ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត World Cup 2018 របស់​ក្រុមមិនគួរមើលរំលង​ព័រ​ទុ​យ​ហ្គា​ល់

5 ឆ្នាំ មុន

តាម​រយៈ​ការ​លើក​ពាន Euro ឆ្នាំ​២០១៦ ដោយ​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​បារាំង​ក្នុង​លទ្ធផល​១​ទល់​នឹង​០​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​រួច​មក ព័រ​ទុ​យ​ហ្គា​ល់ ហាក់​បង្ហាញ​ពិភពលោក​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា ពួក​គេ​មិនមែន​ជា​ក្រុម​ដែល​ត្រូវ​មើល​រំលងនោះ​ទេ ។ ក្រុម​ជម្រើសជាតិ​ដែល​កំពុង​ក្តោបក្តាប់​តំណែង​លេខ​៣​ក្នុង​តារាង​ចំណាត់ FIFA…

តាម​រយៈ​ការ​លើក​ពាន Euro ឆ្នាំ​២០១៦ ដោយ​យកឈ្នះ​ក្រុម​ម្ចាស់ផ្ទះ​បារាំង​ក្នុង​លទ្ធផល​១​ទល់​នឹង​០​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​រួច​មក ព័រ​ទុ​យ​ហ្គា​ល់ ហាក់​បង្ហាញ​ពិភពលោក​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា ពួក​គេ​មិនមែន​ជា​ក្រុម​ដែល​ត្រូវ​មើល​រំលងនោះ​ទេ ។

ក្រុម​ជម្រើសជាតិ​ដែល​កំពុង​ក្តោបក្តាប់​តំណែង​លេខ​៣​ក្នុង​តារាង​ចំណាត់ FIFA បាន​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​ឆ្នាំ​១៩៦៦ ប៉ុន្តែ​ពួក​គេ​ខកខាន​វិញ​អស់​ជា​ច្រើន​រដូវ​កាល ។ មក​ទល់​ពេល​នេះ ក្រុម​ដែល​មាន​រហស្សនាម “​បញ្ច​ខែល​” បង្ហាញខ្លួន​នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ​ជា​លើក​ទី​៧ ដោយ​ពី​មុន​មក​ពួក​គេ​មានឱកាស​ឡើង​ទៅ​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ចំនួន​២​លើក ប៉ុន្តែ​ត្រូវ​ហាលអាវ​ទាំង​២​លើក​អំឡុង​ឆ្នាំ​១៩៦៦ និង​២០០៦ ។ ចំពោះ​វត្តមាន​ចុង​ក្រោយ​ក្នុង​ព្រឹត្តិការណ៍​នេះ​កាលពី​ឆ្នាំ​២០១៤ ព័រ​ទុ​យ​ហ្គា​ល់​បាន​ត្រឹម​ឡើង​ដល់​វគ្គ​ចែក​ពូ​ល​ប៉ុណ្ណោះ ។

ក្តី​រំពឹង ៖ ថ្វី​ដ្បិតតែ​ទំព័រ​ប្រវត្តិសាស្ត្រ​ព័រ​ទុ​យហ្គា​ល់​មិន​ទាន់​បាន​ចារ​ពី​ភាព​ជោគជ័យ​ច្រើន​របស់​ខ្លួន​ក៏​ពិតមែន ប៉ុន្តែ​ក្រុម​ជម្រើសជាតិ​ខាងលើ ហាក់​បង្ហាញ​ភាព​លេចធ្លោ​គួរ​ឱ្យ​កត់សម្គាល់​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ស្រប​ពេល​ដែល​សមត្ថភាព​កូនក្រុម​នីមួយ​ៗ​រីក​ចម្រើន​កាន់តែ​ខ្លាំង ។ ព័រ​ទុ​យ​ហ្គា​ល់​ដែល​ស្ថិត​នៅ​ពូ​ល B អាច​នឹង​ត្រូវ​ប្រឈម​បញ្ហា​ខ្លះ​ៗ ដោយសារ​តែ​ក្នុង​នោះ​មាន​អេ​ស្ប៉ា​ញ​ជា​គូប្រកួត​ខ្លាំង ប៉ុន្តែ​ម៉ា​រ៉ុ​ក និង​អុី​រ៉​ង់​អាច​ជា​ឈ្នាន់​សម្រាប់​ក្រុម​បញ្ច​ខែល​ដើម្បី​មានឱកាស​ឆ្លង​ផុត​វគ្គ​ចែក​ពូ​ល ។

គ្រូ​បង្វឹក ៖ ក្រោយ​ដឹកនាំ​ក្រិ​ក​ឱ្យ​ស្គាល់​រសជាតិ World Cup លើក​ដំបូង​នៅ​រដូវ​កាល​ឆ្នាំ​២០១៤ វគ្គ​១៦​ក្រុម​ចុង​ក្រោយ​រួច​មក លោក Fernando Santos ត្រូវ​បាន​ព័រ​ទុ​យ​ហ្គា​ល់​តែងតាំង​រូប​លោក​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​នៅ​ឆ្នាំ​ដដែល​នោះ ។ ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​វ័យ​៦៣​ឆ្នាំ​រូប​នេះ បាន​ជួយ​ឱ្យ​ព័រ​ទុ​យហ្គា​ល់​មានមុខ​លើ​ឆាក​អន្តរជាតិ​បន្ទាប់​ពី​ឈ្នះ​ពានរង្វាន់​យូ​រ៉ូ​ឆ្នាំ​២០១៦ និង​កាន់​តំណែង​លេខ​៣​នៃ​ការ​ប្រកួត​ពានរង្វាន់ FIFA Confederations Cup ២០១៧ ។

កីឡាករ ​Super Star​ប្រចាំ​ក្រុម ៖ Cristiano Ronaldo នៅ​តែ​ជា​កីឡាករ​ឆ្នើម​មួយ​រូប​ទាំង​នៅ​ក្លិប Real Madrid និង​ក្រុម​ជម្រើសជាតិ ។ ខ្សែប្រយុទ្ធ​ស្រស់​សង្ហា​ម្នាក់​នេះ បាន​ចូលរួម​ជាមួយ​ឈុត​ធំ​នៅ​ឆ្នាំ​២០០៣ ដោយ​ប្រកួត​បាន​ចំនួន​១៤៩​ប្រកួត និង​ស៊ុត​បាន​៨១​គ្រាប់ ។ ជ័យជម្នះ​នៅ​យូ​រ៉ូ​ឆ្នាំ​២០១៦ បាន​ធ្វើ​ឱ្យ Ronaldo មាន​ជំនឿ​ចិត្ត​ថា នឹង​អាច​ជ្រោមជ្រែង​ឱ្យ​ក្រុម​ប្រទេស​ខ្លួន​ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ World Cup រដូវ​កាល​នេះ ។

បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប (​បណ្តោះអាសន្ន​) ៖

-​អ្នកចាំទី ៖ Patrício (Sporting CP), Anthony Lopes (Lyon), Beto (Göztepe) ។

-​ខ្សែការពារ ៖ Bruno Alves (Rangers), Rolando (Marseille), Luís Neto (Fenerbahçe), Guerreiro (Dortmund), José Fonte (Dalian Yifang), Mário Rui (Napoli), Soares (Southampton), Cancelo (Inter), Nélson Semedo (Barcelona), Pepe (Besiktas) ។

-​ខ្សែបម្រើ ៖ João Moutinho (Monaco), Joao Mario (West Ham), Bernardo Silva (Man City), Rúben Neves (Wolver), Carvalho និង Bruno Fernandes (Sporting CP), André Gomes (Barcelona), Manuel Fernandes (Lokomotiv Mos), Adrien Silva (Leicester), Pizzi (Befica) ។

-​ខ្សែប្រយុទ្ធ ៖ Cristiano Ronaldo (Real Madrid), André Silva (Milan), Gonçalo Guedes (Valencia), Gelson Martins (Sporting CP), Quaresma (Besiktas), Nani (Lazio), Eder (Norwich), Rony Lopes (Monaco), Bruma (Leipzig) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ