ប្រធានាធិបតីទើបជាប់ឆ្នោតកូរ៉េខាងត្បូងលោកស្រីPARK GEUN-HYE នឹងជួបនាសប្តាហ៍ខាងមុខនេះនៅទីក្រុងសេអ៊ូលជាមួយមេដឹកនាំប្រឆាំងភូមា លោកស្រីអ៊ួងសាន់ស៊ូជី ។នេះជាការអះអាងរបស់អ្នកនាំពាក្យលោកស្រីដូចការអះអាងនាពេលមុននេះរបស់បណ្តាម៉ាស៊ីនឃោសនា ។
អ្នកនាំពាក្យរូបនោះលោកស្រីប៉ាក ស៊ុនក្យូ ក្នុងសន្និសីទសារព័ត៌មានមួយគូសបញ្ជាក់ថា កំពូលនារីទាំង២រូបនេះនឹងជួបគ្នានាថ្ងៃទី២៩ មករា ក្នុងឱកាសនៃទស្សនកិច្ចរយៈពេល៥ថ្ងៃនៅកូរ៉េខាងត្បូងរបស់លោកស្រីអ៊ួងសាន់ស៊ូជី មេដឹកនាំប្រឆាំងភូមាដែលជាប់ឆ្នោតចូលសភាកាលពីឆ្នាំ២០១២ ។ ការជួបគ្នានេះឆ្លុះបញ្ជាំងពីសារសំខាន់យ៉ាងធំ និងមានអត្ថន័យជានិមិត្តរូបព្រោះនោះជាការជួបគ្នារវាងនារីអ្នកនយោបាយអាស៊ីសំខាន់២រូប ។
លោកស្រីស៊ូជីត្រូវមកដល់កូរ៉េខាងត្បូងនាថ្ងៃទី២៨ មករា ខាងមុខនេះដើម្បីចូលរួមក្នុងពិធីបើកការប្រកួតកីឡាអូឡាំពិកពិសេសរដូវរងាដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៩ មករា ទៅថ្ងៃទី៥ កុម្ភៈក្នុងទីក្រុងតំបន់ភ្នំ PYEONGCHANG ។យោងតាមអ្នកនាំពាក្យរូបនោះថា លោកស្រីស៊ូជីនឹងស្នើសុំការណែនាំនានាអំពីលទ្ធិប្រជាធិបតេយ្យ ឧស្សាហូបនីយកម្ម និងសាកលភាវូនីយកម្មដោយសារបទពិសោធន៍របស់កូរ៉េខាងត្បូងរយៈពេលប៉ុន្មានទសវត្សចុងក្រោយនេះ ។
កំពូលនារីទាំង២រូបនេះមានអតីតកាលប្រហាក់ប្រហែលគ្នាដោយឪពុករបស់លោកស្រីPARK គឺអតីតប្រធានាធិបតីលោកប៉ាកជុងហ៊ី PARK CHUNG-HEE ត្រូវបាញ់សម្លាប់ដោយប្រមុខភ្នាក់ងារសម្ងាត់របស់លោកកាលពីឆ្នាំ១៩៧៩ ចំណែកឪពុកលោកស្រីអ៊ួងសាន់ស៊ូជី ឧត្តមសេនីយ៍អ៊ួងសាន់ វីរបុរសឯករាជភាពជាតិត្រូវធ្វើឃាតដោយពួកប្រឆាំងកាលពីឆ្នាំ១៩៤៧៕
ចែករំលែកព័តមាននេះ