ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត World Cup 2018 របស់​ក្រុម​ជម្រើសជាតិ​ប្រេ​សុី​ល

5 ឆ្នាំ មុន

តើ​ប្រេ​ស៊ី​ល​ជំនាន់​២០០២​ពិតជា​បាន​រស់​ឡើង​វិញ​មែន​ទេ ? ក្រុម​ជម្រើសជាតិ​ដែល​មាន​រហស្សនាម «​សាំ​បា» បច្ចុប្បន្ន​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​២​ក្នុង​តារាង FIFA Ranking ធ្លាប់​បាត់បង់​ឱកាស​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៣​រដូវ​កាល​ជាប់​គ្នា​ចាប់តាំងពី​ឆ្នាំ​២០០៦, ២០១០ និង​២០១៤…

តើ​ប្រេ​ស៊ី​ល​ជំនាន់​២០០២​ពិតជា​បាន​រស់​ឡើង​វិញ​មែន​ទេ ? ក្រុម​ជម្រើសជាតិ​ដែល​មាន​រហស្សនាម «​សាំ​បា» បច្ចុប្បន្ន​ស្ថិត​នៅ​ចំណាត់ថ្នាក់​លេខ​២​ក្នុង​តារាង FIFA Ranking ធ្លាប់​បាត់បង់​ឱកាស​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៣​រដូវ​កាល​ជាប់​គ្នា​ចាប់តាំងពី​ឆ្នាំ​២០០៦, ២០១០ និង​២០១៤ ។

យ៉ាងណាមិញ នៅ​រដូវ​កាល​ថ្មី​នេះ ក្រុម​ជម្រើសជាតិ​ដែល​មក​ពី​ទ្វីបអាមេរិក​ខាងត្បូង​មួយ​នេះ បាន​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់​ខ្លួន​តាម​រយៈ​ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម​ក្នុង​តំបន់ ថែម​ទាំង​បាន​កក់​កៅអី​ឡើង​មក​ដល់​វគ្គ​ចែក​ពូ​ល​មុនគេ​ទៀត​ផង ។ ជាក់ស្តែង ប្រេ​ស៊ី​ល​ជា​ប្រទេស​ចំណាស់​​មួយ​ដែល​បាន​ប្រឡូក​ក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភពលោក​មួយ​នេះ​តាំងពី​ឆ្នាំ​១៩៣០​មក​ម្ល៉េះ ។ មក​ទល់​ពេល​នេះ ប្រេ​ស៊ី​ល​បង្ហាញខ្លួន​នៅ World Cup ជា​លើក​ទី​២១ ខណៈ​ការ​ប្រកួត​នា​​ពេល​កន្លង​មក​ពួក​គេ​បាន​ឡើង​ដល់​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ចំនួន​១១​លើក ប៉ុន្តែ​មានឱកាស​ឆ្លង​​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​៧​លើក​ប៉ុណ្ណោះ ។ ប្រេ​ស៊ី​ល​បាន​ក្លាយជា​ក្រុម​ជម្រើសជាតិ​ដែល​គ្រង​ជា​ម្ចាស់​​​ជើងឯក​World Cup​ច្រើន​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ ដោយ​កាន់កាប់​ពាន​ចំនួន​៥​សម័យកាល​​នា​ឆ្នាំ​១៩៥៨, ១៩៦២, ១៩៧០, ១៩៩៤ និង​ឆ្នាំ​២០០២ ។ ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី ព្រមទាំង​វត្តមាន​កីឡាករ​ក្មេង​ៗ​ជា​ច្រើន​រូប​ដែល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ខ្ពស់ ធ្វើ​ឱ្យ​ប្រេ​ស៊ី​ល​មាន​សន្ទុះ​ប្រយុទ្ធ​កាន់តែ​ខ្លាំង​នា​ពេល​បច្ចុប្បន្ន ។

ក្តី​រំពឹង ៖ ស្រមោល​ឈឺចាប់​ដែល​នៅ​ដិតដាម​ក្នុង​ចិត្ត​អស់​រយៈពេល​៣​រដូវ​កាល​ជាប់​ៗគ្នា​​មក​​ទល់​ពេល​នេះ មិន​បាន​ធ្វើ​ឱ្យ​ប្រេ​ស៊ី​លបាក់កម្លាំង​ចិត្ត​នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ គេ​សង្កេត​ឃើញ​ថា ក្រុម​ជម្រើសជាតិ​ខាងលើ​បាន​និង​កំពុង​វិ​វត្ត​ខ្លួន​កាន់តែ​ខ្លាំង​ដូច​សម័យកាល​វីរបុរស Ronaldo របស់​ពួក​គេ ។ ដ្បិត​កីឡាករ​ជើង​ចាស់​ចូល​និវត្តន៍​អស់ ក៏​នៅ​មាន​គ្រាប់ពូជ​ថ្មី​ៗ​ជា​ច្រើន​នាក់​ទៀត​ដែល​កំពុង​បង្ហាញ​ភាព​ប៉ិន​ប្រសប់​របស់​ខ្លួន​លើ​ឆាក​អន្តរជាតិ​តាម​រយៈ​ការ​លេង​ក្នុង​ក្លិប​ធំ​ៗ​នៅ​អឺរ៉ុប ។ ស្ថិត​ក្នុងពូ​ល E ជាមួយ​ស្វ៊ី​ស កូ​ស្តា​រី​កា និង​ស៊ែ​ប៊ី ពុំ​មាន​បញ្ហា​ចោទ​អ្វី​នោះ​ទេ​សម្រាប់​ប្រេ​ស៊ី​ល ។

គ្រូបង្វឹក ៖ ដោយ​មើលឃើញ​ពី​ទេព​កោសល្យដ៏​ឆ្នើម​រួម​ជាមួយនឹង​បទ​ពិសោធន៍​ដឹកនាំ​ជា​ច្រើន​ឆ្នាំ​រួច​មក ប្រេ​ស៊ី​ល​ក៏​សម្រេច​តែងតាំង​លោក Adenor Leonardo Bacchi ដែល​ត្រូវ​បាន​គេ​ហៅ​ថា​លោក «Tite» ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​អំឡុង​ឆ្នាំ​២០១៦ ។ ក្នុង​វ័យ​៥៦​ឆ្នាំ លោក Tite មិន​ទាន់​បាន​សាង​ស្នាដៃ​ធំធេង​ជូន​ប្រេ​ស៊ី​ល​នៅឡើយ​ទេ ប៉ុន្តែ​ភាព​ជោគជ័យ​ដ៏​គួរ​ឱ្យ​គត់​សម្គាល់​ក្រោម​ការ​ដឹកនាំ​របស់​លោក​នា​ពេល​កន្លង​មក គឺ​ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​មួយ​នេះ ឡើង​មក​ដល់​វគ្គ​ចែក​ពូ​ល​យ៉ាង​ងាយ ។

កីឡាករ Super Star ប្រចាំ​ក្រុម ៖ តារា​វ័យក្មេង​ដែល​កំពុង​បញ្ចេញ​ពន្លឺ​ខ្លាំង​ក្នុង​ពិភព​បាល់ទាត់​នា​មួយ​រយៈពេល​ចុង​ក្រោយ និង​ជា​កីឡាករ​ឈ្នះ​មេដាយមាស​អូ​ឡាំ​ពិ​ក​ផង​នោះ Neymar នឹង​បង្ហាញខ្លួន​លើក​ទី​២​នៅ World Cup ជាមួយនឹង​ភាព​ជឿជាក់​ខ្ពស់​ថា​នឹង​អាច​ដឹក​ដៃ​ប្រេ​ស៊ី​ល​ឡើង​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ។

Neymar ស៊ុត​បាន​៥៣​គ្រាប់​ឱ្យ​ក្រុម​ជម្រើសជាតិ​ក្នុង​ការ​ប្រកួត​ចំនួន​៨៣​លើក ។ ប្រេ​ស៊ី​ល​មិន​ត្រឹមតែ​មាន Neymar ខ្លាំង​តែ​ម្នាក់​ប៉ុណ្ណោះ​ទេ នៅ​មាន​កីឡាករ​វ័យក្មេង​ និង​ឆ្នើម​ជា​ច្រើន​រូប​ទៀត​ដូច​ជា Coutinho, Willian និង Gabriel Jesus ជាដើម ។

បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប(​បណ្តោះអាសន្ន​) ៖

-​អ្នកចាំទី ៖ Alisson (Roma), Ederson (Man City), Neto (Valencia) ។

-​ខ្សែការពារ ៖ ប្រធាន​ក្រុម Dani Alves, Marquinhos និង Thiago Silva (Paris SG), Marcelo (Real Madrid), Miranda (Inter), Fagner (Corinthians), Rodrigo Caio (São Paulo), Pedro Geromel (Grêmio), Ismaily (Shakhtar) ។

-​ខ្សែបម្រើ ៖ Willian (Chelsea), Paulinho និង Coutinho (Barcelona), Fernandinho (Man City), Renato Augusto (Beijing Sinobo), Casemiro (Real Madrid), Fred (Shakhtar), Talisca (Besiktas) ។

-​ខ្សែប្រយុទ្ធ ៖ Douglas Costa (Juventus), Roberto Firmino (Liverpool), Gabriel Jesus (Man City), Taison (Shakhtar), Willian Jose (Sociedad) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ