អាជ្ញាធរ​ស្រុក​ព្រៃ​នប់​ចុះ​រុះរើ​ផ្ទះ​ឬ​រោង​ឈើ ដែល​ពលរដ្ឋ​សង់​លើ​ដី​ព្រៃ​លិច​ទឹក


ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​ចម្រុះ​របស់​រដ្ឋបាល​ស្រុក​ព្រៃ​នប់​ដឹកនាំ​ដោយ​លោក ព្រំ ប៊ុ​ន្នី នាយករង​រដ្ឋបាល​សាលាស្រុក រយៈពេល​២-៣​ថ្ងៃ នា​ស​ប្តា​ហ៍​ទី​៤ ខែមេសា ឆ្នាំ​២០១៨​នេះ បាន​ចុះ​រុះរើ​ផ្ទះ ឬ​រោង​សង់​ពី​ឈើ ដែល​ពលរដ្ឋ​បាន​សាងសង់ នៅ​លើ​ដី​ព្រៃ​លិច​ទឹក​ចំនួន​១៥​កន្លែង នៅ​តាម​បណ្តោយ​ព្រែក​កំពង់​ស្មាច់ ស្ថិត​ក្នុង​ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ដោយ​ចោទប្រកាន់​ថា ការ​សាងសង់​ផ្ទះ ឬ​រោង​ឈើ​នេះ​ជា​ការ​ទន្ទ្រាន​ដី​ព្រៃ​លិច​ទឹក និង​កាប់​ឆ្ការ​បំផ្លាញ​ព្រៃកោងកាង​ដែល ច្បាប់​បាន​ហាមឃាត់​។ ចំពោះ​ការ​សាងសង់​ផ្ទះ ឬ​ជា​រោង​ឈើ​នៅ​តាម​បណ្តោយ​ព្រែក​កំពង់​ស្មាច់​នេះ បើ​តាម​ពលរដ្ឋ​ម្ចាស់ សំណង់​ថា នេះ​ជា​ការ​សាងសង់​ផ្ទះ ឬ​រោង​ឈើ​ស្នាក់​នៅ​បណ្តោះអាសន្ន នៅ​ក្នុង​កន្លែង​ចិញ្ចឹម​ត្រី​បែប​វារីវប្បកម្ម​ជា​ឯកជន ដើម្បី​ដោះស្រាយ​ជីវភាព​តែ​ប៉ុណ្ណោះ មិន​ពាក់ព័ន្ធ​ដល់​ការ​កាន់កាប់​ដី​ព្រៃ​លិច​ទឹក​ទេ​។

ប៉ុន្តែ​អភិបាលស្រុក​ព្រៃ​នប់ លោក សរ កក្កដា បាន​ជំទាស់​មិន​ទទួលយក​ហេតុផល​នេះ​ឡើយ ដោយ​បាន​ចាត់​ទុក​ថា ការ​លើក​ឡើង​របស់​ពលរដ្ឋ ម្ចាស់​សំណង់​គ្រាន់តែ​ជា​លេស និង​ថា​ជា​ទ​ង្វើ​ខុសច្បាប់ ប្រសិនបើ​មិន​ទប់ស្កាត់​ទាន់​ពេល អាច​នឹង​មាន​បញ្ហា​រំលោភ កាន់កាប់​ដី​ព្រៃ​លិច​ទឹក ដែល​រដ្ឋបាល​ជលផល និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​កំពុង​ការពារ​អភិរក្ស​។ ជាមួយ​គ្នា​នេះ លោក​អភិបាលស្រុក ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ជួយ​សហការ ថែរក្សា​ធនធានធម្មជាតិ ទាំងអស់​គ្នា ហើយ​មុន​នឹង​ប្រកប​អាជីវកម្ម សូម​បងប្អូន​សុំ​ច្បាប់​អនុញ្ញាត​ទៅ​តាម​នីតិ​ជា​មុន​សិន​។

តាម​លោក ព្រំ ប៊ុ​ន្នី នាយករង​រដ្ឋបាល​សាលាស្រុក ដឹកនាំ​ក្រុម​កា​ងារ​ចុះ​ទៅ​ហាមឃាត់​នោះ​បាន​ឲ្យ​ដឹង​ថា រោង​សង់​ក្នុង​ទំនប់ សរុប​ទាំងអស់​១៥​ទីតាំង​ផ្សេង​ៗ​គ្នា ក្នុង​នោះ​មាន​រោង​ចំនួន​៥​សង់​បានជា​គ្រោង​ដោយ​មិន​មាន​កន្លែង​ចិញ្ចឹម​ត្រី និង​រោង​១០​ទីតាំង​ផ្សេង​ៗ​គ្នា​ទៀត ប្រក់​បាំង​រួចរាល់ និង​មាន​ទីតាំង​ចិញ្ចឹម​ត្រី​ក្នុង​នោះ​ដែរ មាន​៧​ទីតាំង​ដែល​ជាក់ស្តែង មាន​ត្រី​។ សូម​បញ្ជាក់​ថា ការ​កាប់​ទន្ទ្រានព្រៃ​លិច​ទឹក ព្រៃកោងកាង​ខាងក្នុង​ទំនប់​កា​ពារ​ទឹកប្រៃ​ក្នុង​តំបន់​ស្រុក​ព្រៃ​នប់ កំពុង​ប្រឈម​នឹង​ការ​ហិនហោច ហើយ​សកម្មភាព​នេះ បើ​មិន​មាន​វិធានការ​ជាក់លាក់​ណាមួយ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ទេ ជា​ពិសេស​អាជ្ញាធរ​ស្រុក នោះ​តំបន់​ព្រៃកោងកាង ព្រៃ​លិច​ទឹក​នៅ​តាម​ជួរ​ទំនប់​រាប់​សិប​គីឡូម៉ែត្រ​នឹង​ត្រូវ​បំផ្លាញ​គ្នាន​សល់​។ ជាក់ស្តែង​ដូច​ករណី​ខាងលើ​នេះ បើ​មិន​មាន​វិធា​ការ​តឹងរ៉ឹង​ណាមួយ​ពី​សំណាក់​អាជ្ញាធរ​នោះ​ទេ តំបន់​ព្រៃ​លិច​ទឹក ព្រៃកោងកាង ខៀវស្រងាត់​នឹង​អស់​គ្នាន​សល់​ឡើយ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ