អុកចត្រង្គ​កំពុង​ក្លាយជា​កីឡា​ពេញ​និយមលេង​តាម​តៀម​កាហ្វេ​ និង​ហាង​កាត់សក់


រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ កីឡា​អុកចត្រង្គ ដែល​គេ​និយម​ប្រើ​ពាក្យ​ថា លេង​អុក​ៗនោះ មានការ​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​តាម​តៀម​កាហ្វេ និង​ហាង​កាត់សក់ ដោយ​នៅ​កន្លែង​ខ្លះ​គេ​ឃើញ​ម្ចាស់​ហាង​ដាក់​អុក​ក្ដារ​តូច​ធំ​ ដើម្បី​ទាក់ទាញ​អ្នក​ចូល​ចិត្ត​លេង​ឱ្យ​ចេញចូល​ហាង​របស់​ខ្លួន ។ មាន​ហេតុផល​មួយ​ចំនួន​ដែល​នាំ​ឱ្យ​កីឡា​ប្រពៃណី​មួយ​នេះ​ពេញ​និយម​ខ្លាំង​នា​ពេល​បច្ចុប្បន្ន ក្នុង​នោះ​ការ​បង្កើត​ឱ្យ​មាន​ព្រឹត្តិ​ការណ៍​ប្រកួត​ដណ្ដើម​តំណែង​ស្ដេច​អុក​អង្គរ​សង្ក្រាន្ត​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ខ្មែរ​ក៏​ជា​ធាតុ​ផ្សំ​ទាក់​ទាញ​មួយ​មិន​អាច​ប្រកែក​បាន​ផងដែរ​។

ក្រុម​អ្នកមាន​ចំណូលចិត្ត​លេងអុក​ជា​ច្រើន​បានឱ្យ​ដឹង​ពី​មូលហេតុ​ស្រ​ដៀង​គ្នា​ថា ហេតុ​ផល​ដែល​នាំ​ឱ្យ​កីឡា​អុក​មានការ​ពេញ​និយម​លេង​ជា​ពិសេស​នៅ​តាម​តៀម​កាហ្វេ ហាង​កាត់សក់ និង​កន្លែង​មួយ​ចំនួន​ទៀត​នោះ​ដោយសារ​តែ​កីឡា​មួយ​នេះ​នៅ​ពេល​បាន​លេង​គឺ​មិនមែន​ត្រឹមតែ​ដើម្បី​កម្សាន្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បែកគំនិត​មាន​ការ​ចេះ​ដឹង​ច្រើន​ដែរ ជា​ពិសេស​គឺ​បែក​បញ្ញា​តែ​ម្ដង ។ អ្នក​បាន​ប្រឡូក​នឹង​ល្បែង​មួយ​នេះ​បាន​អះអាង​ថា លេង​អុក​​ចត្រង្គ​មិន​ខុស​ពី​លេង​ល្បែង​បញ្ញា ឬ​រៀន​ពី​ក្បួន​ធ្វើសង្គ្រាម​នោះ​ទេ ដោយសារ​តែ​ការ​លេងអុក គឺ​ត្រូវ​ប្រើ​គំនិត និង​ភាព​រហ័ស​នៃ​បញ្ញា បើ​មិន​ដូច្នោះ​ទេ គឺ​លេង​មិនកើត​។

លោក ឈាវ បូ​រ៉ា ដែល​ក្នុង​ពេល​នេះ​បាន​ក្លាយជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​អុក​ចត្រង្គ​​កម្ពុជា​បាន​អះអាង​ថា ក្នុង​ពេល​ដំបូង​លោក​គ្រាន់តែ​ជា​ក្មេង​ដែល​ចូល​ចិត្ត​មើល​គេ​លេងអុក​ប៉ុណ្ណោះ ប៉ុន្តែ​នៅ​ពេល​បាន​ប្រឡូក​ខ្លួនឯង​ទើប​ដឹង​ថា​ជក់​ហើយ​បែក​បញ្ញា ។

លោក​ថា អ្នក​មិន​ចេះ​លេងអុក​នឹង​គិត​ថា នេះ​ជា​កីឡា​ដែល​ធុញ​ព្រោះ​ចំណាយពេល​យូរ​ហើ​យ​មើលទៅ​មិន​គួរ​លេង ប៉ុន្តែ​នៅ​ពេល​បាន​លេង​មិនសូវ​មាន​អ្នក​ណា​ក្រោក​ចេញ​នោះ​​ទេ អ៊ីចឹង​ហើយ​ទើប​អ្នក​លេងអុក​រមែង​មាន​គ្នា​ច្រើន​នាក់​ដើម្បី​ផ្លាស់​ប្ដូរ​ដៃគូ​ការពារ​ភាគី​ម្ខាង​ណា​លែង​ចង់​លេង​បន្ត គឺ​ត្រូវ​មាន​អ្នក​ចូល​លេង​ជំនួស ហើយ​បើ​ប៉ះ​គូប្រកួត​ដែល​លេង​កាន់តែ​ខ្លាំង​គឺ​កាន់តែ​ជក់ចិត្ត និង​ចង់​លេង​ភ្លេច​បាយ​ភ្លេច​ទឹក​ក៏​មាន​។

ជាក់ស្ដែង​បទ​ចម្រៀង​«​សម្ល​កូនអុក​»​គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា ល្បែង​អុក​ពេញ​និយម​​រហូត​​ភ្លេច​បាយ​ភ្លេច​ទឹក ដោយសារ​តែ​ល្បែង​មួយ​នេះ បើ​អ្នក​ណា​ចេះ​លេង ហើយ​មាន​គ្នា​​លេង គឺ​លេង​ជក់​តែ​ម្ដង ដែល​អាច​និយាយ​បាន​ថា​កីឡា​មួយ​នេះ លេង​ហើយ​មិន​ចង់​ងើប ។ គាប់​ជួន​ជា​អ្នកលេង​ភាគច្រើន​ចាប់ផ្ដើម​ភ្នាល់​ប្រាក់ និង​ចង់​ល្បង​បញ្ញា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក​ផង ទើប​លោក​ថា អ្នក​បាន​លេងអុក គឺ​ដឹង​តែ​ជាប់ចិត្ត​ក្រោក​លែង​រួច​មិន​ខុស​ពី​ការ​ញៀន​ញ៉ាម ។

យ៉ាងណាមិញ​លោក​ថា អ្នក​លេងអុក​ភាគច្រើន​មិន​សុទ្ធតែ​ដើម្បី​ភ្នាល់​​ដាក់​លុយ​នោះ​ទេ តែ​ជា​ការ​ភ្នាល់​បញ្ញា​ច្រើន​ជាង ទើប​ឱ្យ​តែ​ដល់​ម៉ោង​ម្ដង​ៗ គឺ​មិន​ខ្វះ​អ្នក​ចង់​លេង ។ ដូច​ជា​ករណី​រូប​លោក ក្នុង​ពេល​ចេញលេង​ដំបូង​ៗ គឺ​គ្រាន់តែ​លេង​ជាមួយ​អ្នកចេះ​លេង​ធម្មតា​ៗ​ប៉ុណ្ណោះ ប៉ុន្តែ​ដល់​ពេល​ចាប់ផ្ដើម​ចេះ​ស្ទាត់ ហើយ​បាន​ឈ្នះ​អ្នកចេះ​លេង​យូរ​ៗ​ម្ដង គឺ​មិន​ខុស​ពី​ស្មៅ​យោង​ជើង​បន់​ឱ្យ​តែ​ដល់​ម៉ោង​ន្អា​ល​រក​គូប្រកួត​មក​លេង​ជាមួយ​តែ​ម្ដង ។

លោក​ថា លេងអុក គឺ​ដូច​ជា​រៀប​ក្រឡា​សង្គ្រាម និង​រៀប​ផែនការ​អ្វីមួយ​ទាំងស្រុង ដោយ​ត្រូវ​ប្រើ​បញ្ញា​ទប់​សត្រូវ ទប់​ឧបសគ្គ​លើ​គ្រប់​ចំណុច បើ​ខុស​តែ​មួយ​ក្រឡា​គឺ​នឹង​ចាញ់​តែ​ម្ដង ទើប​តម្រូវ​ឱ្យ​អ្នកលេង​គិតគូរ​ខ្លាំង​ណាស់ ហើយ​មិន​ខុស​ពី​ភ្នាល់​បញ្ញា​លើ​ក្ដារ​តូច​មួយ​។

លោក ប៊ិ​ន គា​សេង កីឡាករ​ជម្រើសជាតិ​នា​ពេល​បច្ចុប្បន្ន ក៏​បាន​បង្ហើប​ថា ហេតុផល​នៃ​ការ​លេងអុក​ក្នុង​ពេល​ជួបជុំ ក៏​ដោយសារ​តែ​ចង់​ល្បង​បញ្ញា​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក និង​ចង់​បំបែក​ក្រឡា​ឱ្យ​ចេះ​ដើរ​កាន់តែ​ច្រើន​នៅ​ពេល​ដោះ​ដូរ​ដៃគូ​នោះ​ដែរ ។ លោក​ថា អ្នក​បាន​ប្រឡូក​នឹង​កីឡា​មួយ​នេះ​មិន​ថា​កីឡាករ​អាជីព ឬ​មិន​អាជីព​សុទ្ធតែ​ចង់​ឈ្នះ​ដើម្បី​បង្ហាញ​ពី​ភាព​ប៉ិន​ប្រសប់​របស់​ខ្លួន​នៅ​ក្នុង​ល្បែង​មួយ​នេះ​មិន​ខុស​គ្នា​ទេ ទើប​អ្នកលេង​ភាគច្រើន គឺថា​ជាប់ចិត្ត ហើយ​លេង​យ៉ាង​ងប់ងុល​នៅ​ពេល​បាន​ជួប​អ្នកចេះ​លេង​ដូច​គ្នា​ម្ដង​ៗ ។ អ្នកខ្លះ​តែងតែ​យក​តៀម​កាហ្វេ ហាង​កាត់សក់ ធ្វើ​ជាទី​កន្លែង​ជួបជុំ​គ្នា​លេង​​ដោយ​សារ​ម្ចាស់​ហាង​មាន​ក្ដារអុក​ច្រើន​ដាក់​ឱ្យ​លេង​ដើម្បី​ទាក់ទាញ​ចាប់តាំងពី​កីឡា​មួយ​នេះ​កាន់តែ​ពេញ​និយម ។ មក​ទល់​ពេល​នេះ លោក​ថា កីឡា​អុក​កាន់តែ​មាន​អ្នក​ចង់​លេង​ច្រើន មាន​អ្នកចេះ​ស្ទាត់​ច្រើន ហើយ​ក៏​មិន​ខ្វះ​ដៃគូ​ល្អ​ផង​ដែរ ទើប​កីឡា​មួយ​នេះ​កាន់​តែ​ផុសផុល​ខ្លាំង​នៅ​តាម​តៀម​កាហ្វេ និង​ហាង​កាត់សក់​ជា​ពិសេស​នៅ​ម្ដុំ​ជុំវិញ​ស្ដា​ត​អូ​ឡាំ​​ពិ​ក ម្ដុំ​ផ្សារ​ដេប៉ូ និង​ម្ដុំ​មុខ​សាលា​បាក់​ទូក​ជាដើម ។

លោក​ថា អ្នកចេះ​អុក​ស្ទាត់​មិន​មែន​អត់​ប្រយោជន៍​ដូច​មុន​នោះ​ទេ​គឺ​អាច​លេង​បំបែក​គំនិត​បាន​កាន់តែ​ល្អ អាច​ឈ្នះ​ពី​ការ​លេង​ភ្នាល់ និង​សំខាន់​គឺ​បាន​បង្ហាត់​បន្ត ចាប់តាំងពី​មានការ​បើក​កន្លែង​បណ្ដុះបណ្ដាល​លេងអុក​។ លោក​ធ្លាប់​បង្ហើប​ក្នុង​បទ​សម្ភាសន៍​ថា អ្នកចេះ​អុក​ស្ទាត់​បើ​ទោះជា​លេង​ជាមួយ​គេ​ដោយ​មិន​ភ្នាល់​ដាក់​លុយ ក៏​អាច​ភ្នាល់​យក​កាហ្វេ​បាយ​ព្រឹក​បាន​ដែរ ទើប​លោក​យល់​ថា អ្នក​ចូល​ចិត្ត​លេង​កាន់តែ​ច្រើន​ខុស​ពី​មុន​។

គួរ​បញ្ជាក់​ថា លោក​អគ្គលេខាធិការ​សហព័ន្ធកីឡា​អុកចត្រង្គ​កម្ពុជា ឈាវ បូ​រ៉ា បញ្ជាក់​ថា កីឡា​មួយ​នេះ​កាន់តែ​មានការ​រីក​ចម្រើន​ជាង​មុន ដោយ​លោក និង​អ្នកលេង​ស្ទាត់​ទាំង
អស់​បាន​បង្កើត​ផែនការ​បណ្ដុះ​អ្នកជំនាញ​សម្រាប់​ផែនការ​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ក្នុង​ឆ្នាំ​២០២៣​នៅ​កម្ពុជា​នោះ​ផង ។ លោក​ថា នេះ​ជា​កីឡា​ប្រពៃណី​របស់​ខ្មែរ​ដែល​រំពឹង​ទទួល​បាន​មេដាយ​ពី​ការ​ប្រកួត​ច្រើន ខណៈ​ដែល​ប្រទេស​ដែល​ត្រូវ​មក​ចូលរួម​ប្រកួត ក៏​បាន​មក​ទទួល​ការ​បណ្ដុះបណ្ដាល​ជំនាញ​លេងអុក​ពី​អ្នកជំនាញ​កម្ពុជា​ជា​ការ​ត្រៀមខ្លួន​ទុក​មុន​ដែរ ។ លោក​បាន​បន្ថែម​ថា ថ្មី​ៗ​កន្លង​ទៅ​នេះ សហព័ន្ធ​បាន​ទទួល​ការ​អនុញ្ញាត​ពី​ក្រសួង​អប់រំ យុវជន និង​កីឡា​រៀបចំ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ជា​លើក​ដំបូង​របស់​ខ្លួន​ដើម្បី​សម្រិតសម្រាំង​កីឡាករ​ជម្រើសជាតិ ហើយ​ជា​លទ្ធផល​សហព័ន្ធ​ជ្រើសរើស​បាន​កីឡាករ​ខ្លាំង​ៗ​ចំនួន​៦​រូប គ្រូ​បង្គោល​១​រូប និង​គ្រូ​ជំនួយ​១​រូប​។

បច្ចុប្បន្ន សហព័ន្ធ​មាន​ក្លិប​ចំនួន​៨ ក្នុង​នោះក្លិប​ចំនួន​២​នៅ​ខេត្តសៀមរាប និង​កំពត និង​រាជធានី​ភ្នំពេញ​មាន​៦​ក្លិប ។ ម្ចាស់​ជ័យ​លា​ភី​ស្តេច​អុកចត្រង្គ​អង្គរ​សង្ក្រាន្ត​ពីរ​សម័យ​កាល​កាលពី​ឆ្នាំ​២០១៤ និង​២០១៥​រូប​នេះ បញ្ជាក់​ថា ប្រភេទ​កីឡា​អុកចត្រង្គ​ជា​កីឡា​ប្រពៃណី​មួយ ដែល​ប្រជាជន​ខ្មែរ​និយម​ចូល​ចិត្ត​លេង​ច្រើន​ស្ទើរតែ​នៅ​គ្រប់កន្លែង​ជា​ពិសេស​​នៅ​តាម​តៀម​កាហ្វេ ហាង​កាត់សក់ ឬ​ហាង​តូច​ៗ​ក៏​មាន​អុក​លេង​ដែរ ។ ដូច្នេះ​ទៅ​ថ្ងៃ​អនាគត​លោក​សង្ឃឹមថា នឹង​អាច​ជ្រើសរើស​ធនធាន​កីឡាករ​ល្អ​ៗ​បាន​ច្រើន ខណៈ​​សហព័ន្ធ​មាន​គម្រោង ជ្រើសរើស​កីឡាករ​ជម្រើសជាតិ​បន្ថែម​ទៀត​នៅ​ឆ្នាំ​២០១៩​ខាង​មុខ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ