ឆ្នាំ​2021​កម្ពុជា​ទទួល​ទង់​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​បន្ត​ពី​វៀតណាម


រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​មលើក​ទី​៣១​ឆ្នាំ​២០២១​នៅ​ប្រទេស​វៀតណាម
កម្ពុជា​ត្រូវ​ទទួល​ទង់​ធ្វើ​ម្ចាស់ផ្ទះ​បន្ត​រៀបចំ​ការប្រកួត​កីឡា​ដ៏​ធំ​ប្រចាំ​តំបន់​អា​ស៊ី​អាគ្នេយ៍​មួយ​នេះ​នៅ​ឆ្នាំ​២០២៣​នា​ពេល​នោះ ។ នេះ​ជាប្រសាសន៍​របស់​លោក វ៉ា​ត់ ចំរើន អគ្គ​លេខា​ធិ​ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជានៅ​ក្នុង​កិច្ចប្រជុំ​លើក​ដំបូង​របស់​គណៈ​ក​ម្មា​ធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍(​ស៊ីហ្គេ​ម​)​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​បានរៀបចំ​ធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព​កាលពី​ថ្ងៃទី​២៦ មេ​សា ក្រោម​អធិ​បតីភាព​សម្ដេចពិជ័យ​សេនា​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​។

លោក វ៉ា​ត់ ចំរើន បាន​បន្ត​ថា ដើម្បី​ជំរុញឱ្យ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ
២០២៣​ទទួល​បាន​ជោគជ័យ គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​តែ​រៀបចំ​ខ្លួន​ឱ្យ​បាន​ល្អ​ចាប់ពី​ពេល​នេះ​ទៅ ។ ជា​ពិសេស​ធនធាន​អត្ត​ព​លិ​ក គ្រូបង្ហាត់ ក៏​ដូច​ជា​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ធ្វើការ​ផ្សព្វផ្សាយ​បញ្ជ្រាប​ការ​យល់​ដឹង​ការងារ​កីឡាក៏​ដូច​ជា​ការ​ស្វែងរក​ទីផ្សារ​កីឡា​ចាប់ពី​ពេល​នេះ​ទៅ ។ ម្យ៉ាងវិញទៀត នៅ​ឆ្នាំ​២០១៩ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេ​ម​នឹង​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ការ​រាប់​ថយក្រោយ​(Cauntdown)​ រហូត​ដល់​ថ្ងៃ​ប្រកួត​កីឡា​នេះ​តែ​ម្ដង ។ សម្រាប់​ផែនការ​ប្រកួត​វិញ គណៈ​កម្មាធិ​ការ​ជាតិ​បាន​រៀបចំ​ឱ្យ​មានការ​ប្រជុំ​ជាមួយ​ផ្នែក​ជំនាញ​បច្ចេកទេស ធ្វើការ​វែក​ញែក​​ឱ្យ​បាន​ច្បាស់លាស់​ទាំង​ការងារ​បច្ចេកទេស ការងារ​រដ្ឋបាល និង​ការងារ​ហិរញ្ញ​វត្ថុ។

លោក​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​រូប​នេះ​ក៏​បាន​លើក​ឡើង​អំពី​ផែនទី​បង្ហាញផ្លូវ​សម្រាប់​ឆ្ពោះទៅ​រក​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ គឺ​យក​តាម​លំនាំ​​ផែនទី​បង្ហាញផ្លូវ​របស់​គណៈ​ក​មា្ម​ធិ​ការ​រៀបចំ​ការ​ប្រកួត​ប្រទេស​ធំ​ៗ​ដូច​ជា​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ហ្គេ​ម អាស៊ី​ហ្គេ​ម និង​ស៊ី​ហ្គេ​ម​ដែល​បណ្ដា​ប្រទេស​មួយ​ចំនួន​ធ្លាប់​ធ្វើ​និង​ទទួល​បាន​ជោគជ័យ​រួច​មក​ហើយ ។ លោក​បាន​កំណត់​រួច​ហើយ​ផែនទី​បង្ហាញផ្លូវ​ចាប់ពី​ឆ្នាំ​២០១៦​ដល់​២០២៤ ដែល​នៅ​ក្នុង​ឆ្នាំ​២០១៦ គឺជា​ឆ្នាំ​នៃ​ដំណាក់កាល​ធ្វើ​ផែនការមេ​ដែល​​សម្រេច​បាន​រួចរាល់​អស់ហើយ ។ ឆ្នាំ​២០១៧ ជា​ឆ្នាំ​សម្រេច​រៀបចំ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​ប្រកួត និង​ឆ្នាំ​២០១៨​យើង​រៀបចំ​ឱ្យ​មាន​អគ្គលេខាធិការដ្ឋាន និង​មានការ​ងារ​៣​ធំ​ៗ សំខាន់​ៗ​គឺ​ ៖

ទី ​១-​ដាក់​ឱ្យ​ដំណើរការ​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​។

ទី​២-​រៀបចំ​ពិនិត្យ​និង​កែសម្រួល អភិវឌ្ឍ​គុណភាព​កីឡា សមាសភាព​កីឡាករ កីឡាការិនី​គ្រូបង្វឹក អាជ្ញាកណ្ដាល​និង

ទី​៣-​ចាប់ផ្ដើម​ពិនិត្យ​មើល និង​រៀបចំ​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ឱ្យ​ការ​ប្រកួត
មាន​លក្ខណៈ​ស្តង់ដារ​អន្តរជាតិ​។ លោក​បញ្ជាក់​ថា ចំណុច​៣​ខាងលើ​ជា​គម្រោង​ធំ​ជាងគេ​ដែល​ត្រូវ​ចាប់ផ្ដើម​។

ដោយឡែក​នៅ​ក្នុង​ឆ្នាំ​២០១៩​នឹង​មានការ​ប្រកួត​ដ៏​ធំ​មួយ ដែល​ជា​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វី​លី​ពី​ន ដែល​ពេល​នោះ​គឺជា​ឱកាស​របស់​គណៈកម្មាធិការ និង​កីឡាករ កីឡាការិនី ធ្វើការ​វាស់​ស្ទង់​សមត្ថភាព​បច្ចេក​ទេស​លើក​ទី​១​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើកទី​៣២ ឆ្នាំ​២០២៣ ។ នៅ​ក្នុង​ឆ្នាំ​២០២១​ជា​ដំណាក់កាល​ចុង​ក្រោយ​ក្នុង​ការ​វាស់​ស្ទង់​សមត្ថ​ភាព បច្ចេកទេស​កីឡាករ​-​កីឡាការិនី ហើយ​ក៏​ជា​ឆ្នាំ​ដែល​ត្រូវ​ទៅ​ទទួល​ទង់​ផ្ទេរសិទ្ធិ​ពី​ម្ចាស់​ផ្ទះ​វៀតណាម​ដែល​មាន​សម្ដេច​ប្រធាន​ពិជ័យ​សេនា​ទៀ បាញ់ ជា​អ្នក​ទៅ​ទទួល​ទង់​នេះ​ដោយ​ផ្ទាល់ ។

លោក​បញ្ជាក់​ថា ឆ្នាំ​២០២១​ជា​ឆ្នាំ​ដែល​ត្រូវ​ធ្វើការ​វាយតម្លៃ​ចុង​ក្រោយ​ពី​សមាសភាព និង​ឆ្នាំ​២០២២​ជា​ឆ្នាំ​ចុង​ក្រោយ​ក្នុង​ការ​ប្រកួត​វាស់​ស្ទង់​សមត្ថភាព​គ្រប់​ប្រភេទ​កីឡា និង​ការ​វាយតម្លៃ​ក្រោយ​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​កាលពី​ឆ្នាំ​២០២១​កន្លង​មក ដែល​មាន​លក្ខណៈ​​អន្តរជាតិ និង​ត្រូវ​ហៅ​គេ​ឱ្យមក​ប្រកួត​នៅ​ស្រុក​យើង​ឱ្យ​បាន​ច្រើន ដូច​ជា​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​តាម​ប្រភេទ​កីឡា​នីមួយ​ៗ​ដើម្បី​បំពេញបន្ថែម​នូវ​អ្វី​ដែល​ខ្វះ​ខាត​​ទាំង​ការ​គ្រប់គ្រង ដឹកនាំ សមាសភាព​កីឡាករ កីឡាការិនី​ឱ្យ​បាន​រួចរាល់​៕

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ