មេ​សហព័ន្ធ​កីឡា​សីដក់​កម្ពុជា​ដាស់តឿន​អត្ត​ព​លិ​ក​របស់ខ្លួន​


រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡា​សីដក់​កម្ពុជា បាន​បើក​កិច្ចប្រជុំ​មួយ​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ មេ​សា នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដើម្បី​ដាស់តឿន​ដល់​អត្ត​ព​លិ​ក​របស់​ខ្លួន​ឱ្យ​ខិតខំ​ហ្វឹកហាត់​ខ្លាំងក្លា ធ្វើ​យ៉ាងណា​ឱ្យ​ការ​ចូលរួម​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​នៅ​ថ្ងៃ​ទី​២៥ ឧសភា ខាង​មុខ​នេះ ទទួល​បាន​ជោគជ័យ​និង​ប្រកប​ទៅ​ដោយ​គុណ​ផល​ខ្ពស់​។

កិច្ចប្រជុំ​នេះ​ស្ថិត​ក្រោម​អធិបតីភាព​លោក មាស សា​រិ​ន ប្រធាន​សហព័ន្ធ​កីឡា​សីដក់​កម្ពុជា និង​មានការ​ចូលរួម​ពី​អត្ត​ព​លិ​ក​ជម្រើសជាតិ​មក​ពី​តាម​បណ្ដា​ក្លិប​នានា​ជិត​១០០​នាក់​។

លោក មាស សា​រិ​ន បាន​លើក​ឡើង​ថា សីដក់​ជា​កីឡា​មួយ​ប្រភេទ​មានការ​ពិបាក​បំផុត ព្រោះ​ត្រូវ​ប្រើប្រាស់​ទាំង​ដៃ​ទាំង​ជើង​និង​ត្រូវ​មាន​ភាព​វាងវៃ​ទៀត​ផង​ទើប​អាច​លេង​បាន។ មេ​សហព័ន្ធ​កីឡា​សីដក់​កម្ពុជា​ដាស់តឿន​អត្ត​ព​លិ​ក​របស់ខ្លួន​ការ​ប្រើ​ដៃ ជើង និង​ក្បាល​ត្រូវ​តែ​មាន​ភាព​ស្ទាត់ជំនាញ​ដូច​គ្នា​ឯ​កម្រាល​តា​ពី​ត្រូវ​តែ​មាន​លក្ខណៈ​ស្តង់ដា ទើប​ការ​លេង​កីឡា​មួយ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ។ បច្ចុប្បន្ន​យើង​នៅ​ខ្វះខាត​កម្រាល​តា​ពី ប៉ុន្តែ​លោក​សន្យា​ថា​នឹង​ស្វែងរក​ការ​ជួយ​ឧបត្ថម្ភ​ពី​ខាងក្រៅ​ឱ្យ​បាន​គ្រប់គ្រាន់ ។

ជាមួយ​គ្នា​នេះ​លោក​បាន​ជំរុញ​ដល់​កីឡាករ កីឡាការិនី​ទាំងអស់ ពេល​ប្រកួត​កីឡា​ជាតិ​លើក​ទី​២​ត្រូវ​ខិតខំ​បញ្ចេញ​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​ទាក់ទាញ​មហាជន​ឱ្យ​មានការ​ចាប់អារម្មណ៍​។​ដូច្នេះ មុន​ពេល​ការ​ប្រកួត​កីឡា​ជាតិ​មក​ដល់​ត្រូវ​តែ​មាន​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​បច្ចេកទេស​ច្បាស់លាស់ ធ្វើ​កំណត់ហេតុ​និង​កំណត់​រូបមន្ត​ប្រកួត​ចុង​ក្រោយ​ឱ្យ​បាន​ត្រឹមត្រូវ​។

លោក ទុ​យ ប៊ុ​ន​ហឿ​ន អគ្គលេខាធិការ​រង​សហព័ន្ធ​កីឡា​សីដក់​កម្ពុជា បានឱ្យ​ដឹង​ថា ប្រភេទ​កីឡា​សីដក់​កម្ពុជា​ត្រូវ​បាន​គណៈក​ម្មា​ធិ​ការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​កំណត់​ឱ្យ​ចូលរួម​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​លើក​ទី​២​នេះ​ដែរ​។ ចំពោះ​វិញ្ញាសា​ដែល​ត្រូវ​ដាក់​ឱ្យ​ប្រកួត​មាន​៥​គឺ​វិញ្ញាសា​បុរស​២​នាក់​ទល់​នឹង​២​នាក់ វិញ្ញាសា​នារី​២​នាក់​ទល់​នឹង​២​នាក់ វិញ្ញាសា​បុរស​៣​នាក់​ទល់​នឹង​៣​នាក់ វិញ្ញាសា​នារី​៣​នាក់​ទល់​នឹង​៣​នាក់ និង​វិញ្ញាសា​ក្រុម​បុរស ។ ពេល​នេះ​ការ​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​បុរស​២​នាក់​ទល់​នឹង​២​នាក់​មាន​៩​ក្រុម នារី​២​នាក់​ទល់​នឹង​២​នាក់​មាន​៧​ក្រុម បុរស​៣​នាក់​ទល់​នឹង​៣​នាក់​មាន​១០​ក្រុម នារី​៣​នាក់​ទល់​នឹង​៣​នាក់​មាន​៥​ក្រុម​។

ចំណែក​វិញ្ញាសា​ក្រុម​បុរស​នៅ​មិន​ទាន់់​ច្បាស់​ទេ តែបើ​តាម​ច្បាប់​ប្រកួត​វិញ្ញាសា​នីមួយ​ៗ​ដែល​អាច​ចូលរួម​ប្រកួត​បាន​ទាល់តែ​មាន​ចាប់ពី​៥​ក្រុម​ឡើង​ទៅ ។ លោក​បាន​លើក​ឡើង​​ទៀត​ថា​បញ្ហា​ចំពោះ​មុខ​ត្រូវ​រៀបចំ​គណៈកម្មការ​ប្រកួត និង​ទីលាន ប៉ុន្តែ​ការ​ប្រកួត​កីឡា​ជាតិ​របស់​សហព័ន្ធ​កីឡា​សីដក់​ត្រូវធ្វើ​ឡើង​នៅ​លើ​ទីលាន​សូ​ហ្វ​តេ​ន្នី​ស ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​៕

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ