ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំណូល​ពី​ការ​លក់​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ត្រីមាស​ទី​១កើន​ជាង២៨%

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ត្រីមាស​ទី​១​ដើមឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​ជិត​៨៦​ម៉ឺន​នាក់ នាំ​ចំណូល​ដល់​គ្រឹះស្ថាន​អង្គរ​ជាង​៣៩,៦​លាន​ដុល្លារ កើនឡើង​ជាង​២៨% ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ ។ របាយការណ៍​បង្ហាញ​ថា…

រាជធានី​ភ្នំពេញ ៖ ក្នុង​ត្រីមាស​ទី​១​ដើមឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​ជិត​៨៦​ម៉ឺន​នាក់ នាំ​ចំណូល​ដល់​គ្រឹះស្ថាន​អង្គរ​ជាង​៣៩,៦​លាន​ដុល្លារ កើនឡើង​ជាង​២៨% ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ ។

របាយការណ៍​បង្ហាញ​ថា រយៈពេល​៣​ខែ​ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ​នេះ ភ្ញៀវ​ទេសចរ​បរទេស​ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​មួយ​នេះ មាន​ចំនួន​៨៥៨.៥៨០​នាក់ កើនឡើង​១២,៣៦% បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧ មាន​ចំនួន​៧៦៤.១៤៦​នាក់ ។ ក្នុង​នោះ គ្រឹះស្ថាន​អង្គរ​រក​ចំណូល​សរុប​បាន​ចំនួន​៣៩.៦៥៦.៨១០​ដុល្លារ កើនឡើង​២៨,៥២% បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៧ មាន​ចំនួន​៣០.៨៥៥.៨៥៥​ដុល្លារ ។

ទោះ​យ៉ាងនេះ​ក្ដី បើ​គិត​តាម​ខែ​នីមួយ​ៗ​វិញ​ឃើញ​ថា ខែមីនា​មានការ​ថមថយ​បន្ដិច ទាំង​ចំនួន​ភ្ញៀវ និង​ចំណូល បើ​ធៀប​នឹង​ខែមករា និង​កុម្ភៈ ។

របាយការណ៍​បញ្ជាក់​ថា ក្នុង​ខែមករា គ្រឹះស្ថាន​អង្គរ​លក់​ប័ណ្ណ​ដល់​ភ្ញៀវ​បរទេស​មាន​ចំនួន​ជាង​២៩,៤​ម៉ឺន​នាក់ ទទួល​បាន​ចំណូល​សរុប​ជាង​១៣​លាន​ដុល្លារ និង​ខែកុម្ភៈ លក់​បាន​ជាង​២៩,៥​ម៉ឺន​នាក់ ទទួល​បាន​ចំណូល​ជាង​១៤​លាន​ដុល្លារ ខណៈ​ខែមីនា លក់​បាន​ជាង​២៦,៨​ម៉ឺន​នាក់ ទទួល​បាន​ចំណូល​ត្រឹមតែ​ជាង​១២​លាន​ដុល្លារ​ប៉ុណ្ណោះ ។ ក្នុង​នោះ ភ្ញៀវ​ចិន​ឈរ​លំដាប់​លេខ​១ មាន​ចំនួន​ជាង​១០​ម៉ឺន​នាក់ តាម​ពីក្រោយ​ដោយ​កូរ៉េ​ខាងត្បូង​មាន​ចំនួន​ជាង​២,២​ម៉ឺន​នាក់ និង​ភ្ញៀវ​អា​មេ​រិ​ក​ស្ថិត​ក្នុង​លំដាប់​លេខ​៣ មាន​ជាង​១,៧​ម៉ឺន​នាក់ ខណៈ​អង់គ្លេស និង​ជប៉ុន តាម​ប្រកៀក​ប្រកិត​គ្នា មាន​ចំនួន​ជាង​១,៥​ម៉ឺន​នាក់​ដូច​គ្នា ឈរ​នៅ​លេខ​រៀង​បន្ដបន្ទាប់ ។

កំណើន​នៃ​ភ្ញៀវ​ទេសចរ​បរទេស​ចូល​មក​ទស្សនា​ទឹកដី​ប្រវត្តិសាស្ត្រ​មួយ​នេះ បាន​បង្ហាញ​ពី​ទំនុកចិត្ត​របស់​ពួក​គេ​មក​លើ​ស្ថានភាព និង​ស្ថិរភាព​ក្នុង​ប្រទេស ក៏​ដូច​ជាស​បញ្ជាក់​ពី​ភាព​ល្បីល្បាញ​នៃ​សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ​របស់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ស្រប​ពេល​ដែល​រាជរដ្ឋាភិបាល​បាន​កំណត់​យក​ទេសចរណ៍ ជា​វិស័យ​អាទិភាព​មួយ​សម្រាប់​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ ក៏​ដូច​ជា​ការ​អភិវឌ្ឍ​សង្គម ខណៈ​វិស័យ​មួយ​នេះ​បាន​ផ្ដល់​ចំណូល​រាប់​ពាន់​លាន​ដុល្លារ និង​បង្កើត​ការងារ​រាប់​សិប​ម៉ឺន​នាក់​ដល់​កូន​ខ្មែរ​ក្នុង​១​ឆ្នាំ​ៗ ។

តាម​របាយការណ៍​ក្របខ័ណ្ឌ​គោលនយោបាយ​ម៉ាក្រូសេដ្ឋកិច្ច វិស័យ​ទេសចរណ៍​ត្រូវ​បាន​រំពឹង​ថា នឹង​បន្ត​ងើបឡើង​ក្នុង​អត្រាកំណើន​៤,៥%​ក្នុង​ឆ្នាំ​២០១៨ និង​៤,៧%​ក្នុង​ឆ្នាំ​២០១៩ ដោយសារ​កំណើន​ខ្ពស់​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ជា​ពិសេស​ទេសចរ​ពី​តំបន់​អាស៊ី គួប​ផ្សំ​នឹង​ការ​ខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​ផ្សព្វផ្សាយ​, ការ​លើកទឹកចិត្ត​ឲ្យ​មានការ​បើក​ជើងហោះហើរ​ត្រង់ និង​ការ​ដាក់​ចេញ​នូវ​គោលនយោបាយ​នានា ក្នុង​គោលបំណង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បន្ថែម ។ ជាមួយ​គ្នា​នេះ ការ​ធ្វើ​ពិពិធ​កម្ម​ផលិតផល និង​គោលដៅ​ទេសចរណ៍ ព្រមទាំង​ការ​ទាក់ទាញ​ភ្ញៀវ​ឲ្យ​ចំណាយ​ខ្ពស់ នៅ​តែ​ជា​ប្រការ​ចាំបាច់ និង​បន្ទាន់ សំដៅ​ធានា​ចីរភាព​កំណើន​នៃ​វិស័យ​នេះ ដើម្បី​បន្ត​តួនាទី​ជាជ​ន្ទ​ល់​ដ៏​សំខាន់​មួយ ​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ចជាតិ​។

ទន្ទឹម​នឹង​នេះ រាជរដ្ឋាភិបាល​បាន​ជំរុញ​ដល់​សហគ្រាស​ធុន​តូច និង​មធ្យម ត្រូវ​ចូលរួម​កែ​ច្នៃ និង​ផលិត​វត្ថុ​អនុស្សាវរីយ៍​ឲ្យ​កាន់តែ​សម្បូរ​បែប ដើម្បី​លក់​ជូន​ភ្ញៀវ​ទេសចរ ប្រសើរ​ជាង​នាំ​ចូល​ពី​បរទេស លក់​ជូន​ភ្ញៀវ​បរទេស ។
លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​ក្នុង​វេទិកាសាធារណៈ​កាលពី​ពេល​កន្លង​មក​ថា កម្ពុជា​មាន​សក្ដានុពល​យ៉ាងច្រើន​លើ​វិស័យ​ទេសចរណ៍ ។ ដូច្នេះ ដើម្បី​ឆ្ពោះទៅ​រក​ទេសចរណ៍​ដែល​មាន​តម្លៃ​ខ្ពស់ កម្ពុជា​ត្រូវ​បង្កើត​តម្លៃបន្ថែម​តាម​រយៈ​ម្ហូបអាហារ​, សណ្ឋាគារ និង​ការ​វិនិយោគ​លើ​យន្ដហោះ​ខ្លួនឯង​ជាដើម ។ ជាមួយ​គ្នា​នេះ សហគ្រាស​ធុន​តូច និង​មធ្យម គួរ​បង្កើត និង​ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្លួនឯង និង​មិន​គួរ​នាំ​ចូល​ពី​បរទេស​នោះ​ទេ ។

លោក​សង្កត់ធ្ងន់​ថា ៖« វត្ថុ​អនុស្សាវរីយ៍​នេះ យើង​គួរតែ​ធ្វើ​ខ្លួនឯង គេ​[​ទេសចរ​]​មក​ស្រុក​ខ្មែរ បែរជា​ទិញ​របស់​ចិន វៀតណាម ថៃ ទៅ​វិញ វា​មិន​គួរ​សោះ ។ ដូច្នេះ​រដ្ឋ​ត្រូវ​ដោះស្រាយ​រឿង​នេះ » ។

កាលពី​ឆ្នាំ​២០១៧ កម្ពុជា​ទទួល​បាន​ទេសចរ​អន្តរ​ជាតិប្រមាណ​៥,៦​លាន​នាក់ កើនឡើង​១១,៨% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ផ្ដល់​ចំណូល​ដល់​កម្ពុជា​ប្រមាណ​៣,៧​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កើនឡើង​១៣,៣% ដែល​បាន​រួមចំណែក​ប្រមាណ​១២,៣% នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​កម្ពុជា និង​តំណាង​ឲ្យ​ប្រមាណ​៣០% នៃ​វិស័យ​សេវាកម្ម​នៅ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ