រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី២៩ មេសា ការប្រកួតអន្តរជាតិដណ្ដើមខ្សែក្រវាត់ដែលមានទឹកប្រាក់តម្លៃ២០លានរៀល ត្រូវបានបញ្ចប់យ៉ាងកក្រើកនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ (SEA-TV) ដោយព្រឹត្តិការណ៍នោះសឹងតែធ្វើឱ្យម្នាក់ៗគូទមិនជាប់កៅអី និងឈរលែងនឹងព្រោះតែអបអរនឹងជោគជ័យរបស់កីឡាករកម្ពុជាដែលវាយថៃឈ្នះនៅក្នុងថ្ងៃនោះ។
កីឡាករ ផាន់ គ្រាន់ ត្រូវបានមហាជនជាពិសេសគឺអ្នកគាំទ្រទះដៃស្ទើររបើកដំបូលសង្វៀន ដោយសារតែការឈ្នះរបស់គេ គឺជារឿងដ៏កម្រដែលសូម្បីតែអ្នកគាំទ្រក៏សឹងមិនជឿភ្នែក។
សឹងមិនជឿនឹងភ្នែកដោយសារការប្រកួតពេលនោះបង្ហាញពីភាពស្វិតស្វាញរវាងកីឡាករទាំងពីរដែលមានន័យថា ភាគីម្ខាងៗសុទ្ធតែប្រឹងរៀងខ្លួនហើយមិនបានលាក់ដៃក្នុងការវាយលុកទេ ។ ការប្រកួតទាំងមូលធ្វើឱ្យអ្នកទស្សនាផ្ទាល់ជក់ចិត្តខ្លាំងណាស់នៅពេលការប្រកួតឈានដល់៤ទឹក ហើយលទ្ធផលបានស្ដែងយ៉ាងច្បាស់ថាកីឡាករថៃជាអ្នកទទួលបានឱកាសវាយចូលច្រើនជាងធ្វើឱ្យអ្នកគាំទ្រកីឡាករកម្ពុជាសម្ដែងការខកចិត្តយ៉ាងខ្លាំងនៅពេលឃើញផាន់ គ្រាន់ ខំប្រឹងណាស់ដែរ ប៉ុន្តែមិនអាចទៅរួច ។
បញ្ចប់ទឹកទី៤ កីឡាករថៃ Loom Leng និងអ្នកដឹកនាំរបស់គេបានបង្ហាញជំនឿចិត្តយ៉ាងខ្លាំង ថា ខ្លួននឹងដណ្ដើមបានខ្សែក្រវាត់ និងប្រាក់២០លានរៀលដោយសារតែមានពិន្ទុនាំមុខ សូម្បីតែគណៈកម្មការផ្ដល់ពិន្ទុ ក៏ទទួលស្គាល់ថាសម្រាប់៤ទឹកដែលបានបញ្ចប់គឺកីឡាករថៃជាអ្នកឈ្នះ ។ ទោះបីយ៉ាងណា ការប្រកួតក្នុងទឹកទី៥បានធ្វើឱ្យម្នាក់ៗស្រឡាំងកាំងដោយសារតែកីឡាករថៃ ដែលត្រូវគេដឹងថាឈ្នះពិន្ទុរួចជាស្រេច ស្រាប់តែក្លាយជាអ្នកបរាជ័យទៅវិញ ដោយសារតែភ្លាត់ឱ្យកីឡាករ ផាន់ គ្រាន់ វាយត្រូវមួយកែងបកពេញទំហឹងបណ្ដាលឱ្យដួលសន្លប់ធំលើរេញ ទោះបីអាជ្ញាកណ្ដាលរាប់ដល់១០ហើយនៅតែក្រោកមិនរួច ។ អ្នកគាំទ្រនៅពេញសង្វៀនស្ទើរតែមិនជឿភ្នែកនោះទេ ជាពិសេសនៅពេលដែលកីឡាករថៃស្រាប់តែក្លាយជាអ្នកសន្លប់ និងជាអ្នករបូតខ្សែក្រវាត់អន្តរជាតិដែលមានតម្លៃជាទឹកប្រាក់២០លានរៀលយ៉ាងគួរឱ្យភ្ញាក់ផ្អើល ។
ផាន់ គ្រាន់ ដែលបានក្លាយជាម្ចាស់ខ្សែក្រវាត់ បានថ្លែងបញ្ជាក់ថា នេះជាលើកទី៣ ដែលលោកទទួលបានខ្សែក្រវាត់ជើងឯក ប៉ុន្តែសម្រាប់លើកនេះ គឺជាខ្សែក្រវាត់ជើងឯកអន្តរជាតិ ដែលវាយឈ្នះកីឡាករថៃជាជើងខ្លាំងតែម្ដង ។ លោកទទួលស្គាល់ថា ការប្រកួតដែលបានធ្វើឡើងនៅក្នុងរយៈពេល៤ទឹកបើកឆាក លោកពិតជាមិនមានសំណាងដណ្ដើមពិន្ទុនាំមុខនោះទេ ហើយបើកុំតែមានសំណាងវាយឱ្យកីឡាករថៃសន្លប់នៅជិតចប់ទឹកទី៥នោះ ក្ដីស្រមៃរបស់លោកនឹងត្រូវបាត់បង់បាត់ហើយ សម្រាប់ការប្រកួតមួយនេះ ។ លោកបង្ហាញពីការសាទរចំពោះលទ្ធផលដែលបានលេចឡើង នាពេលនោះដោយអះអាងថា ខ្សែក្រវាត់ អន្តរជាតិ និងប្រាក់លានដែលខ្លួនទទួលបាន បានជួយឱ្យលោកក្លាយខ្លួនជាអ្នកមានកិត្តិយសយ៉ាងខ្លាំងនៅក្នុងពិភពប្រដាល់ ។
លោកថា ការប្រកួតដែលទើបនឹងបានខ្សែក្រវាត់នេះ មិនមែនបានដោយមិនមានការប្រឹងប្រែងនោះទេ គឺបានដោយលំបាកបំផុត ទើបលោកនិយាយថា នេះគឺជាអ្វីដែលលោកត្រូវតែប្រឹងបន្តថែមទៀត ដើម្បីឱ្យខ្លួនកាន់តែមានឱកាស និងមានកេរ្តិ៍ឈ្មោះបោះសំឡេងលើអាជីពជាអ្នកប្រដាល់ដែលបានតស៊ូ ។ លោកថា ក្រោយទទួលបានខ្សែក្រវាត់អន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កាន់តែធ្វើឱ្យលោកមានកម្លាំងចិត្តច្រើនឡើង ដោយសារតែឈ្នះខ្សែក្រវាត់នេះ គឺបង្ហាញថា លោកនៅតែមានលទ្ធផលពីការប្រឹងប្រែង ។ លោកថា កីឡាករថៃពិតជាមានសមត្ថភាព ជាក់ស្ដែងលោកក៏ប្រើបច្ចេកទេសយ៉ាងស្វិតស្វាញផងដែរទម្រាំរកបានជ័យជម្នះដែលជាផ្លែផ្កាដែលលោកចង់បាននៅក្នុងពេលនេះ។
លោក ញាណ សុធី អ្នករៀបចំកម្មវិធីប្រកួតប្រចាំសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍បានអះអាងថា ការប្រកួតដណ្ដើមខ្សែក្រវាត់អន្តរជាតិមួយនេះធ្វើឡើងចំនួន២លើកមកហើយសម្រាប់សង្វៀនពេលរសៀលថ្ងៃអាទិត្យក្រោមការឧបត្ថម្ភរបស់ស្រាបៀរBarrley Black។ លោកបានកោតសរសើរចំពោះកីឡាករ ផាន់ គ្រាន់ ដែលធ្វើបានល្អសម្រាប់ការប្រកួត ប៉ុន្តែលោកថា បើគ្មានសំណាងវាយឱ្យថៃសន្លប់ក្នុងទឹកទី៥នោះទេ គឺប្រាកដជាចាញ់ទាំងសោកស្ដាយជាមិនខាន ដោយសារតែកីឡាករថៃហាក់មានសន្ទុះល្អជាង ទាំងកែង និងម៉ាត់ក្នុងការវាយលុក។
យ៉ាងណាមិញលោកថា ទូរទស្សន៍អាស៊ីអាគ្នេយ៍មិនមានគម្រោងកុងត្រាចងជើងកីឡាករជាម្ចាស់ខ្សែក្រវាត់តាមរយៈការផ្ដល់ប្រាក់ខែឱ្យនោះទេ ដោយលោកបញ្ជាក់ថា ប្រាក់រង្វាន់២០លានរៀលនោះ គឺជាប្រាក់ប្រគល់ផ្ដាច់ ហើយផ្ដល់សិទ្ធិឱ្យកីឡាកររូបនេះមានសិទ្ធិប្រកួតប៉ុស្ដិ៍ណាក៏បានឱ្យតែផាន់ គ្រាន់ មានពេលទទួលយកការប្រកួតនៅប៉ុស្ដិ៍របស់ខ្លួន ។ លោកថា ទូរទស្សន៍របស់លោកបានត្រឹមតែបណ្ដុះកីឡាករជាធនធានសម្រាប់បម្រើឱ្យវិស័យប្រដាល់ប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការចុះកុងត្រាចងជើងកីឡាករទុកប្រកួតប្រចាំប៉ុស្ដិ៍ខ្លួន គឺមិនមានទេ ដើម្បីផ្ដល់សេរីភាពឱ្យកីឡាករមានសិទ្ធិទៅប្រកួតនៅទីណាក៏បាន៕
ចែករំលែកព័តមាននេះ