ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួបរបស់ពិតហើយ! តារាយូធូប Jake Paul នឹង ប៉ះ​មនុស្សដែក Mike Tyson នៅខែកក្កដា ខាងមុខនេះ

1 ខែ មុន

សហរដ្ឋអាម៉េរិក ៖ តារាយូធូបដ៏ល្បីរបស់អាម៉េរិក Jake Paul ដែលបានប្រែខ្លួនជាអ្នកប្រដាល់សកល

សហរដ្ឋអាម៉េរិក ៖ តារាយូធូបដ៏ល្បីរបស់អាម៉េរិក Jake Paul ដែលបានប្រែខ្លួនជាអ្នកប្រដាល់សកលអាជីព១រូប នឹងត្រូវឡើងសង្វៀនតទល់ជាមួយនឹងស្តេចប្រដាល់សកលទម្ងន់ធ្ងន់អាម៉េរិក Mike Tyson នៅក្នុងការប្រកួតក្រៅផ្លូវការ ឬ Exhibition Match ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។

ការប្រកួតដ៏កក្រើកពិភពលោកមួយនេះ នឹងធ្វើឡើងនៅកីឡដ្ឋាន AT&T ដែលមានតម្លៃ ១.៧៧ពាន់លានដុល្លារអាម៉េរិក និងអាចផ្ទុកអ្នកទស្សនារហូតដល់៨ម៉ឺននាក់ ស្ថិតនៅទីក្រុងអាលីងតុន (Arlington) រដ្ឋតិចសាស់ (Texas) ដែលជាទឹកដីរបស់ក្រុម Dallas Cowboys ដែលក្រុមបាល់ឱបថ្នាក់ជាតិអាម៉េរិក NFL ហើយនិងត្រូវបានចាក់ផ្សាយផ្តាច់មុខនៅលើកម្មវិធី Netflix ដែលជាសេវាកម្មចាក់ផ្សាយវីដេអូភាពយន្តដ៏ល្បីរបស់អាម៉េរិកផងដែរ។

លោក Mike Tyson អាយុ៥៧ឆ្នាំ បានក្លាយជាអ្នកប្រដាល់សកលអាជីពនៅក្នុងឆ្នាំ ១៩៨៥ ពោលគឺស្ថិតនៅវ័យ១៨ឆ្នាំ ហើយបានចូលនិវត្តន៍ពីអាជីពដ៏អស្ចារ្យនេះ នៅឆ្នាំ ២០០៥ ដោយត្រូវបានគេប្រសិទ្ធនាមថា «ស្តេចប្រដាល់ទម្ងន់ធ្ងន់អាម៉េរិក»

ជាមួយនឹងកំណត់ត្រាប្រកួត៥៨ដង ឈ្នះ៥០ដង ចាញ់៦ដង និងមោឃៈ ឬ No Contest ២ដង ដោយផ្តួលគូប្រកួតឱ្យបោះបង់ការប្រកួតចំនួន៤៤ដង។

លោក Mike Tyson ដែលមានរហស្សនាម «Iron Mike» ឬ «មនុស្សដែក Mike» បានក្លាយជាអ្នកប្រដាល់វ័យក្មេងបំផុត ឈ្នះខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក WBC Heavyweight នៅពេលដែលបានផ្តួលអ្នកប្រដាល់ចាម៉ៃកា Trevor Berbick នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩៨៦។

បើទោះជាចូលនិវត្តន៍អស់ពេលជាច្រើនឆ្នាំក៏ពិតមែន ប៉ុន្តែសន្ទុះកម្លាំងដៃរបស់ Mike Tyson នៅតែខ្លាំង និងរហ័ស ដែលគ្រប់គ្នាបានឃើញនៅក្នុងខ្សែអាត់វីដេអូជាច្រើន អំឡុងពេលការហ្វឹកហាត់របស់លោក កាលពីពេលថ្មីៗនេះ ក៏ដូចការប្រកួតក្រៅផ្លូវការចុងក្រោយរបស់លោកទល់នឹងអ្នកប្រដាល់អាម៉េរិក Roy Jones Jr. កាលពីឆ្នាំ ២០២០ កន្លងទៅ ដែលបញ្ចប់ទៅលទ្ធផលស្មើគ្នា។

ក្រឡេកទៅមើល តារាយូធូបដ៏ល្បី Jake Paul អាយុ២៧ឆ្នាំ ឯណោះវិញ ចាប់តាំងពីឆ្នាំ ២០២០ បានក្លាយជាអ្នកប្រដាល់អាជីព ដោយបានឆ្លងកាត់ការប្រកួតអាជីពចំនួន ១០ដង ឈ្នះ៩ ចាញ់១ និងផ្តួលគូប្រកួតឱ្យបោះបង់ការប្រកួត៦ដង ដោយក្នុងនោះបានយកឈ្នះលើកីឡាករខ្លាំងៗជាច្រើននាក់ផងដែរ។ ការប្រកួតទល់នឹង Mike Tyson ត្រូវបានអ្នកស្នេហាវិស័យប្រដាល់ពិភពលោកមួយចំនួនបានលើកឡើងថា Jake Paul ជួបរបស់ពិតហើយ ឬក៏ Jake Paul បានដាស់ស្តេចតោឱ្យចេញពីរូងហើយ ខណៈអ្នកខ្លះទៀតក៏បានលើកឡើងថា ជារឿងដ៏អស្ចារ្យបំផុតសម្រាប់អាជីពរបស់ Jake Paul បើគេយកឈ្នះ Mike Tyson។

បើយោងតាមគេហទំព័រលក់សំបុត្រ Vivid Seats បានបង្ហាញថា តម្លៃសំបុត្រទាបបំផុតសម្រាប់ការប្រកួតដ៏កក្រើកមួយនេះមានតម្លៃជាង២០០ដុល្លារ ខណៈដែលកៅអីមានតម្លៃថ្លៃបំផុតចន្លោះពី ៤ពាន់ទៅ៦ពាន់ដុល្លារឯណោះ៕ (ប្រភព ៖ CNN និង Yahoo News)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ