ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ក្តៅ​! អា​មេ​រិ​ក​នឹង​ហាមឃាត់​បច្ចេកវិទ្យា​ចិន និង​រុ​ស្ស៊ី​លើ​រថយន្ត​ទំនើប​គ្រប់​ធុន

1 អាទិត្យ មុន

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក​គ្រោង​នឹង​ហាមឃាត់​ការ​លក់ និង​នាំ​ចូល​រថយន្ត​គ្រប់​ធុន រាប់​ពី​រថយន្ត​អ្នកដំណើរ រថយន្ត​ដឹក​ទំនិញ និង​រថយន្តក្រុង​នៅ​សហរដ្ឋអាមេរិក ដែល​ដំណើរការ​ផ្នែក​រឹង និង​ផ្នែក​ទន់ ឬ…

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក​គ្រោង​នឹង​ហាមឃាត់​ការ​លក់ និង​នាំ​ចូល​រថយន្ត​គ្រប់​ធុន រាប់​ពី​រថយន្ត​អ្នកដំណើរ រថយន្ត​ដឹក​ទំនិញ និង​រថយន្តក្រុង​នៅ​សហរដ្ឋអាមេរិក ដែល​ដំណើរការ​ផ្នែក​រឹង និង​ផ្នែក​ទន់ ឬ Hardware និង Software ផលិត​ក្នុង​ប្រទេស​ចិន និង​រុ​ស្ស៊ី ដោយសារ​រ​តែ​ហានិភ័យ​ផ្នែក​សុវត្ថិភាព​ជាតិ​។ នេះ​បើ​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០២៤​។

ក្រុម​មន្ត្រី​អា​មេ​រិ​ក​អះអាង​ថា ពួក​គេ​ព្រួយបារម្ភ​ថា បច្ចេកវិទ្យា​គ្រោង​នឹង​ហាមឃាត់ ដែល​ប្រើ​សម្រាប់​ការ​បើកបរ​ដោយ​ស្វ័យប្រវត្តិ ឬ គ្មាន​មនុស្ស​បើកបរ និង​ដើម្បី​ភ្ជាប់​រថយន្ត​ទៅ​នឹង​បណ្តាញ​ផ្សេង​ទៀត ដែល​អាច​អនុញ្ញាត​ឱ្យ​បច្ចាមិត្ត​គ្រប់គ្រង​រថយន្ត​ពី​ចម្ងាយ​លើ​ផ្លូវ​នៅ​អា​មេ​រិ​ក​។ បច្ចុប្បន្ន​មានការ​ប្រើប្រាស់​តិចតួច​បំផុត​នូវ​កម្មវិធី​ផលិត​ដោយ​ចិន ឬ​រុ​ស្ស៊ី​លើ​រថយន្ត​នៅ​អា​មេ​រិ​ក​។ ប៉ុន្តែ​ទោះ​យ៉ាង លោកស្រី ជី​ណា រ៉ៃ​ម៉ុ​ន​ដូ (Gina Raimondo) រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​អា​មេ​រិ​កបាន​បញ្ជាក់​ថា ផែនការ​នេះ​គឺជា​ជំហាន​គោលដៅ និង​សកម្ម ដើម្បី​ការពារ​សហរដ្ឋអាមេរិក​ពី​បំណង​អាក្រក់​ណាមួយ​។

លោកស្រី​បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​រថយន្ត​សព្វ​ថ្ងៃនេះ​មាន​កាមេរ៉ា មីក្រូហ្វូន ប្រព័ន្ធ​តាមដាន GPS និង​បច្ចេកវិទ្យា​ផ្សេង​ទៀត​ដែល​ភ្ជាប់​ទៅ​អ៊ីនធឺណិត​។ វា​មិនមែន​ការ​ស្រមើល​ស្រមៃ​ច្រើន​ទេ ដើម្បី​យល់​ពី​របៀប​ដែល​បច្ចាមិត្ត​បរទេស​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ ហើយ​អាច​បង្ក​ហានិភ័យ​យ៉ាងធ្ងន់ធ្ងរ​ដល់​សន្តិសុខ​ជាតិ​របស់​យើង និង​ឯកជន​ភាព​ពលរដ្ឋ​អា​មេ​រិ​ក​ផង​ដែរ​»​។

ឆ្លើយ​តប​ទៅ​នឹង​ផែនការ​នេះ លោក លី​ន ជៀន (Lin Jian) អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​លើក​ឡើង​ថា សហរដ្ឋអាមេរិក​កំពុង​ពង្រីក​គំនិត​សន្តិសុខ​ជាតិនិយម ដើម្បី​កំណត់​គោលដៅ​លើ​បណ្តា​ក្រុមហ៊ុន​ចិន​ដោយ​អយុត្តិធម៌​។ លោក​បាន​គូសបញ្ជាក់​ថា «​ប្រទេស​ចិន​ប្រឆាំង​នឹង​ការ​ពង្រីក​គំនិត​សន្តិសុខ​ជាតិនិយម​របស់​សហរដ្ឋអាមេរិក និង​សកម្មភាព​រើសអើង​ដែល​ធ្វើ​ឡើង​ប្រឆាំង​ក្រុមហ៊ុន និង​ផលិតផល​ចិន​។ ហើយ​យើង​ជំរុញ​ឱ្យ​ភាគី​អា​មេ​រិ​ក​គោរព​គោលការណ៍​ទីផ្សារ​ស៊េរី និង​ផ្តល់​បរិយាកាស​អាជីវកម្ម​បើកចំហ យុត្តិធម៌ តម្លាភាព និង​មិន​រើសអើង​សម្រាប់​សហគ្រាស​ចិន​»​។

ការ​ហាមឃាត់ Software ផលិត​នៅ​ក្នុង​ប្រទេស​ចិន និង​រុ​ស្ស៊ី​នឹង​ចូល​ជា​ធរមាន​ចាប់ពី​ឆ្នាំ ២០២៧ ខណៈ​ដែល​ច្បាប់​លើ Hardware នឹង​មាន​ប្រសិទ្ធភាព​៣​ឆ្នាំ​ក្រោយ ដោយសារ​តែ​ត្រូវ​ផ្តល់​ពេលវេលា​បន្ថែម​ទៀត​ដល់​ឧស្សាហកម្ម ដើម្បី​ដំណើរការ​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​របស់​ពួក​គេ​ឡើង​វិញ​ជា​មុន​សិន​។

គួរ​បញ្ជាក់​ថា សំណើ​ដែល​នឹង​ឈាន​ចូល​ទៅ​ដល់​រយៈពេល​នៃ​ការ​ផ្តល់​មតិ​មួយ​នេះ គឺជា​សកម្មភាព​ចុង​ក្រោយបង្អស់​ពី​សេត​វិមាន​ក្នុង​គោលបំណង​កំណត់​វត្តមាន​របស់​ចិន​នៅ​ក្នុង​សង្វា​ក់​ផ្គត់ផ្គង់​ការ​ផលិត​រថយន្ត​។ ដ្បិត​សេត​វិមាន​បាន​ដំឡើង​ពន្ធ​រួច​ទៅ​ហើយ​នៅ​លើ​រថយន្ត​អគ្គិសនី អា​គុយ​សម្រាប់​រថយន្ត​អគ្គិសនី និង​ទំនិញ​មួយ​ចំនួន​ទៀត​ដែល​នាំ​ចូល​មក​ពី​ប្រទេស​ចិន​៕ (​ប្រភព ៖ BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ