ព័ត៌មាន​ជាតិ » ព្រឹត្តិការណ៍សង្គម

ប៉ូលិស២​នាក់ដែល​បាញ់អ្នក​បើកបរ​រថយន្ត​ដឹកទំនិញ​ស្ទើរស្លាប់​ស្ទើររស់​ ចាប់​ខ្លួន​ហើយ​

ដោយ ៖ បុប្ជា   

ថ្ងៃអង្គារ ទី២៩ ខែមករា ឆ្នាំ២០១៣ ម៉ោង ០៨:៥០   (29-01-2013 08:50)

រាជធានីភ្នំពេញ ៖ ប៉ូលិស២​នាក់ដែល​បាញ់អ្នក​បើកបរ​រថយន្ត​ដឹកទំនិញ​ស្ទើរស្លាប់​ស្ទើររស់​ ដោយសារ​តែខឹងមិនព្រមឈប់​ឡានបង់​ប្រាក់ឱ្យពួកគេ​កាលពីប៉ុន្មានម៉ោងមុន​នេះ ត្រូវបានប៉ូលិស​ត្រឹមត្រូវ​តាមចាប់ខ្លួនបានហើយ​​ ​គឺ​​​ម្នាក់ឈ្មោះ​ យូ សុខ​គា​ ត្រូវបានចាប់​ខ្លួននៅ​វេលាម៉ោង១រសៀល, ចំណែក​ម្នាក់​ទៀត​ គង់​ តារា ​ត្រូវបាន​ចាប់​ខ្លួននៅវេលាម៉ោង៣រសៀលថ្ងៃដដែល។

ការចាប់​​ខ្លួនប៉ូលិស​អន់ចរិត ​ធ្វើឱ្យខូច​កិត្តិយសដល់​ប៉ូលិសត្រឹម​ត្រូវនោះ ធ្វើឡើងភ្លាមៗ​តាមបញ្ជារបស់​លោកនាយ​ឧត្តមសេនីយ៍ផ្កាយមាស៤ អគ្គ​ស្នង​ការ​នគរបាលជាតិ​ ​នេត​ សាវឿន និងលោក​ស្នងការនគរបាល​រាជធានី​ភ្នំពេញ​។ ប៉ូលិសអសីលធម៌​ស្រេកឈាម​អ្នកក្រីក្រនេះកំពុង​ត្រូវបានឃុំ​ខ្លួន​នៅ​ការិយាល័យ​​ព្រហ្មទណ្ឌ​​នៃស្នងការ​នគរបាល​រាជធានីភ្នំពេញ។

គួរ​បញ្ជាក់ថា មុននេះ​ អ្នក​បើក​​រថយន្ត​ដឹក​ម្ទេស​ម្នាក់ត្រូវ​មន្ត្រី​​ ប៉ូលិស​​ស្លៀក​ពាក់​ឯក​សណ្ឋា​ន​លួច​ដាក់​កុង​​ត្រូ​ជជុះ​​កណ្តាល​ រាជធានីភ្នំពេញ ចំនួន​២​នាក់ ជិះ​ម៉ូតូតាម​គប់​បំបែក​​កញ្ចក់​​រថយន្ត និង​ដក​កាំភ្លើង​ខ្លី​បាញ់​១​គ្រាប់​ បណ្តាល​​ឱ្យ​ត្រូវ​ចំ​លើ​ដោះ​ខាងឆ្វេងបៀម​គ្រាប់​​ដោយ​សារតែ​ខឹង​មិន​ព្រម​ ឈប់​រថយន្ត​បង់​ប្រាក់​ចំនួន​​២.០០០​​រៀល​ដូច​សព្វ​ដង ។

​ហេតុការណ៍​នេះ​កើតឡើងកាល​ពី​វេលាម៉ោង​​១១​និង​៤៥​ នាទីយប់​ថ្ងៃទី​២៧ មករា ​២០១៣ ​នៅតាម​ផ្លូវ​ជាតិ​លេខ​៥ មុខស្ថានីយ​បញ្ចូល​ហ្គាស​ទាន់​សម័យ​​ក្នុងភូមិ​ស្វាយ​ប៉ាក ​សង្កាត់​ស្វាយ​ប៉ាក ខណ្ឌ​ឫស្សីកែវ ​។ ​បន្ទាប់​ពី​ផ្ទុះអាវុធ​​មន្ត្រី​ប៉ូលិស​​ខិល​ខូច​បាន​ព្យា​យាម​លុប​បំបាត់​ ស្នាម​ឈាម​​ហើយ​គេច​ខ្លួន​បាត់ ។ យ៉ាង​ណា​ក៏ដោយ បើ​សិន​​ជា​មាន​ការ​ស្រាវ​ជ្រាវ​ពី​ស្នង​​ការ​នគរបាល​រាជធានី​​ភ្នំពេញ ជន​បង្ក​មិន​អាច​គេចផុតពី​​សំណាញ់​ច្បាប់​ឡើយ ព្រោះ​​ជន​នោះ​តែងតែ​​​ដាក់​គោល​ដៅ​ចាំ​ទារ​ប្រាក់​ពី​រថយន្ត​​ដឹកទំនិញ​​ និងធ្លាប់​ត្រូវបាន​​លោក​ស្នងការ​បញ្ជា​ឱ្យ​ប៉ូលិស​​ប៉ុស្តិ៍​ទួល​​សង្កែ និង​ប៉ូលិស​​ប៉ុស្តិ៍​បឹង​កក់​ទី​១ ចុះទៅឃាត់​ខ្លួន​សាកសួរ​ម្តង​មក​ហើយ​តាំងពី​លោក​មក​កាន់​ជា​ស្នងការ​ថ្មី ។

​អ្នក​បើក​បរ​ដែល​ត្រូវ​មន្ត្រី​ប៉ូលិស​តាម​បាញ់​ ព្រោះ​តែប្រាក់​២.០០០​រៀល​ឈ្មោះ​ឌី វិចិត្រ ​ហៅភោគ ភេទប្រុស អាយុ​​២៩​ឆ្នាំ ​មានទី​លំនៅ​​ផ្ទះ​​ជួល​ម្តុំ​ផ្សារ​នាគ​មាស សង្កាត់​ផ្សារ​ដើម​គ ខណ្ឌទួលគោក បាន​រងរបួសត្រូវ​គ្រាប់​កាំភ្លើង​១​គ្រាប់​​ចំលើ​ដោះ​ខាងឆ្វេង​បៀមគ្រាប់ ​កំពុង​សម្រាក​​ព្យាបាល​នៅ​មន្ទីរពេទ្យ​​កាល់​ម៉ែត៕