ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិសាស្ត្រ​ថ្មី​! ជន​ស៊ី​វិល​បញ្ចេញ​ខ្លួន​ពី​យាន​ចូល​ទៅ​ក្នុង​លំហ​អវកាស​ដោយ​ជោគជ័យ

3 ខែ មុន

សហរដ្ឋអាមេរិក ៖ ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​អវកាស​ពិភពលោក ដែល​អវកាសយានិក​មិន​អាជីព​ចំនួន​២​រូប ដែល​មាន​ន័យ​ថា​ជា​ជន​ស៊ី​វិល​បាន​បញ្ចប់​បេស​កម្ម​បញ្ចេញ​ខ្លួន​ទៅ​ក្នុង​លំហ​អវកាស​ដោយ​ជោគជ័យ កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ តាម​រយៈ​បេសកកម្ម Polaris…

សហរដ្ឋអាមេរិក ៖ ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​អវកាស​ពិភពលោក ដែល​អវកាសយានិក​មិន​អាជីព​ចំនួន​២​រូប ដែល​មាន​ន័យ​ថា​ជា​ជន​ស៊ី​វិល​បាន​បញ្ចប់​បេស​កម្ម​បញ្ចេញ​ខ្លួន​ទៅ​ក្នុង​លំហ​អវកាស​ដោយ​ជោគជ័យ កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៤ តាម​រយៈ​បេសកកម្ម Polaris Dawn ក្រុមហ៊ុន SpaceX របស់​មហាសេដ្ឋី​អា​មេ​រិ​ក Elon Musk​។

កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ក្រុមហ៊ុន SpaceX បាន​បង្កើត​ប្រវត្តិសាស្ត្រ​មិន​ធ្លាប់​មាន​ពី​មុន​មក តាម​រយៈ​បេសកកម្ម Polaris Dawn ដោយ​បញ្ជូន​អវកាសយានិក​មិន​អាជីព​ចំនួន​៤​នាក់ ឬ​មិន​ស្ថិត​ក្រោម​បេស​កម្ម​របស់​រដ្ឋាភិបាល ទៅ​កាន់​ទី​លំហ​អាវ​កាស ខណៈ​ដែល​២​នាក់​ក្នុង​ចំណោម​នោះ​បាន​បញ្ចេញ​ខ្លួន​ពី​យានអវកាស ដើម្បី​ដាក់ខ្លួន​ទៅ​ក្នុង​លំហ​អវកាស​ដោយ​ជោគជ័យ ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ ៧០០​គីឡូម៉ែត្រ​ពី​ផែនដី​។

បេសកកម្ម​ដែល​ដឹកនាំ​ដោយ​មហាសេដ្ឋី​អា​មេ​រិ​ក លោក Jared Isaacman អាយុ​៤១​ឆ្នាំ ស្ថាបនិក​ក្រុមហ៊ុន Draken International ដែល​ផ្តល់​សេវា​កងទ័ពអាកាស​ឯកជន និង​ជា​ស្ថាបនិក ក៏​ដូច​ជានា​យក​ប្រតិបត្តិ​ក្រុមហ៊ុន​ទូទាត់​សាច់ប្រាក់ Shift4 រួម​ជាមួយ​លោកស្រី Anna Menon អាយុ​៣៨​ឆ្នាំ និង​កញ្ញា Sarah Gillis អាយុ​៣០​ឆ្នាំ ដែល​ទាំង​ពីរ​នាក់​គឺជា​វិស្វករ​ជនជាតិ​អា​មេ​រិ​ក​បម្រើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន SpaceX និង​ម្នាក់​ទៀត លោក Scott Poteet អាយុ​៥០​ឆ្នាំ ដែល​ជា​អ្នក​បើក​យន្តហោះ​ចូល​និវត្តន៍​មក​ពី​កងទ័ពអាកាស​សហរដ្ឋអាមេរិក​។ អវកាសយានិក​មិន​អាជីព​ទាំង​៤​នាក់ ដែល​ទទួល​បានការ​បណ្តុះបណ្តាល​ពី​ក្រុមហ៊ុន SpaceX ស្ថិត​ក្នុង​យានអវកាស Crew Dragon ភ្ជាប់​ជាមួយ​រ៉ុក្កែត Falcon 9 Block 5 ដោយ​បាញ់​ចេញ​មជ្ឈមណ្ឌល​អវកាស John F. Kennedy រដ្ឋ​ផ្ល​រី​ដា (Florida) កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​១០ ខែកញ្ញា កន្លង​ទៅ​។

ប្រវត្តិសាស្ត្រ​បាន​កើតឡើង​នៅ​មុន​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​១២ ខែកញ្ញា ដោយ​លោក Jared Isaacman ក្លាយជា​អវកាសយានិក​មិន​អាជីព​ដំបូង​គេ ដែល​បណ្តែត​ត្រឹម​ពាក់កណ្តាល​ខ្លួន​ចេញពី​យាន Crew Dragon ចូល​ទៅ​ក្នុង​លំហ​ដោយ​បំពាក់​ឧបករណ៍​បច្ចេកទេស​ក្រុមហ៊ុន SpaceX​។ មុន​ពេល​ផ្លាស់​ប្តូរ​កញ្ញា Sarah Gillis ចេញ​វិញ​ម្តង ដើម្បី​ក្លាយជា​អវកាសយានិក​មិន​អាជីព​ទី​២​បាន​បណ្តែត​ខ្លួន​ទៅ​ក្នុង​លំហ ហើយ​នាង​ក៏​ជា​បុគ្គល​ក្មេង​បំផុត​ដែល​បាន​ចូលរួម​បេស​កម្ម​ដើរ​ក្នុង​លំហ​អាកាស​ផង​ដែរ​។ ខណៈ​ដែល​អ្នក​ទាំង​ពីរ​បាន​ចំណាយពេល​សរុប​ប្រហែល​២០​នាទី​ទៅ​ក្នុង​លំហ​។ លោក Isaacman បាន​ថ្លែង​ថា «​ត្រឡប់​ទៅ​ផ្ទះ​វិញ​យើង​ទាំងអស់​គ្នា​មានការ​ងារ​ជា​ច្រើន​ដែល​ត្រូវធ្វើ ប៉ុន្តែ​ពី​ទី​នេះ មើលទៅ​ដូច​ជា​ពិភពលោក​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​»​។

បេសកកម្ម​នេះ ក៏​មាន​គោលបំណង​ធ្វើតេស្ត​សាកល្បង​ឈុត​អវកាស​ថ្មី​របស់ SpaceX ជាមួយនឹង​មុខងារ​ពិសេស​ៗ និង​មាន​រូបរាង​តូច​ជាង​មុន ប្រៀប​ដូច​សម្លៀក​បំពាក់​ធម្មតា ដើម្បី​រក្សា​សុវត្ថិភាព​អវកាសយានិក ការពារ​ពួក​គេ​ពី​វិទ្យុសកម្ម និង​សីតុណ្ហភាព​ក្តៅ​ខ្លាំង ដែល​ទាំងនេះ​ជា​គោលដៅ​សំខាន់​របស់ SpaceX សម្រាប់​ការ​ហោះហើរ​ពាណិជ្ជកម្ម​នៅ​ពេល​អនាគត​។ លើស​ពី​នេះ​ក្រុមហ៊ុន​បាន​ចំណាយពេល​ជាង​២​ឆ្នាំ ដើម្បី​បង្កើត​ឈុត​មាន​រាង​តូច​ជាង​មុន ស្អាត​ជាង​មុន និង​ងាយស្រួល​នៅ​ក្នុង​ការ​ធ្វើ​ចលនា​។

បេសកកម្ម​នេះ ទទួល​បានការ​អបអរសាទរ​ជា​ពិសេស​ពី​សំណាក់​លោក Bill Nelson អ្នកគ្រប់គ្រង​នៃ​រដ្ឋបាល​អាកាសចរណ៍​ជាតិ និង​អវកាស​សហរដ្ឋអាមេរិក ដែល​គ្រប់​គ្នា​ស្គាល់​ថា NASA ដោយ​លោក​បាន​សរសេរ​អបអរ​លើ X ថា « អបអរសាទរ Polaris Program និង SpaceX លើ​ការ​ដាក់ខ្លួន​ក្នុង​លំហ​អាកាស​នៃ​ការ​ហោះហើរ​ពាណិជ្ជកម្ម​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ​!​។ ភាព​ជោគជ័យ​នា​ពេល​បច្ចុប្បន្ន​នេះ តំណាង​ឱ្យ​ការ​លោត​ផ្លោះ​ដ៏​ធំ​មួយ​សម្រាប់​ឧស្សាហកម្ម​អវកាស​ហោះហើរ​ពាណិជ្ជកម្ម និង​គោលដៅ​រយៈពេល​វែង​របស់ NASA ក្នុង​ការ​កសាង​សេដ្ឋកិច្ច​អវកាស​ដ៏​រស់​រវើក​របស់​សហរដ្ឋអាមេរិក​»​។

តាម​គម្រោង​បេសកកម្ម Polaris Dawn គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆាប់​ៗ​ខាង​មុខ​នេះ ដោយ​ទីតាំង​ចុះ​ចត​អាច​នៅ​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក ឬ​ឈូង​សមុទ្រ​ម៉ិ​ក​ស៊ិ​ក​។ ដ្បិត Polaris Dawn គឺជា​បេសកកម្ម​ដំបូង​ក្នុង​ចំណោម​បេសកកម្ម​ចំនួន ៣ ដែល​បាន​គ្រោងទុក​ក្នុង​កម្មវិធី Polaris របស់​ក្រុមហ៊ុន SpaceX ៕ (​ប្រភព ៖ CNN, The Washington Post និង AFP)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ