្សារ​ភ្ជាប់​ដោយ​ផ្ទាល់​ទៅ​នឹង​ភាព​លេចធ្លោ​ក្នុង​ការ​ផលិត​បន្ទះ​ឈី​ប AI កម្រិត​ខ្ពស់ សម្រាប់​មជ្ឈមណ្ឌល​ទិន្នន័យ ដែល​ត្រូវ​បាន​បង្កើត​ឡើងជា​ច្រើន​ឆ្នាំ មុន​ពេល​ដៃគូ​ប្រកួតប្រជែង​របស់​ខ្លួន​ដូច​ជា ក្រុមហ៊ុន AMD និង Intel ចាប់ផ្តើម​យកចិត្តទុកដាក់​លើ បន្ទះ​ឈី​ប​ប្រភេទ​នេះ​ផង​ដែរ​។

បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៤ បាន​រាយការណ៍​ថា ទីផ្សារ​ហិរញ្ញវត្ថុ​នៅ​អាស៊ី និង​អា​មេ​រិ​កបាន​ធ្លាក់​ចុះ ដោយសារ​ការ​ភ័យ​ខ្លាច​ថា ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ អាច​ឈាន​ទៅ​រក​វិបត្តិ​សេដ្ឋកិច្ច​។ ពោល​នៅ​ក្រោយ​ពេល​ដំណឹង នៃ​ការ​ធ្លាក់​ចុះ​ភាគហ៊ុន​ដ៏​សម្បើម​របស់​ក្រុមហ៊ុន Nvidia​។

FILE PHOTO: A staff introduce NVIDIA GeForce series equipment on display at Computex in Taipei, Taiwan June 5, 2024. REUTERS/Ann Wang/File photo

នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែកញ្ញា ស​ន្ទ​ស្សន៍​សំខាន់​ៗ​នៅ​អាស៊ី​បាន​ធ្លាក់​ចុះ ក្រោយ​ស​ន្ទ​ស្សន៍​ភាគហ៊ុន​សំខាន់​ៗ​នៅ​ទីក្រុង​ញូ​វ​យ៉​កបាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។ វិនិយោគិន​មានការ​ប្រុង​ប្រយ័ត្ន​ជាង​មុន ខណៈ​ទិន្នន័យ​ថ្មី​បាន​បង្ហាញ​ថា សកម្មភាព​ផលិតកម្ម​របស់​សហរដ្ឋអាមេរិក​នៅ​តែ​ធ្លាក់​ចុះ ដោយនៅ​ពេល​នេះ កំពុង​ផ្តោត​លើ​តួលេខ​ការងារ​សំខាន់​ៗ ដែល​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​នេះ​។

នៅ​ទីក្រុង​ញូ​វ​យ៉​ក កាលពី​ថ្ងៃ​ទី​៣ ខែកញ្ញា កន្លង​ទៅ ស​ន្ទ​ស្សន៍​ភាគហ៊ុន S&P 500 បាន​បិទ​ទាប​ជាង ២% ខណៈ Nasdaq ដែល​ជា​បច្ចេកវិទ្យា​ធុន​ធ្ងន់​បាន​ធ្លាក់​ចុះ​ជាង ៣%​។ នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា​នេះ ភាគហ៊ុន Nikkei 225 របស់​ជប៉ុន​បាន​ធ្លាក់​ចុះ​ប្រហែល ៣% រីឯ Kospi របស់​កូរ៉េ​ខាងត្បូង​កំពុង​ជួញដូរ​ទាប​ជាង ២% និង Hang Seng នៅ​ហុងកុង​ធ្លាក់​ចុះ ១.៥% ។ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​នៅ​អាស៊ី រួម​មាន Samsung Electronics, SK Hynix និង Tokyo Electron ក៏​មាន​កម្រិត​ទាប​យ៉ាង​ខ្លាំង​ផង​ដែរ​៕ (​ប្រភព ៖ CNBC News, BBC, Reuters និង The Sydney Morning Herald)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ