រាជធានីភ្នំពេញ ៖ រថយន្តយីឌុបដឹកសុីម៉ង់ត៍១គ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ផ្លូវកែងបានជ្រុលទៅបុកម៉ូតូម៉ាកធូដេ១គ្រឿងពីក្រោយ រុញផ្ទប់ទៅនឹងរថយន្តស្ទូចមួយគ្រឿងទាំងកំរោល បណ្តាលឲ្យស្ត្រីម្នាក់ស្លាប់ភ្លាមនៅនឹងកន្លែង ។ បន្ទាប់មករថយន្តនេះ បានជ្រុលទៅបុករថយន្តកាមរីបាឡែន១គ្រឿងពីក្រោយ និងម៉ូតូម៉ាកហុងដាគុបជ្រុង១គ្រឿងទៀត បណ្ដាលឲ្យបុរសអ្នកជិះម៉ូតូរងរបួសយ៉ាងដំណំ។ ខណៈនោះ រថយន្តយីឌុបខាងលើមិនព្រមឈប់ឡើយ តែបានបើកថយក្រោយបម្រុងរត់ គេចខ្លួន ក៏បណ្ដាលឲ្យជ្រុលទៅបុកចូលផ្ទះមួយ ស្ថិតនៅជិតនោះទៀតទើបឈប់ ហើយត្រូវនគរបាលឃាត់ ខ្លួនអ្នកបើកបរបាននិងនាំទៅសាកសួរនៅប៉ុស្តិ៍ ។

ឧប្បត្តិហេតុគ្រោះថ្នាក់នេះ កើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹកថ្ងៃទី១ ខែឧសភា នៅលើកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចកែងនឹងផ្លូវ៣០ម៉ែត្រ ស្ថិតក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីដែលស្លាប់នៅក្នុងគ្រោះថ្នាក់នេះឈ្មោះ ឌុក ស្រីលីន អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះទេះ ខណ្ឌពោធិ៍សែនជ័យ ។ មុនពេលកើតហេតុ ស្ត្រីរងគ្រោះជិះម៉ូតូ១គ្រឿងម៉ាកហុងដាធូដេ ពណ៌ព្រីងទុំអត់ផ្លាកលេខ ធ្វើដំណើរចេញពីផ្សារបុរីសន្តិភាព២ សង្កាត់ពងទឹក ខណ្ឌដង្កោ ក្នុងបំណងទៅផ្ទះ។ ការធ្វើដំណើរគឺក្នុងទិសដៅពីកើតទៅលិច ស្របទិសគ្នាជា មួយរថយន្តដឹកសុីម៉ង់ត៍ ពណ៌ខៀវ ពាក់ផ្លាកលេខ តាកែវ ៣A-១០៣៣ ប៉ុន្តែគាត់បើកខាងមុខរីឯរថយន្តបង្កបើកពីក្រោយ ។

ប្រភពដដែលបន្តថា រថយន្តដឹកសុីម៉ង់ត៍នេះបើកបរដោយបុរសម្នាក់ឈ្មោះ សៅ សុភី អាយុ២៧ឆ្នាំ មាន ស្រុកកំណើតនៅភូមិត្រពាំងជួន ឃុំត្រពាំងគង ស្រុកសំរោងទងខេត្តកំពង់ស្ពឺ ។ លុះពេលទៅដល់ចំណុចខាងលើ គាត់បានបន្ថយល្បឿនម៉ូតូដើម្បីបត់ឆ្លងផ្លូវ ស្រាប់តែរថយន្តជ្រុលទៅបុកពីក្រោយពេញទំហឹង និងរុញផ្ទប់ជាមួយរថយន្តស្ទូចម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ ៣D-៨៦២២ ខណៈកំពុងធ្វើដំណើរពីជើងទៅត្បូង បណ្ដាលឲ្យស្ត្រីរូបនេះស្លាប់ភ្លាមនៅនឹងកន្លែង ។ ពេលនោះរថយន្តដឹកសុីម៉ង់ត៍ពុំបានឈប់ឡើយ និងបានជ្រុលទៅបុកម៉ូតូគុបជ្រុង១គ្រឿងទៀត ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ១AL-៨៦៦៥ ដែលកំពុងធ្វើដំណើរស្របទិសគ្នា ។ ប្រភពខាងលើបន្តទៀតថា ក្នុងឧប្បត្តិហេតុនេះក៏បណ្តាលបុរសជាអ្នកជិះម៉ូតូម៉ាកគុបជ្រុងឈ្មោះ ជឹម ប៉ុនហេង អាយុ៤៥ឆ្នាំ រងរបួសដែរ ។

ចំណែករថយន្តនៅតែមិនបានឈប់ស្ងៀមទៀតនិងបន្តជ្រុលទៅបុករថយន្តកាមរីបាឡែន១គ្រឿងទៀត ពណ៌ស្ក ពាក់ផ្លាកលេខ ភ្នំពេញ ២X-៣២៧២ ដែលកំពុងធ្វើដំណើរពីត្បូងទៅជើង បណ្ដាលឲ្យរងការខូច ខាតក្រពឹតគូទខាងស្ដាំយ៉ាងដំណំ ។ បន្ទាប់មក ទើបអ្នកបើកបររថយន្តដឹកសុីម៉ង់ត៍បើកថយក្រោយបម្រុងរត់គេចខ្លួន បណ្ដាលឲ្យបុកចូលផ្ទះនៅជិតនោះ ទើបត្រូវនគរបាលចាប់ខ្លួនបាន រួចនាំទៅសាកសួរនៅ ប៉ុស្តិ៍នគរបាលភ្លើងឆេះរទេះមួយជំហាននិងបញ្ជូនបន្តទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញទៀត ៕

ចែករំលែកព័តមាននេះ