រាជធានីភ្នំពេញ ៖ ក្រុមការងារ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បើកធ្វើការប្រជុំត្រៀមរៀបចំធ្វើសមាជរដ្ឋសភា-ព្រឹទ្ធសភា ដែលនឹងប្រព្រឹត្តធ្វើឡើងនៅដើមខែមិថុនា ខាងមុខនេះ នៅវិមានរដ្ឋសភា ដើម្បីលើកយកបញ្ហាមកពីភាក្សា ។
កិច្ចប្រជុំត្រៀមនេះ បានធ្វើឡើងនៅវិមានរដ្ឋសភា នារសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ដឹកនាំដោយឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងរដ្ឋសភាប្រចាំការ និងជានាយកខុទ្ទកាល័យ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ។
សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅក្នុងសម័យប្រជុំពេញអង្គព្រឹទ្ធសភា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បានលើកឡើងពីគម្រោងធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភា នាពេលខាងមុខ ដែលស្របទៅនឹងច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីលើកយកបញ្ហាសំខាន់ៗ មកពិភាក្សាគ្នា ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សមាជនេះគឺជាការរួមចំណែករបស់អង្គនីតិប្បញ្ញត្តិ ទាំងពីរថ្នាក់ ជាមួយកិច្ចការទូទៅរបស់រដ្ឋាភិបាលកម្ពុជា។
ធ្លាប់ប្រាប់ក្រុមអ្នកព័ត៌មាន នាពេលកន្លងមកឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា សមាជនៅពេលខាងមុខ នឹងលើកយកប្រធានបទ៣សំខាន់ៗ ក្នុងការពិភាក្សាអង្គសមាជនោះ រួមមាន ៖ ទី១. វិស័យកសិកម្ម ទី២. វិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងទី៣. ប្រព័ន្ធគាំពារសង្គម ។
អ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងយ៉ាងដូច្នេះថា «អ៊ីចឹងប្រធានបទទាំង៣ នឹងក្លាយជាប្រធានបទដ៏សំខាន់ ក្នុងអង្គសមាជខាងមុខ ហើយខ្ញុំសុំបញ្ជាក់ថា ចំពោះសមាជរដ្ឋសភា និងព្រឹទ្ធសភានេះ គឺធ្វើឡើងទៅតាមរដ្ឋធម្មនុញ្ញកម្ពុជារបស់យើង ដែលមានចែង ក្នុងមាត្រា១១៦ថ្មី និង១១៧ថ្មី ហើយក៏មានកំណត់យ៉ាងច្បាស់នៅក្នុងច្បាប់ស្ដីអំពី ការរៀបចំនិងការប្រព្រឹត្តទៅនៃសមាជរដ្ឋសភា ព្រឹទ្ធសភា ដែលបានអនុម័តកាលពីឆ្នាំ២០១០ដែរ» ។
បើតាមការលើកឡើងរបស់អ្នកនាំពាក្យដដែលបានលើកឡើងថានៅក្នុងមាត្រា២ គឺបានបញ្ជាក់យ៉ាងច្បាស់ថា សមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាការប្រជុំរួមគ្នានៃសមាជិករដ្ឋសភា និងព្រឹទ្ធសភា ដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់ប្រទេសជាតិក្នុងករណីចាំបាច់។ ដូច្នេះគម្រោងនៃការកំណត់ខ្លឹមសាររបស់អង្គសមាជនេះ ក៏ស្របទៅនឹងប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា លើកឡើងថា សមាជរបស់រដ្ឋសភា-ព្រឹទ្ធសភា ដើម្បីប្រមូលធាតុផ្សំក្នុងការចូលរួមចំណែក ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រទេសជាតិ ។
ឯកឧត្តមបាន គូសបញ្ជាក់ថា នៅក្នុងរដ្ឋធម្មនុញ្ញ និងនៅក្នុងច្បាប់ស្ដីពី ការរៀបចំនិងប្រព្រឹត្តទៅនៃសមាជរដ្ឋសភា និងព្រឹទ្ធសភា ក្នុងមាត្រា៤ បានកំណត់ថា ប្រធានព្រឹទ្ធសភាគឺជាប្រធាននៃអង្គសមាជ ៕
ចែករំលែកព័តមាននេះ