រាជធានីភ្នំពេញ ៖ បុរសម្នាក់ធ្លាក់ពីលើដំបូលរថយន្តដឹកសីុម៉ងត៍ ហើយត្រូវរថយន្តផ្សេងមួយគ្រឿងទៀតបើកមកពីក្រោយកិនថែមបណ្តាលឱ្យស្លាប់ភ្លាមៗកាលពីវេលាម៉ោង៦និង៣០នាទីយប់ថ្ងៃទី៨ ខែមេសា ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៣ ភូមិអង្គត្រគៀត សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ កម្មកររងគ្រោះឈ្មោះ ភួន រ៉ាត អាយុ៣១ឆ្នាំ ជាអ្នកបើករថយន្តកុងតឺន័រ រស់នៅភូមិត្រើង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
តាមអ្នកឃើញហេតុការណ៍បាននិយាយថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះលើដំបូលរថយន្តដឹកស៊ីម៉ងត៍មិនចាំផ្លាកលេខបើកបរតាមបណ្តោយផ្លូវជាតិលេខ៣ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចខាងលើ ជនរងគ្រោះបានរបូតដៃធ្លាក់ពីលើរថយន្តបោកខ្លួននឹងថ្នល់ ហើយត្រូវបានរថយន្តមួយគ្រឿងផ្សេងទៀត មិនចាំម៉ាកបើកមកពីក្រោយកិនបន្ថែមរងរបួសធ្ងន់ធ្ងរ រីឯរថយន្តទាំងពីរគ្រឿងនោះមិនបានឈប់ទេ បានបន្តដំណើរទៅមុខបាត់អស់ ។ ចំណែកជនរងគ្រោះនៅមានជីវិតបានបោយដៃហៅឱ្យគេឯងជួយ ឃើញដូច្នោះអ្នកនៅក្បែនោះបានជួយលើកដាក់លើចិញ្ចើមផ្លូវក៏បានដាច់ខ្យល់ស្លាប់បាត់ទៅ ។
បើតាមក្រុមគ្រួសារបាននិយាយថា មុនពេលកើតហេតុជនរងគ្រោះបានជិះរថយន្តជាមួយមិត្តភក្តិទៅយកស៊ីម៉ងត៍នៅខេត្តព្រះសីហនុពេលត្រឡប់មកវិញ មកដល់ចំណុចវត្តស្លែង ក្នុងសង្កាត់ពងទឹក ខណ្ឌដង្កោ មិត្តភក្តិជាអ្នកបើកបរបានឈប់រថយន្តដើម្បីយកលុយទៅវេរ ស្រាប់តែមកដល់រថយន្តវិញមិនឃើញជនរងគ្រោះក៏បានទូរស័ព្ទប្រាប់ក្រុមគ្រួសារ។ ក្រុមគ្រួសារមានការឆ្ងល់ថា ចុះរថយន្តឈប់នៅក្បែរវត្តស្លែង ហេតុម្ដេចក៏ជនរងគ្រោះមកស្លាប់នៅជិតរង្វង់មូលចោមចៅទៅវិញ នេះប្រហែលជារបូតដៃធ្លាក់ពីលើដំបូលរថយន្តមកលើថ្នល់ ដោយអ្នកបើកបរមិនបានដឹងទេ ។ សពត្រូវក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យតាមពៃណី ៕
ចែករំលែកព័តមាននេះ