ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​ World Cup 2018 របស់​ក្រុម​មាន់គក​បារាំង

5 ឆ្នាំ មុន

បើ​ទោះជា​បារាំង​ធ្វើ​ពុំ​សូវ​បាន​ល្អ​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​នា​ពេល​កន្លង​មក ប៉ុន្តែ​ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម World Cup រដូវ​កាល​ថ្មី​នេះ ពួក​គេ​ហាក់​ផ្លាស់​ប្តូរ​ច្រើន​ទាំង​ទម្រង់​ការពារ និង​ប្រយុទ្ធ ។ ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៩ ក្នុង​តារាង…

បើ​ទោះជា​បារាំង​ធ្វើ​ពុំ​សូវ​បាន​ល្អ​ក្នុង​ព្រឹត្តិការណ៍​ធំ​ៗ​នា​ពេល​កន្លង​មក ប៉ុន្តែ​ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម World Cup រដូវ​កាល​ថ្មី​នេះ ពួក​គេ​ហាក់​ផ្លាស់​ប្តូរ​ច្រើន​ទាំង​ទម្រង់​ការពារ និង​ប្រយុទ្ធ ។ ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​៩ ក្នុង​តារាង ​FIFA ក្រុម​ជម្រើសជាតិ​បារាំង គឺជា​ក្រុម​ដ៏​ចំណាស់​មួយ​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup ដែល​បាន​ចូលរួម​ប្រកួត​ចាប់តាំងពី​ការ​បង្កើត​ដំបូង​អំឡុង​ឆ្នាំ​១៩៣០​មក​ម៉្លេះ ។ មក​ទល់​ពេល​នេះ បារាំង​បង្ហាញខ្លួន​លើក​ទី​១៥ ដោយ​មានឱកាស​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​៥​លើក ប៉ុន្តែ​ពួក​គេ​អាច​ឆ្លង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​២​លើក​ប៉ុណ្ណោះ និង​គ្រង​តំណែង​ជា​ម្ចាស់​ជើងឯក​ពានរង្វាន់​នេះ​១​លើក​នា​ឆ្នាំ​១៩៩៨ បន្ទាប់​ពី​លត់​ប្រេ​ស៊ី​ល​៣​ទល់​នឹង​០ ។

យ៉ាងណាមិ​ញ ៤​រដូវ​កាល​ចុង​ក្រោយ បារាំង​បាន​ឆ្លង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​១​លើក ប៉ុន្តែ​បាន​ត្រឹម​ជា​ជើងឯក​រង​ក្រោយ​ចាញ់​ក្រោម​ថ្វី​ជើង​អុី​តា​លី ដោយ​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី ។ ចំណែកឯ​៣​លើក​ផ្សេង​ទៀត ក្រុម​ជម្រើសជាតិ​ដែល​មាន​រហស្សនាម «​មាន់គក​» ត្រូវ​ហាលអាវ​ត្រឹម​វគ្គ​ជម្រុះ​តាម​ពូ​ល​២​លើក និង​ធ្លាក់​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​១​លើក ។

ក្តី​រំពឹង ៖ បរាជ័យ​ក្រោម​ថ្វី​ជើង​ព័រ​ទុ​យ​ហ្គា​ល់​កាលពី​ព្រឹត្តិការណ៍​យូ​រ៉ូ​ឆ្នាំ​២០១៦ នៅ​តែ​ជា​ស្រមោល​​ដ៏​ឈឺចាប់​បំផុត​សម្រាប់​ក្រុម​ជម្រើសជាតិ​បារាំង​មួយ​នេះ ។ ដូច្នេះ​មហិច្ឆតា និង​ជំនឿ​ចិត្ត​ទាំងឡាយ​នឹង​ធ្វើ​ឱ្យ​កូនក្រុម​នីមួយ​ៗកាន់តែ​ខិតខំ​ប្រឹងប្រែង​ដណ្តើម​យកជ័យ​ជម្នះ​ជូន​ជាតិ ។ ចំពោះ​ការ​ប្រកួត​ជម្រុះ​ក្នុង​វគ្គ​ចែក​ពូ​ល​នេះ បារាំង​មិន​មាន​បញ្ហា​អ្វី​ចោទ​ធ្ងន់ធ្ងរ​នោះ​ទេ ខណៈ​ដែល​ពួក​គេ​នា​ពេល​បច្ចុប្បន្ន​សំបូរ​កីឡាករ​វ័យក្មេង​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ខ្ពស់ ។ សូម​បញ្ជាក់​ថា បារាំង​ស្ថិត​នៅ​ពូ​ល B ជាមួយ​អូស្ត្រាលី ប៉េ​រូ និង​ដា​ណឺ​ម៉ាក ។

គ្រូ​បង្វឹក ៖ អតីត​គ្រូបង្វឹក​ក្លិប Juventus និង Marseille លោក Didier Deschamps ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​បារាំង​នៅ​ឆ្នាំ​២០១២ ។ ក្រោម​ការ​ដឹកនាំ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​រួច​មក លោក Deschamps មិន​ទាន់​បាន​សាង​ស្នាដៃ​អ្វី​ឱ្យ​ចេញ​ជា​ផ្លែផ្កា​នៅ
ឡើយ​ទេ ដោយ​គ្រាន់តែ​ជួយ​ឱ្យ​ក្រុម​មាន់គក​បារាំង​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ​យូ​រ៉ូ​ឆ្នាំ​២០១៦​ម្តង​ប៉ុណ្ណោះ ប៉ុន្តែ​បាន​ត្រឹម​រងជើង​ឯក ។

កីឡាករ Super Star ប្រចាំ​ក្រុម ៖ បន្ទាប់​ពី​បង្ហាញខ្លួន​ជា​ច្រើន​ប្រកួត​រួច​មក Antoine Griezmann បាន​ធ្វើ​ឱ្យ​ពិភពលោក​ទទួលស្គាល់​ថា​ជា​កីឡាករ​ឆ្នើម​មួយ​រូប​ប្រចាំ​ក្រុម​ជម្រើស​ជាតិ​បារាំង ។ ខ្សែប្រយុទ្ធ​ក្លិប Atletico វ័យ​២៧​ឆ្នាំ​រូប​នេះ ត្រូវ​បាន​កោះហៅ​ឱ្យ​ចូលរួម​ជាមួយ​ឈុត​ធំ​នៅ​ឆ្នាំ​២០១៤ ដោយ​បង្ហាញខ្លួន​ចំនួន​៥១​ប្រកួត និង​ស៊ុត​បាន​១៩​គ្រាប់ ។ ម្យ៉ាងទៀត មុន​នឹង​ឡើង​មក​ដល់​វគ្គ​ជម្រុះ​ចែក​ពូ​ល​នេះ កីឡាករ Griezmann ស៊ុត​បាន​៤​គ្រាប់ និង​បញ្ជូន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បាន​៤​គ្រាប់​ផង​ដែរ ។

បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប (​បណ្តោះអាសន្ន​) ៖

-​អ្នកចាំទី ៖ ប្រធាន​ក្រុម Hugo Lloris (Tottenham), Steve Mandanda (Marseille), Alphonse Areola (Paris SG) ។

-​ខ្សែការពារ ៖ Benjamin Pavard (Stuttgart), Kimpembe (Paris SG), Raphaël Varane (Real Madrid), Samuel Umtiti និង Lucas Digne (Barcelona), Djibril Sidibé (Monaco), Koscielny (Arsenal), Hernández (Atletico) , Benjamin Mendy (Man City) ។

-​ខ្សែបម្រើ ៖ Paul Pogba (Man Utd), Thomas Lemar (Monaco), Corentin Tolisso (Bayern), N’Golo Kanté (Chelsea), Blaise Matuidi (Juventus), Adrien Rabiot (Paris SG) ។

-​ខ្សែប្រយុទ្ធ ៖ Antoine Griezmann (Atletico), Olivier Giroud (Giroud), Kylian Mbappé (Paris SG), Ousmane Dembélé (Barcelona), Anthony Martial (Man Utd), Ben Yedder (Sevilla), Dimitri Payet (Marseille), Lacazette (Arsenal) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ