ខេត្តប៉ៃលិន ៖ មានសេចក្តីរាយការណ៍ថា កាលពីវេលាម៉ោង០៩និង២៥នាទីព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៨ នគរបាលការិយាល័យប្រឆាំងគ្រឿងញៀនបានចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ឃុំខ្លួន លេខ២៣ ត.ព្រ ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨ ចេញដោយលោក លាង សួគ៌ ចៅក្រមជំនុំជម្រះក្តីអមសាលាដំបូងខេត្តប៉ៃលិន បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់នៅចំណុចកាស៊ីណូក្រោន ។
ជនសង្ស័យទាំង៤នាក់នោះមានទី១-ឈ្មោះ សាក់ រស្មី ហៅស្នា ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិភ្នំដំបង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន, ទី២-ឈ្មោះ កាន សំប្រង អាយុ៤២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិសួស្តី សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន, ទី៣-ឈ្មោះ ឌុង ធា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរជាងសំណង់ រស់នៅភូមិជីនាងលើ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង និងទី៤-ឈ្មោះ យាយ អឹម ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករនៅថៃ ទីលំនៅមិនពិតប្រាក ។
ប្រភពព័ត៌មានបានឱ្យដឹងថា ការចាប់ឃាត់ខ្លួននេះក្នុងករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនជាយូរមកហើយ ។ ក្រោយពីនាំខ្លួនជនសង្ស័យទាំង០៤នាក់ទៅកាន់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ឈ្មោះ សាក់ រស្មី ហៅស្នា មានដីកាបង្គាប់ឲ្យចាប់-ឃុំខ្លួនរបស់ចៅក្រមជំនុំជម្រះ លាង សួគ៌ ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនបានប្រគល់ឲ្យការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ផ្នែកអនុវត្តដីកាចាត់ការតាមនីតីវិធីច្បាប់ ។ ចំណែកជនសង្ស័យទាំង០៣នាក់ទៀតខាងការិយាល័យជំនាញកំពុងតែសាកសួរ និងកសាងសុំណុំរឿងដើម្បីចាត់ការតាមនីតីវិធី ៕
ចែករំលែកព័តមាននេះ