ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​​ក្នុង​ត្រីមាស​ដំបូង​ដើមឆ្នាំ​នេះ

5 ឆ្នាំ មុន

ទីក្រុង​សេ​អ៊ូ​ល ៖ តាម​ទិន្នន័យបឋម​ដែល​បាន​បង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដា​ហ៍​មុន​ថា សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​សម្រេច​បាន​១,១%​ក្នុង​រយៈពេល​៣​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ធៀប​នឹង​ត្រីមាស​ចុង​ក្រោយ​ឆ្នាំ​មុន ដោយសារ​ការ​នាំ​ចេញ​ដ៏​ខ្លាំងក្លា​នៃ​ផលិតផល​អេ​ឡិច​ត្រូ​និក និង​កំណើន​វិនិយោគ​លើ​វិស័យ​សំណង់ ។ ធនាគារកណ្ដាល​កូរ៉េ​បាន​និយាយ​ថា ផលិតផល​ក្នុងស្រុក​សរុប​(GDP)…

ទីក្រុង​សេ​អ៊ូ​ល ៖ តាម​ទិន្នន័យបឋម​ដែល​បាន​បង្ហាញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ស​ប្ដា​ហ៍​មុន​ថា សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​សម្រេច​បាន​១,១%​ក្នុង​រយៈពេល​៣​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ ធៀប​នឹង​ត្រីមាស​ចុង​ក្រោយ​ឆ្នាំ​មុន ដោយសារ​ការ​នាំ​ចេញ​ដ៏​ខ្លាំងក្លា​នៃ​ផលិតផល​អេ​ឡិច​ត្រូ​និក និង​កំណើន​វិនិយោគ​លើ​វិស័យ​សំណង់ ។

ធនាគារកណ្ដាល​កូរ៉េ​បាន​និយាយ​ថា ផលិតផល​ក្នុងស្រុក​សរុប​(GDP) របស់​ប្រទេស​នេះ​សម្រេច​បាន​កំណើន​១,១%​ក្នុង​អំឡុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​នេះ ។ កាលពី​ឆ្នាំ​មុន កូរ៉េ​ខាងត្បូង​បាន​ក្លាយជា​ប្រទេស​សេដ្ឋកិច្ច​លំដាប់​ទី​៤​នៅ​អាស៊ី ជាមួយ​កំណើន​២,៨% ។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ លោក​Chung Kyu-il នាយក​ផ្នែក​ស្ថិតិ​សេដ្ឋកិច្ច​របស់​ធនាគារ បាន​និយាយ​ថា ៖« ការ​កើនឡើង​នេះ គឺ​ដោយ​សារ​ផល​ប៉ះពាល់​ជា​មូលដ្ឋាន​នៃ​កំណើន​អវិជ្ជមាន​កាលពី​ត្រីមាស​មុន » ។

លោក​បន្ដ​ថា ការ​នាំ​ចេញ​ដែល​បាន​វាស់វែង​ដោយ​បរិមាណ​នៅ​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​បាន​កើនឡើង​៤,៤% ក្នុង​ត្រីមាស​ចុង​ក្រោយ​។ ការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​បាន​កើនឡើង​៥,២% បើ​ធៀប​នឹង​ត្រីមាស​មុន ខណៈ​ពេល​ការ​វិនិយោគ​លើ​លំនៅ​ឋាន បាន​កើនឡើង​២,៨% ក្នុង​កំឡុង​ពេល​នេះ ។

ក្រុមហ៊ុន​Samsung ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ដែល​បាន​ជួយ​ឲ្យ​ការ​នាំ​ចេញ​របស់​ប្រទេស​នេះ​មាន​កំណើន​ខ្ពស់ ។ ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​មួយ​នេះ គឺជា​អ្នក​ផ្គត់ផ្គង់​ឈី​ប​នាំមុខ​គេ​លើ​ពិភពលោក និង​ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់​ផង​ដែរ​ក្នុង​រយៈពេល​១​ត្រីមាស​នេះ ។

ជាមួយ​គ្នា​នេះ លោក Chung Kyu-il បាន​លើក​ឡើង​ផង​ដែរ​ថា ភាព​ប្រសើរ​ឡើង​នៃ​ទំនាក់ទំនង​អន្តរ​កូរ៉េ នឹង​ផ្ដល់​ប្រយោជន៍​យ៉ាងច្រើន​បន្ថែម​ទៀត​ដល់​កំណើនសេដ្ឋកិច្ច​នៃ​កូរ៉េ​ទាំង​ពីរ ។

លោក​ថា ៖« បើសិនជា​មាន​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​កូរ៉េ​ខាងជើង​កាន់តែ​ច្រើន​នោះ វា​នឹង​ផ្តល់​នូវ​បណ្តាញ​ជា​ច្រើន​សម្រាប់​ប្រទេស​កូរ៉េ​ខាងត្បូង​ដើម្បី​រំពឹង​ថា នឹង​មាន​ផល​ប៉ះពាល់​ជា​វិជ្ជមាន​ទៅ​លើ​សេដ្ឋកិច្ច » ។

លោក​បន្ថែម​ថា ការ​កាត់​បន្ថយ​ហានិភ័យ «​ភូមិសាស្ត្រ​នយោបាយ​» រវាង​កូរ៉េ​ទាំង​ពីរ​អាច​ជំរុញ​ការ​វិនិយោគ និង​ពង្រីក​ការ​ចំណាយ​របស់​អ្នក​វិនិយោគ​ក្នុង​វិស័យ​ឯកជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ