បរទេស ៖ ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីនធឺណិតខា្នតយក្សរបស់ចិន ByteDance ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនវេទិកាកម្សាន្តសង្គម TikTok បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ដែលនឹងប្រគល់ការគ្រប់គ្រងប្រតិបត្តិការកម្មវិធី TikTok នៅសហរដ្ឋអាមេរិក ទៅឱ្យវិនិយោគិនអាមេរិក និងសកល។ នេះគឺជាជំហានដ៏ធំមួយឆ្ពោះទៅរកការបញ្ជៀសការបិទប្រតិបត្តិការវេទិកាសង្គមដ៏ល្បីបំផុតមួយនេះ នៅទឹកដីសហរដ្ឋអាមេរិក និងបិទបញ្ចប់ភាពមិនប្រាកដប្រជាអស់ជាច្រើនឆ្នាំ។ នេះបើតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters និង BBC ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥។
នេះគឺជាកិច្ចព្រមព្រៀងដ៏សំខាន់មួយសម្រាប់ TikTok ដែលត្រូវបានប្រើប្រាស់ជាប្រចាំថ្ងៃដោយប្រជាជនអាមេរិកជាង ១៧០ លាននាក់ បន្ទាប់ពីការតវ៉ាដ៏ចម្រូងចម្រាស់អស់រយៈពេលជាច្រើនឆ្នាំ ចាប់ផ្តើមកាលពីខែសីហា ឆ្នាំ២០២០ នៅពេលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានព្យាយាមហាមឃាត់កម្មវិធីនេះលើកដំបូង ដោយសារព្រួយបារម្ភពីសន្តិសុខជាតិអាមេរិក ប៉ុន្តែការហាមឃាត់មិនជោគជ័យ។
ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង គឺស្របនឹងអ្វីដែលបានគូសបញ្ជាក់កាលពីខែកញ្ញាកន្លងទៅ នៅពេលលោក ត្រាំ បានពន្យារពេលការអនុវត្តច្បាប់ហាមឃាត់កម្មវិធីនេះនៅសហរដ្ឋអាមេរិក រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លុះត្រាតែក្រុមហ៊ុនមេ ByteDance លក់ប្រតិបត្តិការមកឱ្យអាមេរិក។ លោកក៏បានប្រកាសដែរថា កិច្ចព្រមព្រៀងនេះ បានបំពេញតាមលក្ខខណ្ឌនៃការផ្ទេរភាគហ៊ុនក្រោមច្បាប់ឆ្នាំ ២០២៤។
អនុប្រធានាធិបតីអាមេរិក JD Vance កាលពីខែកញ្ញាបាននិយាយថា ក្រុមហ៊ុនបណ្តាក់ថ្មីរបស់អាមេរិកនឹងមានតម្លៃប្រហែល ១៤ ពាន់លានដុល្លារ ដោយនោះទាបជាងការប៉ាន់ស្មានរបស់អ្នកវិភាគ ខណៈដែលតួលេខចុងក្រោយមិនត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះទេ កាលពីថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២៥ (ម៉ោងនៅសហរដ្ឋអាមេរិក)។
ក្រោមកិច្ចព្រមព្រៀងដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី២២ ខែមករា ឆ្នាំ្ក២០២៦ មួយនេះ វិនិយោគិនអាមេរិក និងវិនិយោគិនសកល រួមទាំងក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Oracle និងក្រុមហ៊ុនឯកជនអាមេរិក Silver Lake ក៏ដូចជាក្រុមហ៊ុន MGX របស់អារ៉ាប់រួម នឹងកាន់កាប់ភាគហ៊ុន ៨០,១% នៅក្នុងក្រុមហ៊ុន TikTok USDS Joint Venture LLC ថ្មី ខណៈក្រុមហ៊ុន ByteDance នឹងរក្សាភាគហ៊ុន ១៩,៩%៕



ចែករំលែកព័តមាននេះ