រាជធានីភ្នំពេញ ៖ ទីតាំងអ៊ីនធើណេត២៤ម៉ោង បង្កប់ល្បែងស៊ីសងមួយកន្លែងត្រូវបានអាជ្ញាធរខណ្ឌសែនសុខ ចុះបង្ក្រាបកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ដោយឃាត់ខ្លួនបុគ្គលិកចំនួន៤នាក់ ក្នុងនោះមាននារី ម្នាក់ព្រមទាំងដកហូតបានកំព្យូទ័រចំនួន១៤គ្រឿង។ទីតាំងណេត បង្កប់ល្បែងស៊ីសង នោះមានយីហោ ហ្វ័រជីអ៊ិនធើណេត៨៨ ស្ថិតនៅផ្ទះលេខ ៣DE0 តាមផ្លូវលេខ២៧១ ក្នុងភូមិអូរបែកក្អម សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។ បុគ្គលិកដែលឃាត់ខ្លួនពុំត្រូវបានស្គាល់ឈ្មោះនៅឡើយ។

តាមព័ត៌មានឲ្យដឹងថា ទីតាំងណេត២៤ម៉ោងនេះបានបង្កប់នូវល្បែង ស៊ីសង ដែលម្ចាស់បើកលេងជាយូរមកហើយ ទើបតែពេលមានប្រជាពលរដ្ឋប្តឹង ទើបអាជ្ញាធរចុះបង្ក្រាបតែម្តង។ តាមអាជ្ញាធរខណ្ឌសែនសុខ បានឲ្យដឹងថា ទីតាំងអ៊ិនធើណេតនេះមានលិខិតអនុញ្ញាត ពីរដ្ឋបាលរាជធានីភ្នំពេញ, លិខិតពីនិយ័តករ ទូរគមនាគមន៍ កម្ពុជា និងលិខិតរបស់ការិយាល័យ ច្រកចេញចូលតែមួយរបស់សាលាខណ្ឌសែនសុខ តែហួសសុពលភាព។ មិនតែប៉ុណ្ណោះអាជ្ញាធរ ពិនិត្យឃើញថា ទីតាំងនេះមានបង្កប់ល្បែងស៊ីសង។
តាមអាជ្ញាធរខណ្ឌ សែនសុខ បានឲ្យដឹងថា នៅក្នុងការចុះបង្ក្រាបទីតាំង អ៊ីនធើណេតបង្កប់ល្បែងស៊ីសង សមត្ថកិច្ច បានឃាត់ខ្លួនបុគ្គលិក មើលការខុសត្រូវចំនួន៤នាក់ ក្នុងនោះមានស្រីម្នាក់ ព្រមទាំងដកហូតបានកំព្យូទ័រ ចំនួន១៤សម្រាប់,ប្រាក់ចំនួន ៣៣១៦ដុល្លារ និងលុយខ្មែរ ១.៣១២.៥០០រៀល និងម៉ូតូចំនួន៣គ្រឿង។ ទោះបីជាយ៉ាងណាគេពុំដឹងថា សមត្ថកិច្ចចាត់ការតាមច្បាប់ ឬយ៉ាងណានោះទេ។ គួរបញ្ជាក់ នៅក្នុងខណ្ឌសែនសុខ មានទីតាំងអ៊ីនធើណេត ២៤ម៉ោងជាច្រើនកន្លែងទៀតដែលគេះអាងថា សុទ្ធតែមានបង្កប់ ល្បែងស៊ីសង និងខ្លះទៀតលួចលាក់ ដោយដោះស្លាកចេញក៏មានដែរ។ ទីតាំងល្បែងស៊ីសងទាំងនោះសុទ្ធតែជ្រកក្រោម ច្បាប់អនុញ្ញាតមិនប្រក្រតី និងមានការឃុបឃិតគ្នា៕

https://www.youtube.com/watch?v=HHz9NVx__Vg
ចែករំលែកព័តមាននេះ