ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុលាលភាជន៍​សម័យ​អង្គរ​ត្រូវ​ស្ថានទូត​អា​មេ​រិ​ក​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ពិធី​ប្រគល់​កុលា​ល ភាជន៍​ចំនួន​៦៤​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក កាលពី​ពេល ថ្មី​ៗ​កន្លង​មករ​វាង​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ និង​លោក​ធី សេរី​វុ​ឌ្ឍ…

ខេត្តសៀមរាប ៖ ពិធី​ប្រគល់​កុលា​ល ភាជន៍​ចំនួន​៦៤​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក កាលពី​ពេល ថ្មី​ៗ​កន្លង​មករ​វាង​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ និង​លោក​ធី សេរី​វុ​ឌ្ឍ តំណាង​អាជ្ញាធរ​ជាតិ​អប្សរា និង​លោកស្រី Monica Davis តំណាង​ស្ថានទូត​អា​មេ​រិ​ក ។

នេះ​ជា​លើក​ទី​១ ហើយ​ដែល​កុលាលភាជន៍ ដ៏​ច្រើន​បែប​នេះ​ត្រូវ​បាន​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​យក​ទៅ​រក្សា​ទុក ។

កុលាលភាជន៍​ចំនួន​ប្រាំ​កេស ស្មើ​ចំនួន​៦៤​វត្ថុ ដែល​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​នេះ​មាន​ដូច​ជា​៖ ចាន ក្រឡ ដន្លាប់ ខួច មាន​ស្រទាប់​រលោង​ពណ៌​បៃតង និង​ពណ៌​ត្នោត ត្រូវ​បាន​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា​ដោយ​វិទ្យាស្ថាន Smitsonian តាម​រយៈ​ស្ថានទូត​សហរដ្ឋអាមេរិក ដើម្បី​រក្សា​ទុក អភិរក្ស និង​សិក្សា ។ កុលាលភាជន៍​ទាំងនេះ​ផលិត​នៅ​សម័យ​អង្គរ មាន​ប្រភព​មក​ពី​ខេត្ត​បុរីរម្យ​ប្រទេស​ថៃ ។

អនុប្រធាន​មជ្ឈមណ្ឌល​អន្តរជាតិ​ស្រាវជ្រាវ​និង​តម្កល់​ឯកសារ​អង្គរ អ្នកតំណាង​អាជ្ញាធរ​ជាតិ​អប្សរា គឺ​លោក​បណ្ឌិត អ៊ា ដា​រិ​ទ្ធ ក្នុង​ការ​ទទួល​កុលាលភាជន៍​ទាំងនេះ​ឱ្យ​ដឹង​ថា ប្រវត្តិ​​នៃ​វត្ថុ​ទាំងនោះ​ត្រូវ​អ្នក​ស្រឡាញ់​វត្ថុ​បុរាណ​ជនជាតិ​ជប៉ុន​ និង​អា​មេ​រិ​ក​ប្រមូល​ទិញ​ពី​ខេត្ត​បុរីរម្យ​ យក​ទៅ​សហរដ្ឋអាមេរិក​ក្នុង​ទស​វត្ស​ឆ្នាំ​១៩៧០ ហើយ​បន្ទាប់​មក​បាន​ប្រគល់​ជូន​វិទ្យាស្ថាន Smithsonian ។ ដោយ​មាន​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​ជាតិ​អប្សរា វិទ្យាស្ថាន Smithsonian ក៏​បាន​ប្រគល់​កុលាលភាជន៍​ទាំងនេះ​ឱ្យ​អង្គភាព​កុលាល​ភាជន៍​អង្គរ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ ។

ទាក់ទង​នឹង​ភាជន៍​ទាំងអស់ ចំពោះ​ភាជន៍​មួយ​ចំនួន​ដែល​ល្អ​ៗ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​យក​ទៅ​តាំងពិព័រណ៍​បង្ហាញ​ជា​សាធារណៈ ព្រោះ​អាជ្ញាធរ​ជាតិ​អប្សរា​មាន​គម្រោង​តាំង​ពិ​ព័រ​ណ៌​វត្ថុ​បុរាណ​ដែល​ស្រាវជ្រាវ​បាន​ជាង​២០​ឆ្នាំ​ពី​តំបន់​អង្គរ ។ លើស​ពី​នោះ វត្ថុ​ទាំង​នោះ​នឹង​ត្រូវ​រក្សា​ទុក​ដើម្បី​សិក្សា​ប្រៀបធៀប​ពី​សម័យកាល បច្ចេកទេស និង​គុណភាព រវាង​កុលាលភាជន៍​ដែល​មាន​ប្រភព​ពី​បុរីរម្យ និង​តំបន់​អង្គរ​ព្រោះ​កុលាលភាជន៍​អាច​ឆ្លុះ​បញ្ចាំង​ពី​សម័យកាល​មួយ​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ និង​បង្ហាញ​ពី​ជីវភាព​រស់នៅ​របស់​ប្រជា​ជន​សម័យ​អង្គរ ថា​ តើ​ខ្មែរ​យើង​មាន​លទ្ធភាព​ផលិត​ភាជន៍​បាន​ល្អ​កម្រិត​ណា ។ នា​សម័យ​​បុរាណ ភាជន៍​ត្រូវ​បាន​គេ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ធ្វើ​ជា​គ្រឿង​តាំង​លម្អ​ក្នុងផ្ទះ និង​សម្រាប់​ប្រើ​ក្នុង​ពិធី​សាសនា ផ្សេង​ៗ ដូច​ជា​ពិធីសែនព្រេន និង​បួងសួង​ជាដើម ។

អាជ្ញាធរ​ជាតិ​អប្សរា​សំណូមពរ​ដល់​អ្នក​ដែល​រើស​បាន​វត្ថុ​បុរាណ សូមកុំ​រក្សា​ទុក ឬ​លក់ដូរ​ខុសច្បាប់ សូម​យក​ប្រគល់​ជូន​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​រក្សា​ទុក អភិរក្ស និង​សិក្សា​ពី​ប្រវត្តិ​នៃ​វត្ថុ​សិល្បៈ​ទាំងនោះ ដើម្បី​ចងក្រង​ជា​ឯកសារ​សម្រាប់​ឱ្យ​អ្នក​ជំនាន់​ក្រោយ​បាន​យល់​ដឹង​អំពី​បុរាណវត្ថុ​ខ្មែរ ។

ដោយ​មាន​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​ជាតិ​អប្សរា វិទ្យាស្ថាន Smithsonian ក៏​ធ្លាប់​បាន​រៀបចំ​សិក្សា​សាលា​មួយ​ស្តី​អំពី​ថ្ម​និង​កុលាលភាជន៍ (Petrography workshop) ចាប់ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៩ ខែមីនា ឆ្នាំ​២០១៨​កន្លង​ទៅ នៅ​អាជ្ញាធរ​ជាតិ​អប្សរា មាន​អ្នក​ចូលរួម​១៦​នាក់​មក​ពី​ប្រទេស​អាស៊ី​អាគ្នេយ៍ ដែល​ក្នុង​នោះ​អ្នកជំនាញ​ជនជាតិ​ខ្មែរ​មាន​ចំនួន​៨​នាក់ ។ ក្រៅ​តែ​ពី​បាន​ប្រគល់​កុលាលភាជន៍​ដ៏​ច្រើន វិទ្យាស្ថាន​Smithsonian ក៏​បាន​ផ្តល់​ជូន​នូវ​សម្ភារ​មួយ​ចំនួន​ដូច​ជា ម៉ាស៊ីន​មីក្រូ​ទស្សន៍ សម្ភារ​មន្ទីរពិសោធន៍ និង​សៀវភៅ​ស្តី​ពី​ការ​វិភាគ​ថ្ម និង​កុលាលភាជន៍​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ