ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Airbus ទិញ​មនុស្ស​យន្ត Humanoid ពី​ក្រុមហ៊ុន​ចិន ប្រើ​ក្នុង​ដំណើរការ​ផលិត​យន្តហោះ

4 ម៉ោង មុន

អន្តរជាតិ ៖ ក្រុមហ៊ុន​អាកាសចរណ៍​ខ្នាត​យក្ស​របស់​អឺរ៉ុប Airbus បាន​ទិញ​មនុស្ស​យន្ត Walker S2 ដែល​ជា​ប្រភេទ​មនុស្ស​យន្ត «​មនុស្ស​សិប្បនិម្មិត ឬ…

អន្តរជាតិ ៖ ក្រុមហ៊ុន​អាកាសចរណ៍​ខ្នាត​យក្ស​របស់​អឺរ៉ុប Airbus បាន​ទិញ​មនុស្ស​យន្ត Walker S2 ដែល​ជា​ប្រភេទ​មនុស្ស​យន្ត «​មនុស្ស​សិប្បនិម្មិត ឬ Humanoid Robot» ពី​ក្រុមហ៊ុន​ចិន UBTech សម្រាប់​ប្រើប្រាស់​ក្នុង​ដំណើរការ​ផលិត​យន្តហោះ​របស់​ខ្លួន​។

យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន Reuters បាន​រាយការណ៍​ថា ក្រុមហ៊ុន​ផលិត​មនុស្ស​យន្ត UBTech ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សិន​ជិន (Shenzhen) ខេត្ត​ក្វា​ង​ទុង (Guangdong) ប្រទេស​ចិន កាលពី​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០២៦ បាន​ប្រកាស​ថា ខ្លួន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​យន្តហោះ​ធំ​បំផុត​លើ​ពិភពលោក Airbus ដើម្បី​ផ្គត់ផ្គង់​មនុស្ស​យន្ត​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ដំណើរការ​ផលិត​យន្តហោះ​របស់​ខ្លួន​។

ក្រុមហ៊ុន Airbus បាន​ទិញ​មនុស្ស​យន្ត​ជំនាន់​ថ្មី​បំផុត​របស់ UBTech គឺ Walker S2 រួច​ហើយ ហើយ​ភាគី​ទាំង​ពីរ​នឹង​ពង្រីក​ការ​អនុវត្ត​មនុស្ស​យន្ត​ប្រភេទ Humanoid នេះ នៅ​ក្នុង​ផលិតកម្ម​អាកាសចរណ៍​រួម​គ្នា នៅ​ពេល​អនាគត​ផង​ដែរ​។ ជាមួយ​គ្នា​នោះ​ដែរ ក្រុមហ៊ុន Airbus បាន​បញ្ជាក់​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​ថា កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន​ជាមួយ UBTech គឺ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​សាកល្បង​ដំបូង​។

ភាព​ជា​ដៃគូ​រវាង UBTech និង Airbus បាន​កើតឡើង បន្ទាប់​ពី​កិច្ចព្រមព្រៀង​មួយ​កាលពី​ឆ្នាំ​មុន ដែល​ក្រុមហ៊ុន UBTech បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ពាក់កណ្តាល​សម្រេច​នៃ​ចរន្តអគ្គិសនី​របស់​អា​មេ​រិ​ក Texas Instruments​។

សូម​ជម្រាប​ថា មនុស្ស​យន្ត មនុស្ស​សិប្បនិម្មិត ឬ Humanoid ត្រូវ​បាន​រចនា និង​ផលិត​ឡើង​ស្រ​ដៀង​នឹង​មនុស្ស​ពិត​ទាំង​ចលនា និង​ឥរិយាបថ​។ មនុស្ស​យន្ត​ប្រភេទ​នេះ បាន​ក្លាយទៅជា​ច​លករ​ដ៏​សំខាន់​កាន់តែ​ខ្លាំង​ឡើង​សម្រាប់​ប្រទេស​ចិន ខណៈ​ដែល​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ធំ​ទី​២​ពិភពលោក​មួយ​នេះ កំពុង​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​បន្ទាន់ រួម​ទាំង​បញ្ហា​ពាណិជ្ជកម្ម​ជាមួយ​សហរដ្ឋអាមេរិក ការ​ធ្លាក់​ចុះ​ចំនួន​ប្រជាជន និង​បញ្ហា​កំណើនសេដ្ឋកិច្ច​ផង​ដែរ​។

នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មនុស្ស​យន្ត Humanoid របស់​ចិន​បាន​បង្ហាញ​ពី​ភាព​រហ័សរហួន និង​សកម្មភាព​ដូច​មនុស្ស​ពិត​ៗ​កាន់តែ​ខ្លាំង​ឡើង រហូត​ដល់​អាច​ចូលរួម​ប្រកួត​រត់​ពាក់កណ្តាល​ម៉ា​រ៉ា​តុង និង​លេង​បាល់ទាត់​ផង​ដែរ​។ ជាមួយ​គ្នា​នោះ ចាប់តាំងពី​ដាក់​ឱ្យ​ដំណើរការ​មក មនុស្ស​យន្ត Walker S2 ត្រូវ​បាន​ក្រុមហ៊ុន​ជា​ច្រើន​ទិញ​យក​ប្រើប្រាស់ រួម​ទាំង​ក្រុមហ៊ុន​ផលិត​រថយន្ត BYD និង​ក្រុមហ៊ុន​ផលិត​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច Foxconn ផង​ដែរ​។

បើ​យោង​តាម​ទស្សនាវដ្តី Forbes បានឱ្យ​ដឹង​ថា UBTech បាន​ដឹក​ជញ្ជូន​មនុស្ស​យន្ត Humanoid ប្រហែល ១ ០០០ គ្រឿង​ទូ​ទាំង​ពិភពលោក ដែល​ធ្វើ​ឱ្យ​ពួក​គេ​ជាប់​ចំណាត់ថ្នាក់​លេខ ៣ នៅ​ទូ​ទាំង​ពិភពលោក នៅ​ពីក្រោយ​ក្រុមហ៊ុន​ចិន Agibot និង Unitree និង​នាំមុខ​ក្រុមហ៊ុន​ផលិត​មនុស្ស​យន្ត​លោក​ខាងលិច​ដូច​ជា Figure AI, Agility Robotics, Tesla, Apptronik និង Boston Dynamics​។

ក្រុមហ៊ុន UBTech បាន​អះអាង​ថា ការ​បញ្ជា​ទិញ​សរុប​សម្រាប់​មនុស្ស​យន្ត Humanoid របស់​ខ្លួន​លើស​ពី ១,៤ ពាន់​លាន​យន់ ឬ ២០១ លាន​ដុល្លារ​អា​មេ​រិ​ក កាលពី​ឆ្នាំ​មុន​។ ក្រុមហ៊ុន​នេះ​មាន​គោលបំណង​ឈាន​ដល់​សមត្ថភាព​ផលិត​ចំនួន ១០ ០០០​គ្រឿង​ក្នុងឆ្នាំនេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ